រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃសៅរ៍ម្សិលមិញថា ខ្លួនបានចាប់ផ្ដើមឡើងវិញនូវការទទួលសំណើដើម្បីផ្ដល់សិទ្ធិជាថ្មីដល់ជនអន្តោប្រវេសន៍នៃកម្មវិធីសកម្មភាពផ្អាកការបញ្ជូនចេញពីសហរដ្ឋអាមេរិកនូវជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីនៅកុមារ ដែលហៅកាត់ថា DACA។
ការប្រកាសរបស់ទីភ្នាក់ងារសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពីចៅក្រមមួយរូបកាលពីសប្ដាហ៍មុនបានរារាំងជាបណ្ដោះអាសន្នចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់កម្មវិធី DACA នេះ។
ទីភ្នាក់ងារសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកបានប្រកាសនៅលើវិបសាយរបស់ខ្លួនយ៉ាងដូច្នេះថា៖ «រហូតទាល់តែមានការជូនដំណឹងបន្ថែមទៀត គោលនយោបាយនៃកម្មវិធី DACA នេះ នឹងដំណើរការជាធម្មតាស្របទៅតាមលក្ខខណ្ឌដែលមានចែងស្រាប់មុនពេលដែលកម្មវិធីនេះត្រូវបានរំលាយចោលកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ»។
សេចក្ដីប្រកាសនោះបានបញ្ជាក់ថា អ្នកដែលពីមុនទទួលបានសិទ្ធិការពារពីការបញ្ជូនចេញពីសហរដ្ឋអាមេរិកក្រោមកម្មវិធី DACA នេះ អាចដាក់ពាក្យសុំឲ្យមានការបន្តជូននូវសិទ្ធិដូចនេះដល់ខ្លួនឡើងវិញ។ សេចក្ដីប្រកាសនោះបានបន្ថែមទៀតថា ទីភ្នាក់ងារសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិកនឹងមិនទទួលសំណើពីអ្នកដែលមិនដែលទទួលបានសិទ្ធិក្រោមកម្មវិធី DACA នេះនោះទេ។
ការពន្យារពេលកម្មវិធី DACA នេះ បានផ្ដល់សេរីភាពឲ្យរដ្ឋអាជ្ញាធ្វើការសម្រេចលើការពង្រឹងច្បាប់អន្តោប្រវេសន៍។
កាលពីខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ លោក Trump បានលុបចោលនូវកម្មវិធី DACA នេះ ដែលនេះជាកម្មវិធីមួយបង្កើតឡើងដោយអតីតប្រធានាធិបតី Barack Obama ដើម្បីការពារជនអន្តោប្រវេសន៍ជិត ៨ សែននាក់ ពីការបញ្ជូនចេញពីសហរដ្ឋអាមេរិក ដែលជនអន្តោប្រវេសន៍ទាំងនោះត្រូវបានឪពុកម្ដាយពួកគេនាំចូលមកកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីពួកគេនៅជាកុមារ ហើយឥឡូវនេះ អ្នកទាំងនោះនៅតែរស់នៅដោយខុសច្បាប់ដដែលនៅក្នុងសហរដ្ឋអាមេរិក៕