សភាកាណាដាកាលពីថ្ងៃពុធម្សិលមិញបានអនុម័តជាឯកច្ឆន្ទដើម្បីទទួលជនភៀសខ្លួនជាតិ អ៊ុយហ្គ័រចំនួន១០.០០០នាក់ដែលបានរត់គេចខ្លួនពីប្រទេសចិន ក៏ប៉ុន្តែឥឡូវនេះពួកគេកំពុងប្រឈមការដាក់សម្ពាធឱ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ចំណាត់ការនេះបានធ្វើឡើងតាមវិធានការកាលពីខែកុម្ភៈ ឆ្នាំ២០២១ដោយសមាជិកសភាកាណាដាដែលចាត់ទុកការធ្វើបាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជនជាតិភាគតិចអ៊ុយហ្គ័រនិងអ្នកកាន់សាសនាឥស្លាមជនជាតិតួកស្ថិតនៅក្នុងដែនដី Xinjiang ភាគពាយ័ព្យប្រទេសចិនជាអំពើប្រល័យពូជសាសន៍។
ក្រុមអង្គការសិទ្ធិមនុស្សជឿថាជនជាតិភាគតិចអ៊ុយហ្គ័រយ៉ាងតិចណាស់ក៏១លាននាក់ដែរ ហើយភាគច្រើននៃអ្នកទាំងនោះជាជនជាតិភាគតិចកាន់សាសនាឥស្លាមបានត្រូវគេចាប់ដាក់ក្នុងជំរំឃុំឃាំងនៅក្នុងតំបន់ជាទីកន្លែងដែលចិនក៏បានរងការចោទប្រកាន់ពីការបង្ខំស្ត្រីមិនឱ្យមានកូនហើយនឹងបង្ខំពួកគេឱ្យធ្វើពលកម្មជាទម្ងន់។
ហើយបើតាមសមាជិករដ្ឋសភាលោក Sameer Zuberi ដែលបានតាក់តែងញត្តិនេះថាមនុស្សយ៉ាងតិចណាស់ក៏១.៦០០នាក់ដែរបានត្រូវឃុំខ្លួននៅក្នុងប្រទេសផ្សេងៗទៀតដែលធ្វើទៅតាមការបញ្ជារបស់ចិនឬត្រូវបង្ខំឱ្យបញ្ជូនត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ។
នៅឯសន្និសីទកាសែត លោក Zuberi បាននិយាយថា លោកនាយករដ្ឋមន្ត្រី Justin Trudeau និងគណៈរដ្ឋមន្ត្រីរបស់លោកបានបោះឆ្នោតគាំទ្រញត្តិនេះដែលជាការផ្តល់សញ្ញាថារដ្ឋាភិបាលមានបំណងឱ្យការទទួលយកជនភៀសខ្លួននេះកើតមានឡើង ថ្វីបើវាមិនមែនជាការតម្រូវឱ្យអនុវត្តតាមក៏ដោយ។
លោក Mehmet Tohti នាយកប្រតិបត្តិនៃគម្រោងគាំទ្រសិទ្ធិជនជាតិអ៊ុយហ្គ័របានប្រាប់ក្រុមអ្នកយកព័ត៌មានថាវាជាសារដ៏ខ្លាំងមួយដែលនឹងឮខ្ទ័រមិនត្រឹមតែក្នុងប្រទេសចិននិងកាណាដានោះទេ ក៏ប៉ុន្តែ វានឹងឮខ្ទ័រជុំវិញពិភពលោក៕