បរិមាណនៃការលក់រាយទំនិញនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះខ្លាំង ជាងការរំពឹងទុកកាលពីខែមេសា ខណៈដែលវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ បានបង្ខំឲ្យអាជីវកម្មនានាបិទនៅទូទាំងប្រទេស នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិកដែលត្រូវបានផ្សាយ កាលពីថ្ងៃសុក្រ។
ការលក់ទំនិញរាយបានធ្លាក់ចុះ ១៦,៤% កាលពីខែមេសា ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយខ្លាំងជាងការទស្សន៍ទាយរបស់សេដ្ឋវិទូ ដែលបានទស្សន៍ទាយការធ្លាក់ចុះត្រឹម ១២%។
ការធ្លាក់ចុះការចំណាយរបស់ពលរដ្ឋប៉ះពាល់ខ្លាំងជាងគេមានចំពោះវិស័យលក់សម្លៀកបំពាក់ ហាងលក់គ្រឿងអេឡិកត្រូនិក និងភោជនីយដ្ឋាន ដោយពលរដ្ឋត្រូវនៅផ្ទះ។
និន្នាការទិញទំនិញតាមអនឡាញកាន់តែច្រើន ក៏បាននាំអាជីវកម្មខ្លះត្រូវបិទទ្វារ និងក្ស័យធន។
ការធ្លាក់ចុះយ៉ាងខ្លាំងនៃការចាយវាយរបស់ពលរដ្ឋជាកត្តាចម្បង ដែលនាំឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅពេលនេះ ដោយសារកន្លងមក កម្លាំងនៃការចំណាយរបស់អ្នកប្រើប្រាស់នេះរួមចំណែករហូតដល់ ៧០% ដល់កំណើនសេដ្ឋកិច្ចអាមេរិក៕