សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតបានផ្ដល់សំណើម្ដងហើយម្ដងទៀតដល់ប្រទេសថៃក្នុងការផ្ដល់ទីជម្រកដល់ជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) ចំនួន ៤០ នាក់ មុនពេលពួកគេត្រូវបានបញ្ជូនចេញទៅប្រទេសចិនវិញ ដែលនៅទីនោះ ក្រុមអ្នកការពារសិទ្ធិមនុស្សបារម្ភថាពួកគេអាចប្រឈមនឹងការធ្វើទារុណកម្មនិងការរំលោភបំពានផ្សេងៗ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅនេះ។
ជាតិសាសន៍អ៊ុយហ្គ័រទាំងនេះបានជាប់ឃុំនៅក្នុងប្រទេសថៃតាំងពីឆ្នាំ ២០១៤ មក បន្ទាប់ពីពួកគេបានរត់គេចពីការជិះជាន់របស់រដ្ឋាភិបាលចិននៅក្នុងតំបន់ Xinjiang នៅភាគពាយព្យប្រទេសចិន។ ពួកគេត្រូវបានគេបញ្ជូនចេញយ៉ាងប្រញាប់ប្រញាល់ដោយសម្ងាត់ពីមន្ទីរឃុំឃាំងនៅក្នុងទីក្រុងបាងកកកាលពីចុងខែកុម្ភៈ។
ក្រសួងការបរទេសអាមេរិកបានឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារ AP ថា៖ «យើងបានធ្វើការជាមួយប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីបញ្ចៀសស្ថានការណ៍នេះ ដែលក្នុងនោះរួមមានទាំងការស្នើម្ដងហើយម្ដងទៀតជាប់ជានិច្ចក្នុងការផ្ដល់ទីជម្រកដល់ជាតិសាសន៍អ៊ុយហ្គ័រទាំងនោះនៅក្នុងប្រទេសផ្សេង ដែលក្នុងនោះពេលខ្លះគឺនៅសហរដ្ឋអាមេរិកផងដែរ»។
កាលពីដើមខែមីនា អនុរដ្ឋមន្ត្រីការបរទេសថៃលោក Russ Jalichandra បាននិយាយថា នៅពេលនោះមិនមានសំណើម៉ឺងម៉ាត់ណាមួយក្នុងការទទួលយកជាតិសាសន៍អ៊ុយហ្គ័រទាំងនេះទេ។
លោកបានប្រាប់អ្នកកាសែតថា៖ «ប្រសិនបើប្រទេសទីបីណាមួយពិតជាចង់ទទួលយកពួកគេមែន ប្រទេសនោះគួរតែចរចាជាមួយនឹងចិនផងដែរដើម្បីឱ្យប្រទេសថៃអាចបញ្ជូនពួកគេទៅប្រទេសនោះបាន»។
ក្រសួងការបរទេសអាមេរិកបានរិះគន់លើការសម្រេចចិត្តរបស់ប្រទេសថៃនេះ ដោយថាវាជាការរំលោភលើការប្ដេជ្ញាចិត្តរបស់ប្រទេសនេះនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម។ ក្រសួងនេះបានបន្ថែមថា សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតមិនត្រូវការការអនុញ្ញាតពីរដ្ឋាភិបាលចិនក្នុងការផ្ដល់សិទ្ធិជ្រកកោនដល់ជាតិសាសន៍អ៊ុយហ្គ័រទាំងនោះទេ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ដូច្នេះថា៖ «កាតព្វកិច្ចនៅក្នុងការធានាថាបុគ្គលដែលស្ថិតក្នុងហានិភ័យនៃការធ្វើទុក្ខបុកម្នេញឬការធ្វើទារុណកម្មនឹងមិនត្រូវបានបញ្ជូនត្រឡប់ទៅវិញគឺជាអ្វីដែលមិនអាចចរចាបានទេជាមូយនឹងប្រទេសដែលធ្វើទុក្ខបុកម្នេញនោះ»។
ក្រសួងនេះបានលើកឡើងដោយមិនផ្ដល់សេចក្ដីលម្អិតថា «សម្ព័ន្ធមិត្តនិងដៃគូជាច្រើន» បានចូលរួមក្នុងផែនការផ្ដល់ទីជម្រកថ្មីសម្រាប់ជាតិសាសន៍អ៊ុយហ្គ័រទាំងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក Russ បានបញ្ជាក់ថា ថៃបានយល់ព្រមបញ្ជូនជាតិសាសន៍អ៊ុយហ្គ័រទាំងនោះទៅចិនវិញមួយផ្នែកគឺដោយសារតែខ្លាចចិនសងសឹក ប្រសិនបើថៃអនុញ្ញាតឱ្យជនទាំងនោះទទួលបានសិទ្ធិជ្រកកោននៅប្រទេសផ្សេង។
លោកនិយាយថា៖ «ផលប៉ះពាល់ដែលថៃនឹងប្រឈមពីការបញ្ជូនពួកគេទៅប្រទេសទីបីគឺអាចនឹងធំធេងណាស់។ ដូច្នេះ វាមិនអាចទៅរួចទេ»។
ប្រទេសចិនបានឃុំឃាំងមនុស្សជាងមួយលាននាក់ ដែលក្នុងនោះរួមមានទាំងជាតិសាសន៍អ៊ុយហ្គ័រ និងជាតិសាសន៍ភាគតិចកាន់សាសនាអ៊ិស្លាមភាគច្រើនផ្សេងទៀតផងដែរ នៅក្នុងជំរំបញ្ជ្រាបមនោគមវិជ្ជាជាប្រព័ន្ធដ៏ធំ។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកនិងអង្គការការពារសិទ្ធិមនុស្សនានា។
