នាពេលបច្ចុប្បន្ននេះ អត្រាគ្មានការងារធ្វើផ្លូវការនៅក្នុងសហរដ្ឋអាមេរិកទាក់ទិនទៅនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ មានចំនួន ១៤,៧% ប៉ុន្តែ មន្ត្រីកំពូលសេតវិមានបានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេរំពឹងថា អត្រាគ្មានការងារធ្វើនេះអាចកើនដល់ ២៥% មុនពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកចាប់ផ្ដើមមានភាពប្រសើរឡើងវិញ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានបញ្ជាក់នៅក្នុងកម្មវិធី «Fox News Sunday» ថា «ចំនួននៃអ្នកគ្មានការងារធ្វើនឹងប្រហែលជាកើនឡើង» មុនពេលវាចាប់ផ្ដើមមានភាពប្រសើរឡើងវិញនៅ ៦ ខែចុងក្រោយនៃឆ្នាំនេះ និងចូលដល់ឆ្នាំ ២០២១។
លោកបាននិយាយថា អត្រាគ្មានការងារធ្វើអាចឈានដល់ ២៥%។ រីឯទីប្រឹក្សាសេដ្ឋកិច្ចសេតិមានលោក Kevin Hassett វិញ បានបញ្ជាក់នៅក្នុងកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS News ថា លោករំពឹងថា អត្រាគ្មានការងារធ្វើស្ថិតនៅខ្ទង់ «ម្ភៃក្រាស់» ដោយអ្នកដែលត្រូវគេផ្អាកពីការងារបណ្ដោះអាសន្នរាប់លាននាក់បន្ថែមទៀតនឹងដាក់ពាក្យនៅខែឧសភានេះ និងមិថុនាខាងមុខ ដើម្បីសុំប្រាក់ឧបត្ថម្ភពីរដ្ឋសម្រាប់ពេលគ្មានការងារធ្វើ។
អត្រាគ្មានការងារធ្វើចំនួន ១៤,៧% ដែលបានប្រកាសកាលពីថ្ងៃសុក្រ គឺជាអត្រាអាក្រក់ជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក តាំងពីសម័យវិបត្តិសេដ្ឋកិច្ចកាលពីទសវត្សរ៍ ១៩៣០ មក។
ប៉ុន្តែលោក Mnuchin បាននិយាយថា៖ «នេះមិនមែនជាកំហុសរបស់អ្នកធ្វើការ ឬក៏កំហុសរបស់អាជីវកម្មនានានោះទេ។ យើងបានបិទសេដ្ឋកិច្ច»។
លោក Mnuchin បានបន្ថែមថា៖ «យើងយល់អំពីផលប៉ះពាល់នេះ។ វានឹងកាន់តែអាក្រក់បំផុតនៅត្រីមាសទីពីរនេះ។ បន្ទាប់មក ខ្ញុំគិតថា វានឹងមានភាពប្រសើរឡើងវិញ។ ខ្ញុំមានសុទិដ្ឋិនិយម មិនមែនទុទិដ្ឋិនិយមនោះទេ ចំពោះរឿងនេះ»៕