ឆ្នាំ ២០២៤ គឺជាឆ្នាំមិនធម្មតាសម្រាប់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅលើសាកលលោក។ អង្គការសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងនៅក្នុងរបាយការណ៍ឆ្នាំ ២០២៥ របស់ខ្លួនដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៦ ខែមករាកន្លងទៅនេះថា តំបន់អាស៊ីប៉ាស៊ីហ្វិកមានសញ្ញាវិជ្ជមានខ្លះទាក់ទិននឹងបញ្ហានេះ។
អង្គការនេះបានយោងលើករណីមួយចំនួនដូចជាសកម្មភាពរបស់ពលរដ្ឋឥណ្ឌាដែលប្រឆាំងនឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ការទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែសអ្នកស្រី Sheikh Hasina ដោយក្រុមនិស្សិត និងការធ្វើបាតុកម្មរបស់ពលរដ្ឋកូរ៉េខាងត្បូងដើម្បីទប់ស្កាត់ការប្រើច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ជាដើម។
ប៉ុន្តែ ស្របពេលជាមួយគ្នានេះដែរ របបយោធាមីយ៉ាន់ម៉ានៅបន្តចាប់អ្នកប្រឆាំងដាក់ពន្ធនាគារនិងវាយប្រហារតាមអាកាសលើពួកគេ ដែលមកទល់ពេលនេះមានរយៈពេលជិត ៤ ឆ្នាំហើយចាប់តាំងពីពេលដែលរបបនេះបានដណ្ដើមគ្រប់គ្រងអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតមក។
នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រុមតាលីបង់ (Taliban) បានដើរថយក្រោយទាក់ទិននឹងសិទ្ធិស្ត្រី។ ចំណែកឯប្រទេសចិនដែលស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping វិញនៅបន្តធ្លាក់ចូលទៅក្នុងការជិះជាន់គាបសង្កត់របស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Human Rights Watch នេះ។
អ្នកស្រី Tirana Hassan នាយកប្រតិបត្តិអង្គការ Human Rights Watch បានបញ្ជាក់នៅក្នុងសេចក្ដីផ្ដើមនៃរបាយការណ៍នេះថា៖ «នៅពេលសិទ្ធិមនុស្សត្រូវបានការពារ មនុស្សជាតិនឹងមានភាពប្រសើរឡើង»។
អ្នកស្រីបានបន្ថែមថា៖ «ប្រសិនបើសិទ្ធិមនុស្សត្រូវបានច្រានចោល អ្វីដែលបាត់បង់នោះមិនមែនវាស់វែងដោយគោលការណ៍អរូបីនោះទេ ប៉ុន្តែគឺជីវិតមនុស្សតែម្ដង។ នេះគឺជាបញ្ហាប្រឈមនិងជាឱកាសសម្រាប់ពេលនេះ»។
នៅក្នុងប្រទេសបង់ក្លាដែស អ្នកស្រីនាយករដ្ឋមន្ត្រី Hasina ត្រូវបានទម្លាក់ពីតំណែងនិងបានរត់គេចចេញពីប្រទេសក្នុងពេលមានបាតុកម្មដឹកនាំដោយក្រុមនិស្សិតកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីអ្នកស្រីបានដឹកនាំរដ្ឋាភិបាលបែបជិះជាន់គាបសង្កត់អស់រយៈពេល ១៥ ឆ្នាំមក។
អ្នកគាំទ្រគណបក្សសម្ព័ន្ធ Awami របស់អ្នកស្រីនិងប៉ូលិសបានបង្ក្រាបលើបាតុកម្មអហិង្សារបស់ក្រុមនិស្សិតដែលពីដំបូងឡើយបាតុកម្មនេះធ្វើឡើងដើម្បីប្រឆាំងនឹងផែនការកូតាការងារដែលរដ្ឋាភិបាលបានកំណត់។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Human Rights Watch។ ប៉ុន្តែ ការបង្ក្រាបនេះក៏បានធ្វើឡើងតាមរយៈការកាត់ផ្ដាច់អ៊ីនធឺណិតនិងការដាក់បម្រាមគោចរដោយមានទាំងបទបញ្ជាឲ្យបាញ់ប្រហារទៅលើជនសង្ស័យនៅនឹងកន្លែងផងដែរ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា៖ «មនុស្សជិត ១.០០០ នាក់ រួមទាំងកុមារជាង ១០០ នាក់ផងដែរ ត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានៅខែកក្កដា [ឆ្នាំមុន] និងនៅក្នុងអំពើហិង្សាសងសឹកបន្ទាប់ពីការទម្លាក់អ្នកស្រី Hasina»។
