នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានទទួលញញួរប្រធានប្តូរវេនសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)បន្តពីប្រទេសព្រុយណេដែលបានបញ្ចប់អាណត្តិរបស់ខ្លួននៅឆ្នាំ២០២១នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយជាសាធារណៈកាលពីថ្ងៃ២៨ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសមូលបទប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្រាប់សុខដុមរមនាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូល និងបានកោតសរសើរព្រះមហាក្សត្រព្រុយណេព្រះចៅស៊ុលតង់ Hassanal Bolkiah (ហាជីហាសសាណាល់បុលគីយ៉ាស) សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការកាន់ចង្កូតនាវាអាស៊ានឆ្ពោះទៅសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនបានផ្តល់ការអត្ថាធិប្បាយលើទំព័រផ្លូវការរបស់លោកក្នុងន័យដើមថា៖ «ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដេលបានកាន់ញញួរប្រធានអាស៊ានរហូតបីដងដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជា»។
នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានកម្ពុជាក៏នឹងផ្តោតលើកិច្ចការអាទិភាពសំខាន់ចំនួនបី ដែលត្រូវបានកំណត់ជាបីសសរស្តម្ភគឺនយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ នៅត្រង់សសរស្តម្ភនយោបាយនិងសនិ្តសុខកម្ពុជានឹងផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាននិងឯកភាពអាស៊ានទាំងនៅក្នុងយន្តការតំបន់និងកិច្ចសហប្រតិបតិ្តការជាមួយដៃគូខាងក្រៅ ហើយកម្ពុជាក៏ត្រូវឲ្យអាស៊ានមានភាពធន់និងរឹងមាំ ប្រឆាំងនឹងសម្ពាធនិងឥទ្ធិពលដែលបណ្តាលមកពីការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
បណ្ឌិត សេង សារី អ្នកវិភាគនយោបាយយល់ថា កម្ពុជានឹងត្រូវប្រឈមបញ្ហាស្មុគស្មាញមួយចំនួនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសនៅពេលដឹកនាំអាស៊ាន។ បញ្ហាទាំងនោះរួមមានកំណត់ត្រាអាក្រក់នៃបញ្ញាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាជម្លោះដណ្តើមកាន់កាប់ដែនកោះនៅសមុទ្រចិនខាងត្បូងហើយនិងការចងសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកចក្រភពអង់គ្លេស និងអូស្រា្តលីហៅកាត់ថា Aukus ដើម្បីត្រៀមឆ្លើយតបទៅនឹងភាពតានតឹងនានានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