កងកម្លាំងតួកគីបានអះអាងថាខ្លួនបានឡោមព័ទ្ធទីក្រុង Afrin ដែលជាផ្ទះសម្បែងរបស់ពលរដ្ឋរាប់ពាន់នាក់នៅភាគពាយ័ព្យប្រទេសស៊ីរី និងជាទីតាំងប្រតិបត្តិការ Olive Branch ដ៏សំខាន់របស់តួកគី។
ការវាយលុករបស់ទាហានបានចាប់ផ្តើមកាលពីខែមករា ដើម្បីបណ្តេញពួកកងជីវពលYPG ឃឺដស៊ីរីចេញពីតំបន់នោះ ដែលត្រូវបានរដ្ឋាភិបាលទីក្រុងអង់ការ៉ាចាត់ទុកក្រុមនោះថាជាពួកភេរវកម្មមានទំនាក់ទំនងជាមួយនឹងពួកបះបោរក្នុងប្រទេសតួកគីអស់រាប់ទសវត្សរ៍មកហើយ។
រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានព្រមានពីប្រតិបត្តិការដណ្តើមយកទីក្រុងនេះនឹងត្រូវធ្វើឡើងឆាប់ៗខាងមុខនេះ។ កាលពីថ្ងៃចន្ទលោក Bekir Bozdagឧបនាយករដ្ឋមន្ត្រីបានប្រកាសថា «យើងសង្ឃឹមថាទីក្រុងAfrinនឹងត្រូវបានរំដោះចេញពីពួកភេវរកម្មក្នុងពេលឆាប់ៗនេះ ហើយសហគមន៍ក្នុងតំបន់នឹងត្រូវបានជួយសង្គ្រោះចេញពីការកៀបសង្កត់របស់ពួកភេវរជនទាំងនេះ»។
ការវាយប្រយុទ្ធនៅក្នុងទីក្រុងAfrin ដែលពោរពេញដោយពលរដ្ឋស៊ីវិលរស់នៅទីនោះដែលភាគច្រើនបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅតំបន់ផ្សេងៗក្នុងប្រទេសស៊ីរីនោះ បានបង្កឲ្យមានការព្រួយបារម្ភពីអន្តរជាតិ។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានអះអាងថានឹងចាត់វិធានការណ៍នានាដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋស៊ីវិលទាំងនោះ។ លោកឧបនាយករដ្ឋមន្ត្រី Bozdag បានអះអាងថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានសម្លាប់ឬរងរបួសនោះទេ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការយោធារបស់តួកគីមក៕