រយៈពេលជិត២ខែធ្លាក់ចូលក្នុងការមិនរីកចម្រើនសេដ្ឋកិច្ចសាកលលោកដែលមិនធ្លាប់មានកាលពីពេលមុន អត្រាគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិក បានឡើងទៅដល់១៤,៧ ភាគរយដែលមានច្រើនជាងអឺរ៉ុបនិងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតដូចជា ជប៉ុន និងចក្រភពអង់គ្លេស។
ឥទ្ធិពលនៃមេរោគកូរ៉ូណា មានការប្រែក្រឡាស់យ៉ាងខ្លាំងសម្រាប់សហរដ្ឋអាមេរិក ដែលប៉ុន្មានឆ្នាំមុនការរាលដាលនៃជំងឺកូវីដ១៩ មានការរីកចម្រើនយ៉ាងខ្លាំងនូវទីផ្សារការងារ។ កាលពីបីបួនខែកន្លងមក អត្រាគ្មានការងារធ្វើទូទាំងប្រទេសមានចំនួន៣,៥ភាគរយ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល៥០ឆ្នាំ ហើយមានចំនួនទាបជាងសហភាពអឺរ៉ុបយ៉ាងខ្លាំង ដោយសហភាពអឺរ៉ុបមានចំនួន៦,២ ភាគរយ។
របាយការណ៍ការងារដែលត្រូវបានចេញផ្សាយដោយការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃសុក្រម្សិលមិញថា សហរដ្ឋអាមេរិកបានបាត់បង់ការងារ២០លាន៥សែនក្នុងរយៈពេលមួយខែដែលបានបញ្ចប់នៅពាក់កណ្តាលខែមេសា ជាតួលេខដ៏ភ្ញាក់ផ្អើលដែលមិនធ្លាប់មានកាលពីពេលមុននៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ការបាត់បង់ការងារមាននៅក្នុងវិស័យឧស្សាហកម្ម ដោយវិស័យទេសចរណ៍បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងបំផុត។
នៅក្នុងតំបន់អឺរ៉ុប មានការផ្ទុយពីសហរដ្ឋអាមេរិក អត្រាគ្មានការងារធ្វើជាមធ្យម បានហក់ឡើងមិនសូវខ្លាំង ហើយត្រូវគេរំពឹងថា នឹងកើនឡើង៩,៥ ភាគរយនៅឆ្នាំ២០២០នេះ។នេះតាមការព្យាករណ៍ដែលបានចេញផ្សាយដោយគណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធ៕