ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan រៀបចំទទួលស្វាគមន៍សមភាគីរបស់លោកមកពីប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគីលើកទី២ស្តីពីវិបត្តិក្នុងប្រទេសស៊ីរី។ ប្រទេសទាំងបីដែលសុទ្ធតែមានវត្តមានកងទ័ពរបស់ពួកគេនៅក្នុងប្រទេសស៊ីរី កំពុងបង្កើនប្រតិបត្តិការដោះស្រាយវិបត្តិសង្រ្គាមស៊ីវិលនៅក្រោមជំនួយនៃកិច្ចចរចាសន្តិភាពឬហៅថា «Astana Process»។
កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនេះកើតឡើងនៅពេលដែលមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។
លោក Aydin Selcen អតីតអ្នកការទូតជាន់ខ្ពស់របស់ប្រទេសតួកគី ដែលធ្លាប់បានបម្រើការងារនៅក្នុងតំបន់នេះបាននិយាយថា «ចាប់តាំងពីឆ្នាំ២០១១មកគោលបំណងរបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ាគឺដើម្បីទម្លាក់ Assad ចេញពីតំណែង»។
លោកបាននិយាយបន្ថែមដោយយោងតាមប្រធានាធិបតីស៊ីរី Bashar al-Assad ថា «ចំណែកឯប្រទេសរុស្ស៊ី និងអ៊ីរ៉ង់វិញបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីតាមការអញ្ជើញរបស់Assad ដើម្បីជួយរក្សាតំណែងរបស់លោក។ ហើយនេះគឺជាការផ្ទុយគ្នាទាំងស្រុង»។
នៅក្រោមកិច្ចចរចាសន្តិភាព Astana Process តំបន់គ្មានការប្រយុទ្ធត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសស៊ីរី។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា និងពួកឧទ្ទាមដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងក្រុងអង់ការ៉ាបានធ្វើការយ៉ាងជិតស្និតជាមួយនឹង
រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងដំណើរការសន្តិភាពនេះ។ កិច្ចប្រជុំនៅថ្ងៃពុធនេះត្រូវគេរំពឹងថានឹងពិភាក្សាផ្តោតលើបញ្ហានៅក្នុងខេត្ត Idlib ផងដែរ៕