អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានរិះគន់ធ្ងន់ៗទៅលើប្រទេសតួកគីចំពោះការចាប់ឃុំខ្លួនមនុស្ស«ជាច្រើននាក់» ដែលបានបង្ហោះសារលើបណ្តាញសង្គមដើម្បីរិះគន់ប្រតិបត្តិការយោធាដឹកនាំដោយតួកគីប្រឆំាងនឹងក្រុម ឃឺដ នៅក្នុងប្រទេសស៊ីរី។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអះអាងថា «ការបង្ក្រាបទៅលើបណ្តាញសង្គមបានរំលោភលើសិទ្ធិបញ្ចេញមតិប្រកបដោយសន្តិវិធី»។ រដ្ឋាភិបាលក្រុងអង់ការ៉ា(Ankara) កំពុងប្រឈមនឹងការដាក់សម្ពាធការទូតយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងឡើងនៅក្នុងប្រទេសនេះ។
ចាប់តាំងពីខែមករា នៅពេលដែលរដ្ឋាភិបាលក្រុងអង់ការ៉ា(Ankara) បានបើកប្រតិបត្តិការយោធា Operation Olive Branch វាយលុយចូលក្នុងស្រុក Afrin ប្រទេសស៊ីរី ក្រុមអ្នករិះគន់ដែលអះអាងប្រឆាំងនឹងការវាយប្រហារនេះត្រូវបានបង្ក្រាប។
យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ អង្គការសិទ្ធិមនុស្ស Human Rights Watch បានឱ្យដឹងថា មានមនុស្ស៦៤៨នាក់ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីថ្ងៃទី២០ ខែមករាដល់ថ្ងៃទី២៦ខែកុម្ភៈ ពីបទបង្ហោះសាររិះគន់ដល់ប្រតិបត្តិការយោធានិងការបញ្ចេញមតិគាំទ្រដល់អ្នកតវ៉ាតាមដងផ្លូវប្រឆាំងនឹងការវាយប្រហារនេះ។
ក្រុមការពារសិទ្ធិមនុស្សនិយាយថា ក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ការចាប់ឃុំខ្លូនបន្ថែមទៀតនឹងមានជាបន្តបន្ទាប់។
លោក Hugh Williamson ប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលបាននិយាយថា៖
«ការចាប់ឃុំខ្លួននិងការកាត់ទោសមនុស្សដែលបង្ហោះសារលើបណ្តាញ Twitter ដើម្បីអំពាវនាវឱ្យមានសន្តិភាពគឺជាការធ្លាក់ចុះជាថ្មី សម្រាប់រដ្ឋាភិបាលតួកគី។ អាជ្ញាធរតួកគី គួរតែគោរពសិទ្ធិពលរដ្ឋក្នុងការរិះគន់ដោយសន្តិវិធី ទៅលើចំនុចនានានៃគោលនយោបាយរដ្ឋាភិបាល រួមទាំងប្រតិបត្តិការយោធាហើយក៏គួរតែទម្លាក់បណ្តឹងនានាដែលគ្មានហេតុផលទំាងនោះ»។
របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា អ្នកដែលជាប់ឃុំទាំងនោះ រួមមានបុគ្គលល្បីៗមកពីអង្គការសង្គមស៊ីវិលតួកគី សមាជិកបួនរូបរបស់ក្រុមគាំទ្រពួក ឃឺដ នៅក្នុងប្រទេសតួកគីឬហៅកាត់HDP ក៏ដូចជា សាស្ត្រាចារ្យផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានដកស្រង់ករណីជាក់ស្តែងមួយក្នុងចំណោមករណីចាប់ឃុំឃាំងសមាជិកជាន់ខ្ពស់ចំនួន១១រូបនៃសមាគមគ្រូពេទ្យតួកគី(TTB) និងប្រធានសមាគមនោះគឺលោក Rasit Tukel ដែលបានបង្ហោះសារក្នុងបណ្តាញសង្គមបង្ហាញពីក្តីបារម្ភ អំពីបញ្ហាមនុស្សធម៌បណ្តាលមកពីប្រតិបត្តិការយោធារបស់តួកគីនៅក្នុងប្រទេសស៊ីរី(Syria)។