របាយការណ៍ដដែលនេះបានបន្ថែមថា ចាប់តាំងពីអ្នកស្រី Hasina បានរត់ភៀសខ្លួនមក រដ្ឋាភិបាលអន្តរកាលរបស់លោក Muhammad Yunus បានដោះលែងមនុស្សរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួនក្នុងពេលធ្វើបាតុកម្ម បានស្ដាររបៀបរៀបរយ និងបានដឹកនាំប្រទេសនៅលើផ្លូវឆ្ពោះទៅកាន់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ។
នៅចុងឆ្នាំ ២០២៤ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដោយសារលោកបានប្រកាសប្រើច្បាប់អាជ្ញាសឹកដើម្បីទប់ទល់ជាមួយអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ប៉ុន្តែការប៉ុនប៉ងនេះបានទទួលលទ្ធផលបញ្ច្រាសមកវិញ នៅពេលដែលមនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅសភាជាតិ ដែលឈានទៅដល់ការលុបចោលបទបញ្ជានេះក្នុងពេលតែប៉ុន្មានម៉ោងក្រោយមកប៉ុណ្ណោះ។
អ្នកស្រី Hassan ថ្លែងដូច្នេះថា៖ «ចលនាប្រឆាំងទាំងនេះបង្ហាញពីតថភាពដ៏សំខាន់មួយ។ ការប្រយុទ្ធដើម្បីទទួលបានសិទ្ធិតែងតែជំរុញឡើងដោយពលរដ្ឋធម្មតាដែលឆ្អែតចិត្តនឹងរឿងអយុត្តិធម៌និងអំពើពុករលួយ ហើយពួកគេបានប្រមូលផ្ដុំកម្លាំងគ្នាដើម្បីបង្ខំឲ្យរដ្ឋាភិបាលធានានូវសិទ្ធិជាមូលដ្ឋាននិងបម្រើប្រជាពលរដ្ឋ ជាជាងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន»។
ការធ្លាក់ចុះនៃសេរីភាព
បើតាមរបាយការណ៍របស់អង្គការ Human Rights Watch ដដែលនេះ ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើដំណើរបញ្ច្រាសទិសនៅឆ្នាំ ២០២៤។ របាយការណ៍នេះបានបញ្ជាក់ថា សេដ្ឋកិច្ចចិនដែលកំពុងធ្លាក់ចុះបានជំរុញឲ្យមាន «ការគាបសង្កត់កាន់តែខ្លាំងនៅទូទាំងប្រទេស» ដូចជាការឃុំខ្លួនជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) រាប់សែននាក់និងការធ្លាក់ចុះនៃសេរីភាពរបស់ជនស៊ីវិលនៅក្នុងទីក្រុងហុងកុងជាដើម។
របាយការណ៍នេះបានលើកឡើងថា៖ «[ចិន] គ្មានសង្គមស៊ីវិលឯករាជ្យ គ្មានសេរីភាពនៃការបញ្ចេញមតិ ការចងក្រងជាសមាគម ការជួបជុំគ្នា ឬការគោរពសាសនានោះទេ ហើយអ្នកការពារសិទ្ធិមនុស្សនិងអ្នករិះគន់រដ្ឋាភិបាលបានរងការធ្វើទុក្ខបុកម្នេញ»។
របាយការណ៍នេះបានបន្តថា នៅពេលដែលសេដ្ឋកិច្ចចិនចុះខ្សោយ លោក Xi បានបង្កើនការសង្កត់សង្កិនលើអ្នកប្រឆាំង ដែលរួមមានទាំងការឃុំខ្លួនតាមអំពើចិត្តលើសេដ្ឋវិទូ សិល្បករ និងមេដឹកនាំសង្គមស៊ីវិលផងដែរ។
អង្គការ Human Rights Watch ថា ស្ថាប័នតុលាការនៃទីក្រុងហុងកុងដែលត្រូវបានជ្រើសរើសតាមចិត្តចង់បានបន្តឹងការត្រួតត្រារបស់ខ្លួន ដោយបានកាត់ទោសសកម្មជននិងអតីតសមាជិកសភាសរុបទាំងអស់ ១៤ នាក់ដាក់ពន្ធនាគារចន្លោះពី ៤ ទៅ ១០ ឆ្នាំ ពីបទ «ឃុបឃិតប្រព្រឹត្តិអំពើវិទ្ធង្សនា» ដោយសារតែពួកគេបានរៀបចំការបោះឆ្នោតបឋមមិនផ្លូវការមួយនៅក្នុងឆ្នាំ ២០២០។
