មនុស្សជិតពាក់កណ្តាលផែនដី មិនអាចមានម្ហូបអាហារប្រកបដោយសុខភាពទេ។ នេះបើតាមលោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានព្រមាននៅឯកិច្ចប្រជុំកំពូលស្តីអំពីម្ហូបអាហារ កាលពីថ្ងៃព្រហស្បតិ៍ ដែលស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវផលិតកម្ម និងការកែច្នៃម្ហូបអាហារសាកលលោក។
នៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres អគ្គលេខាធិការអ.ស.ប. បានប្រាប់កិច្ចប្រជុំកំពូលតាមអនឡាញស្តីពីប្រព័ន្ធម្ហូបអាហារថា «ម្ហូបអាហារ ជាអាយុជីវិត។ ក៏ប៉ុន្តែនៅក្នុងប្រទេសនានា នៅក្នុងសហគមន៍ និងនៅតាមផ្ទះសម្បែងនានា នៅគ្រប់ច្រកល្ហកនៅក្នុងពិភពលោកតម្រូវការដ៏សំខាន់នេះ សិទ្ធិមនុស្សនេះ មិនទាន់ត្រូវបានបំពេញតាមតម្រូវការនៅឡើយទេ»។
លោក Guterres បានថ្លែងទៀតថា មនុស្ស ៣ ពាន់ លាននាក់ មិនអាចមានម្ហូបអាហារប្រកបដោយអាហារូបត្ថម្ភទេ។
លោកបាននិយាយទៀតថា «ជារៀងរាល់ថ្ងៃ មនុស្សរាប់រយលាននាក់ចូលដេកទាំងមានការស្រកឃ្លាន។ កូនក្មេងកំពុងអត់បាយ ដាច់ពោះស្លាប់»។
ជិត១ភាគ៣នៃផលិតផលម្ហូបអាហារទាំងអស់ត្រូវបានបាត់បង់ ឬខ្ជះខ្ជាយ ខណៈមនុស្សរាប់លាននាក់នៅផ្នែកនានានៃប្រទេសយ៉េម៉ែន និងប្រទេសអេត្យូពីដាច់ពោះ និងស្រេកឃ្លាន។
សន្និសីទកំពូលនេះ មានគោលបំណងពិនិត្យមើលផលិតផលម្ហូបអាហារគ្រប់ទិដ្ឋភាពដើម្បីធ្វើឲ្យម្ហូបអាហារកាន់តែល្អសម្រាប់បរិស្ថាន មានសុវត្ថិភាព មានអាហារូបត្ថម្ភ និងអ្នកស្រេកឃ្លានអាចរកបានសម្រាប់បរិភោគ។ សន្និសីទកំពូលនេះ ក៏ជាផ្នែកមួយនៃការធ្វើឲ្យជឿនលឿនដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៧របស់អង្គការសហប្រជាជាតិដែលក្នុងនោះ គោលនយោបាយ«គ្មានការអត់ឃ្លាន»ជាអាទិភាពកំពូល៕
លោក Chris Hannas នៃវីអូអេ រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។