ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពេលគ្មានការងារធ្វើបានថយចុះបន្តិច កាលពីសប្តាហ៍មុន ប៉ុន្តែនៅតែមានពលរដ្ឋចំនួន ៣ លាននាក់បន្ថែមទៀត បានសុំប្រាក់ជំនួយរដ្ឋ ខណៈជំងឺរាតត្បាតជាសាកលកូវីដ១៩ បន្តវាយលុកសេដ្ឋកិច្ចដែលធំជាងគេរបស់ពិភពលោកមួយនេះ។
ចំនួននៃអ្នកសុំជំនួយរដ្ឋបន្ថែមថ្មីនេះបានធ្វើឲ្យចំនួនពលរដ្ឋដែលបាត់បង់ការងារ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បានកើនដល់ចំនួនយ៉ាងហោចណាស់ ៣៦ លាន ៥ សែននាក់ ដែលនេះស្មើនឹងជាង ១ភាគ៥ នៃពលរដ្ឋអាមេរិកពេញវ័យធ្វើការ សរុបចំនួន ១៦៤ លាននាក់។
មន្ត្រីសេដ្ឋកិច្ចរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និយាយថា អត្រាអត់ការងារធ្វើអាចកើនឡើងដល់ ២៥% ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ នៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ច Great Depression ក្នុងទសវត្សន៍ ១៩៣០ ម៉្លេះ។
សភានិងប្រធានាធិបតីអាមេរិកបានរួមគ្នាអនុម័តរួចមកហើយនូវកញ្ចប់ថវិកាប្រមាណ ៣ លានលានដុល្លារ ដើម្បីជួយដល់ពលរដ្ឋនិងអាជីវកម្មនានា ដែលរងផលប៉ះពាល់។ សភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យចង់ឲ្យរដ្ឋផ្តល់ជំនួយបន្ថែមទៀត ប៉ុន្តែអ្នកតាក់តែងច្បាប់ខាងគណបក្សសាធារណរដ្ឋមានការស្ទាក់ស្ទើរ ខណៈលោកប្រធានាធិបតីត្រាំចង់រង់ចាំតាមដានស្ថានភាពបន្តទៀតសិន។
ជាការឆ្លើយតបនឹងស្ថានភាពនេះ អភិបាលនៃរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកបានចាត់វិធានការបើកសកម្មភាពសេដកិច្ចវិញដោយផ្នែកនៅក្នុងរដ្ឋរបស់ពួកគេ ដោយពេលខ្លះពួកគេបានអនុញ្ញាតឲ្យហាងនិងភោជនីយដ្ឋានអាចបើកឡើងវិញបាន ដរាបពួកគេអាចរក្សាគម្លាតពីគ្នាបាន និងបន្ថយចំនួនអតិថិជនក្នុងពេលតែមួយ។ នៅតំបន់ខ្លះពលរដ្ឋដែលជាប់ក្នុងផ្ទះជាច្រើនសប្តាហ៍បាននាំគ្នាសម្រុកទៅភោជនីយដ្ឋាន ដែលសម្រេចបើកវិញប្រឆាំងនឹងបម្រាមរបស់អាជ្ញាធរមូលដ្ឋាន៕