រដ្ឋមន្ត្រីនានារបស់តួកគីបានច្រានចោលម្តងហើយម្តងទៀតចំពោះក្តីបារម្ភទាំងឡាយទៅលើប្រតិបត្តិការយោធា Operation Olive Branch ថាជា«ការឃោសនារបស់ក្រុមភេរវជន» ដោយប្រកែកថា មិនមានជនស៊ីវិលណាម្នាក់ត្រូវបានសម្លាប់ឬរងរបួសដោយកងកម្លាំងយោធានោះទេ។
វេជ្ជបណ្ឌិតទាំង១១រូបជាចុងក្រោយត្រូវបានដោះលែងបន្ទាប់ពីមានការទាមទារបស់អន្តរជាតិ។ ជាការពិតអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានទទួលស្គាល់ផងដែរថា ក្នុងករណីស្ទើរតែទាំងអស់អ្នកដែលគេចាប់ឃុំខ្លួន ទីបំផុតត្រូវបានដោះលែង ហើយស្ថិតនៅក្រោមការស៊ើបអង្កេត។
យ៉ាងណាក៏ដោយ ក្រុមអ្នកការពារសិទ្ធិមនុស្សបានបញ្ជាក់ថា ការចាប់ឃុំឃាំងទាំងឡាយដែលកើតឡើងនៅពេលយប់ជ្រៅឬនៅប៉ុន្មានម៉ោងមុនពេលព្រឹកគឺត្រូវបានចាត់ទុកថាជាការគំរាមកំហែង។
អ្នកស្រី Nurcan Baysal អ្នកសារព័ត៌មាននិងសកម្មជនសិទ្ធិមនុស្សបានថ្លែងថា៖
«ប៉ូលីសអាចមើលខ្ញុំឃើញពីខាងក្រៅ។ ខ្ញុំកំពុងមើលទូរទស្សន៍នៅពេលនោះ។ ពួកគេព្យាយាមទម្លាយទ្វារដោយមិនបានចុចកណ្តឹង។ មានប៉ូលីសប្រហែល២០នាក់បានសម្រុកចូលក្នុងផ្ទះខ្ញុំដោយពាក់របាំងមុខ ហើយភ្ជង់កាំភ្លើងស្វ័យប្រវត្តិមកលើខ្ញុំ»។
ករណីរបស់អ្នកស្រី Baysal គឺស្ថិតក្នុងករណីទាំងចាប់ឃុំខ្លួនទាំងប្រាំ ដោយសារការបង្ហោះសារក្នុងបណ្តាញសង្គម ដែលត្រូវបានដកស្រង់ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ របៀបនៃការចាប់ឃុំឃាំងអ្នកស្រីត្រូវបានធ្វើឡើងស្រដៀងនឹងករណីផ្សេងៗទៀត នេះបើយោងតាមក្រុមការពារសិទ្ធិមនុស្ស ដែលចោទប្រកាន់អាជ្ញាធរថាគំរាមកំហែងដល់អ្នករិះគន់។
របាយណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា៖
«ក្រោយពីធ្វើការពិនិត្យករណីទំាងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សជឿជាក់ថា ការសម្រុកចូលរបស់ប៉ូលីសមួយចំនួននិងការស៊ើបអង្កេតឧក្រិដ្ឋកម្មនានាគឺត្រូវបានធ្វើឡើងក្នុងទម្រង់ជាការដាក់ទណ្ឌកម្មជាជាងកើតចេញពីការជឿជាក់ច្បាស់ថាមានអំពើឧក្រិដ្ឋកម្មកើតឡើង»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា ការស៊ើបអង្កេតនានារបស់អង្គការនេះបង្ហាញថា គ្រប់ករណីទំាងអស់ដែលអង្គការនេះសិក្សាទៅលើសារដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមគឺអហិង្សានិងស្របទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិនៃសេរីភាពក្នុងការបញ្ចេញមតិ។
រដ្ឋាភិបាលក្រុងអង់ការ៉ា (Ankara) មិនបានធ្វើការអធិប្បាយឆ្លើយតបនឹងរបាយការណ៍នេះទេ ក៏ប៉ុន្តែជាញឹកញាប់ បានច្រានចោលរាល់ការិះគន់ ដោយចោទថាជា«ការឃោសនារបស់ពួកភេរវជន»។
ការចេញផ្សាយរបស់របាយការណ៍នេះត្រូវបានធ្វើឡើង ខណៈរដ្ឋាភិបាលក្រុងអង់ការ៉ា (Ankara) ស្ថិតក្រោមការដាក់សម្ពាធកាន់តែខ្លាំងឡើងៗពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច។
នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបកាលពីចុងខែមីនា រវាងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ប្រធានសហភាពអឺរ៉ុបលោក Jean Claude Juncker និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ក្តីបារម្ភរឿងសិទ្ធិមនុស្សបានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រជុំ ដែលធ្វើឡើងក្នុងបំណងផ្សះផ្សាទំនាក់ទំនងឡើងវិញនោះ។
លោក Tusk បានថ្លែងថា៖
«អ្វីដែលខ្ញុំអាចនិយាយបានគឺថាខ្ញុំបានលើកយកក្តីបារម្ភទំាងអស់មកនិយាយ។ ដូចអ្នកបានដឹងហើយ មានការព្រួយបារម្ភជាច្រើនរួមមានទំាងនីតិរដ្ឋនិងសេរីភាពសារព័ត៌មានក្នុងប្រទេសតួកគីនិងចំណងការទូតរបស់ប្រទេសតួកគីជាមួយរដ្ឋជាសមាជិកនីមួយៗ ហើយនិងស្ថានការណ៍នៅស៊ីរី ផងដែរ»។
លោក Tusk បានបន្ថែមថា៖«ជំហរបស់ខ្ញុំគឺច្បាស់លាស់ណាស់ មានតែត្រូវដោះស្រាយបញ្ហាទាំងនេះទេ ដែលអាចធ្វើឱ្យទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងតួកគីបានប្រសើរឡើង រួមទំាងដំណើរការនៃការចូលជាសមាជិកផងដែរ»។
កាលពីចុងខែមីនា ប៉ូលិសបានធ្វើការសម្រុកចូលកន្លែងស្នាក់នៅរបស់សិស្សមួយកន្លែងនៅសកលវិទ្យាល័យ Bosphorus ក្នុងទីក្រុងអ៊ីស្តង់ប៊ុលនិងបានចាប់ខ្លួនសិស្សមួយចំនួន។
នេះគឺជាការសម្រុកចូលពីរថ្ងៃជាប់ៗគ្នា ទៅក្នុងសកលវិទ្យាល័យ Bosphorus ដែលស្ថិតក្នុងចំណោមសាលានាំមុខគេមួយនៅតួកគី ដែលប៉ូលីសធ្វើការឆែកឆេរ ស្វែងរកសិស្សដែលធ្វើការតវ៉ាប្រឆំាងនឹងធ្វើការវាយលុយដឹកនាំដោយតួកគីក្នុងប្រទេស Syria។
ការចាប់ឃុំខ្លួនទាំងនោះ ធ្វើឡើងក្រោយការថ្កោលទោសរបស់លោក Erdogan ទៅលើក្រុមបាតុករដែលប្រឆាំងនឹងសង្គ្រាម ដោយហៅក្រុមសិស្សានុសិស្សនៅក្នុងការហែរក្បួននយោបាយថាជា «ជនកុម្មុយនីស្តនិងជាយុវជនក្បត់ជាតិ»។ ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា នៅពេលដែល លោក Erdogan កំណត់មុខសញ្ញាចំៗជាសាធារណៈលើក្រុមជំទាស់ ការចាប់ឃុំខ្លួនក៏បានធ្វើឡើងជាបន្តបន្ទាប់។
រដ្ឋាភិបាលប្រឆាំងនឹងការចោទប្រកាន់ទាំងឡាយ ដោយលើកឡើងថាប្រព័ន្ធតុលាការមានភាពឯករាជ្យ។ ការចាប់ឃុំខ្លួនសិស្សានុសិស្សទំាងនោះបានធ្វើឱ្យមានការរិះគន់ពីអន្តរជាតិភ្លាមៗសារជាថ្មី។
អ្នកស្រី Kati Piri ប្រេសិតពិសេសរបស់សភាសហភាពអឺរ៉ុបប្រចាំប្រទេសតួកគី បានបង្ហោះសារលើបណ្តាញ Twitter ថា៖«អ្នកតវ៉ាប្រឆាំងនឹងសង្គ្រាមត្រូវបានលោកប្រធានាធិបតីErdogan»ចាត់ទុកជា «ភេរវជន»។ ការគិតដោយប្រើប្រាស់វិចារណញ្ញាណគឺជាកិច្ចខិតខំប្រឹងប្រែងដ៏គ្រោះថ្នាក់មួយក្នុងប្រទេសតួកគីថ្មីមួយនេះ៕
ប្រែសម្រួលដោយ នៅ វណ្ណារិន