សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ឥឡូវនេះខ្លួនបានប៉ាន់ប្រមាណថា ចាប់តាំងពីខែធ្នូឆ្នាំមុនមក ប្រទេសរុស្ស៊ីមានទាហានរងគ្រោះចំនួន ១០០.០០០ នាក់ ដែលក្នុងនោះទាហានជាង ២០.០០០ ត្រូវបានសម្លាប់។ ការប៉ាន់ស្មាននេះបានធ្វើឡើង ស្របពេលដែលប្រទេសអ៊ុយក្រែនបានវាយទប់ទល់កងទ័ពរុស្ស៊ីយ៉ាងខ្លាំងក្លានៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នៅក្នុងសង្គ្រាមពង្រេចពង្រិលក្រាញននៀលនេះ ការប្រយុទ្ធខ្លាំងក្លាបំផុតបានកើតឡើងនៅក្នុងតំបន់ Donetsk នៅភាគខាងកើតអ៊ុយក្រែន ដែលនៅទីនោះរុស្ស៊ីកំពុងប្រយុទ្ធតស៊ូដើម្បីឡោមព័ទ្ធទីក្រុង Bakhmut នៅចំពេលប្រឈមនឹងការការពារមិនរាថយពីអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា ការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិកនេះគឺផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលទើបត្រូវបានចាត់ទុកថាលែងសម្ងាត់។ លោកមិនបានបញ្ជាក់លម្អិតអំពីថាតើសហគមន៍ស៊ើបការណ៍សម្ងាត់ទទួលបានតួលេខនេះតាមវិធីណានោះទេ។
លោកនាយឧត្ដមសេនីយ៍ Mark Milley ប្រធានក្រុមនាយសេនាធិការកងទ័ពរួមសហរដ្ឋអាមេរិក បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនថា ទាហានរុស្ស៊ីជាង ១០០.០០០ នាក់បានស្លាប់ឬក៏រងរបួសនៅក្នុងរយៈពេល ៨ ខែដំបូងនៃសង្គ្រាម។ ដូច្នេះ តួលេខថ្មីខាងលើរបស់សេតវិមានបានបង្ហាញថា ការបាត់បង់របស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនិងកងកម្លាំងផ្សេងទៀតរបស់រុស្ស៊ីកំពុងប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែនពីប្លុកផ្ទះមួយទៅមួយដើម្បីព្យាយាមដណ្ដើមគ្រប់គ្រងអ្វីដែលគេបានស្គាល់ថាជា «មាគ៌ាជីវិត» ដែលជាផ្លូវនៅសល់ចុងក្រោយមួយឆ្ពោះទៅទិសខាងលិចដែលនៅស្ថិតក្នុងដៃរបស់អ៊ុយក្រែននៅឡើយ ដែលផ្លូវនេះមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់និងទាហានថ្មីៗ។ ភាគីទាំងពីរបានអះអាងអំពីការសម្រេចបានរបស់ខ្លួននៅក្នុងតំបន់នោះក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក Kirby បាននិយាយថា ចំនួនជិតពាក់កណ្ដាលនៃទាហានរុស្ស៊ីដែលត្រូវបានសម្លាប់តាំងពីខែធ្នូឆ្នាំមុនមកគឺជាទាហានស៊ីឈ្នួលនៃក្រុម Wagner ដែលអ្នកទាំងនោះជាច្រើនគឺជាអ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារដើម្បីចូលរួមនៅក្នុងការប្រយុទ្ធរបស់រុស្ស៊ី។
លោក Kirby បានបន្ថែមថា ទាហានស៊ីឈ្នួលទាំងនេះត្រូវបានគេ «ដាក់ឱ្យប្រយុទ្ធដោយគ្មានការហ្វឹកហាត់ប្រយុទ្ធគ្រប់គ្រាន់ ការដឹកនាំលើការប្រយុទ្ធ ឬក៏ការបញ្ជានិងគ្រប់គ្រងដែលមានការរៀបចំត្រឹមត្រូវ»។
លោក Kirby បានបដិសេធមិននិយាយអំពីថាតើទាហានអ៊ុយក្រែនប៉ុន្មាននាក់ដែលត្រូវបានសម្លាប់ឬក៏រងរបួសនៅក្នុងការប្រយុទ្ធនោះនោះឡើយ។ លោក Milley បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនថា ទាហានអ៊ុយក្រែនដែលស្លាប់និងរងរបួសក៏មានចំនួនប្រហែល ១០០.០០០ នាក់ដែរ៕
អាមេរិកថា ទាហានរុស្ស៊ីជាង ២ ម៉ឺននាក់ត្រូវបានសម្លាប់នៅអ៊ុយក្រែនតាំងពីខែធ្នូ
វ៉ាស៊ីនតោន —