សេរីភាពសារព័ត៌មាននៅក្នុងទីក្រុងហុងកុងបានរងការប៉ះទង្គិចបន្ថែមទៀត ដោយសារការកាត់ទោសជាបន្តលើអ្នករិះគន់មិនសំចៃមាត់លោកមហាសេដ្ឋី Jimmy Lai អាយុ ៧៦ ឆ្នាំ ក្រោមច្បាប់សន្តិសុខជាតិ និងការដាក់ពន្ធនាគារលើអ្នកកាសែតពីរនាក់កាលពីខែកញ្ញាឆ្នាំមុនដោយម្នាក់ចំនួន ២១ ខែ ហើយម្នាក់ទៀតចំនួន ១១ ខែ ក្រោមការចោទប្រកាន់ពីបទ «បះបោរ»។
របាយការណ៍របស់អង្គការ Human Rights Watch នេះបានបញ្ជាក់ថា៖ «ទោះបីជារដ្ឋាភិបាលបរទេសនានាទទួលស្គាល់ថាកំណត់ត្រាសិទ្ធិមនុស្សរបស់ចិនកំពុងវិវត្តកាន់តែអាក្រក់ក៏ដោយ ក៏ពួកគេមិនបានលើកឡើងអំពីបញ្ហានេះដោយផ្ទាល់ជាមួយនឹងរដ្ឋាភិបាលចិនដែរ»។
រីឯនៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ របបយោធានៅតែបន្តវាយប្រហារពីលើអាកាសនិងប្រើកាំភ្លើងធំបាញ់ទៅលើតំបន់នានាដែលមានជនស៊ីវិលរស់នៅនិងឃុំឃាំងអ្នកប្រឆាំង ហើយស្របពេលនោះដែរ របបនេះបានបង្ខំពលរដ្ឋក្មេងៗឲ្យចូលបម្រើកងទ័ពនៅតាមសមរភូមិដែលពួកគេកំពុងបរាជ័យធ្ងន់ធ្ងរនៅទូទាំងប្រទេស។
អង្គការ Human Rights Watch បានកត់សម្គាល់អំពីការចេញដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លើមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តឡើងក្នុងពេលបង្ក្រាបទៅលើជាតិសាសន៍រ៉ូហ៊ីងយ៉ា (Rohingya) កាន់សាសនាអ៊ិស្លាមកាលពីឆ្នាំ ២០១៧។
ប៉ុន្តែ ការអនុវត្តដីកាតុលាការ ICC នៅតែជួបឧបសគ្គជាបន្ត ដែលចាំបាច់ត្រូវមានការគាំទ្រស៊ីសង្វាក់គ្នាក្នុងចំណោមប្រទេសជាសមាជិកតុលាការ ICC ដើម្បីធានាបាននូវយុត្តិធម៌ ដែលកិច្ចការនេះគឺជាកិច្ចការដ៏វែងឆ្ងាយមួយ។ នេះបើតាមរបាយការណ៍ដដែលនេះ។
នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អង្គការ Human Rights Watch បានគូសបញ្ជាក់អំពីការបន្តអនុវត្តទោសប្រហារជីវិតរបស់ប្រទេសសិង្ហបុរី ដែលភាគច្រើនធ្វើឡើងទៅលើជនល្មើសគ្រឿងញៀន និងភាពមានកម្រិតរបស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃបន្ទាប់ពីតុលាការបានរំលាយគណបក្ស Move Forwardដែលជាគណបក្សឈ្នះការបោះឆ្នោតឆ្នាំ ២០២៣ នៅក្នុងខែសីហាឆ្នាំមុនមក។
អង្គការនេះបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា៖ «នាយករដ្ឋមន្ត្រី [ថៃ] អ្នកស្រី Paetongtarn Shinawatra បានធ្វើកិច្ចការតិចតួចប៉ុណ្ណោះដើម្បីកែលម្អការគោរពសេរីភាពជាមូលដ្ឋាននិងដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលមិនទាន់ដោះស្រាយនានា»។
ទោះជាយ៉ាងណាក៏ដោយ អង្គការនេះបានកត់សម្គាល់អំពីការទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា ដែលជាវិធានការដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ថាជា «ជំហានវិជ្ជមានមួយ»៕