អ្នកជាប់ឃុំទាំងនោះប្រឈមនឹងការធ្វើទារុណកម្ម ការបំបាត់សមត្ថភាពបន្តពូជ និងការបញ្ជ្រាបមនោគមវិជ្ជានយោបាយ បន្ថែមទៅនឹងការបង្ខំឱ្យធ្វើការដែលជាផ្នែកមួយនៃយុទ្ធនាការសម្របខ្លួននៅក្នុងតំបន់មួយដែលអ្នករស់នៅក្នុងតំបន់នោះមានជាតិសាសន៍និងវប្បធម៌ខុសពីជាតិសាសន៍ Han ដែលជាជាតិសាសន៍ភាគច្រើននៅក្នុងប្រទេសចិន។
ចិនបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នេះ ដោយថាគោលនយោបាយរបស់ខ្លួននៅក្នុងតំបន់ Xinjiang ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងតំបន់នោះនិងលុបបំបាត់គំនិតជ្រុលនិយមតែប៉ុណ្ណោះ។ ចិនក៏បានច្រានចោលការរិះគន់លើអ្វីដែលខ្លួនចាត់ទុកថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ។
ប៉ូលិសថៃបានចាប់ខ្លួនជាតិសាសន៍អ៊ុយហ្គ័រជាង ២០០ នាក់នៅភាគខាងត្បូងប្រទេសជិតព្រំដែនជាប់ជាមួយប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០១៤ និងបានចោទប្រកាន់ពួកគេពីបទបំពានច្បាប់អន្តោប្រវេសន៍។ ប៉ូលិសថៃក៏បានឃុំឃាំងក្រុមតូចៗជាងនេះជាច្រើននៅកន្លែងផ្សេងទៀតក្នុងអំឡុងពេលដូចគ្នានោះផងដែរ។
នៅក្នុងឆ្នាំ ២០១៥ ស្ត្រីនិងកុមារអ៊ុយហ្គ័រប្រហែល ១៧០ នាក់ត្រូវបានដោះលែងទៅកាន់ប្រទេសតួកគី ហើយជាតិសាសន៍អ៊ុយហ្គ័រជាង ១០០ នាក់ទៀតត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ដែលធ្វើឱ្យសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំង។
ចំណែកឯអ្នកផ្សេងទៀតត្រូវបានបង្ខំឲ្យបន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំងរបស់ថៃរហូតដល់ថ្ងៃទី ២៧ ខែកុម្ភៈ ដែលនៅពេលនោះពួកគេភាគច្រើនត្រូវបានបញ្ជូនឡើងរថយន្តដែលបិទកញ្ចក់ពណ៌ខ្មៅហើយបញ្ជូនតាមយន្តហោះទៅកាន់តំបន់ Xinjiang។ គេជឿថា ជាតិសាសន៍អ៊ុយហ្គ័រ ៨ នាក់កំពុងស្ថិតនៅក្នុងប្រទេសថៃនៅឡើយ ហើយគេមិនដឹងច្បាស់អំពីស្ថានការណ៍របស់អ្នកទាំងនោះទេ។
អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតបានរិះគន់ការបញ្ជូនជាតិសាសន៍អ៊ុយហ្គ័រទាំងនេះចេញទៅប្រទេសចិនវិញថាជាការរំលោភច្បាប់ជាតិនិងអន្តរជាតិ ដោយថា «ពួកគេទាំងនេះនៅពេលនេះកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃការធ្វើទារុណកម្ម ការបាត់ខ្លួនដោយបង្ខំ និងការជាប់ឃុំឃាំងរយៈពេលយូរដែលប្រព្រឹត្តដោយរដ្ឋាភិបាលចិន»។
លោក Volker Türk ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថាប្រទេសថៃបានបំពានច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ហើយលោកបានអំពាវនាវឱ្យប្រទេសនេះធានាថា ជាតិសាសន៍អ៊ុយហ្គ័រផ្សេងទៀតមិនត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញនោះទេ។
លោកក៏បានអំពាវនាវឱ្យចិនបង្ហាញទីតាំងទាំងអស់ដែលពួកគេស្ថិតនៅផងដែរ និង «ធានាថាអ្វីៗដែលអនុវត្តទៅលើពួកគេត្រូវតែអនុលោមទៅតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ»។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានវាយបកទៅវិញថា លោក Türk គួរតែ «ឈប់ជ្រៀតជ្រែកក្នុងអធិបតេយ្យភាពនៃប្រព័ន្ធយុត្តិធម៌ជាតិ [របស់ចិន]» ហើយលោកថាចិនឬក៏ថៃមិនបានរំលោភច្បាប់ណាមួយនោះទេ។
លោកបានថ្លែងកាលពីពេលថ្មីៗនេះថា៖ «ប្រទេសចិនតែងតែប្ដេជ្ញាការពារសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់ប្រជាជនខ្លួន»។
លោកបានបន្ថែមថា៖ «បុគ្គលដែលត្រូវធ្វើមាតុភូមិនិវត្តន៍ទៅវិញដែលធ្លាប់ជាប់ឃុំឃាំងនៅក្រៅប្រទេសអស់រយៈពេលជាយូរមកហើយនោះត្រូវបានធានាសិទ្ធិពេញលេញតាមច្បាប់ ហើយពួកគេបានត្រឡប់ទៅរស់នៅតាមជីវិតធម្មតាឡើងវិញ»៕
វេទិកាបញ្ចេញមតិ