ប្រទេសអ៊ីរ៉ង់បានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាកិច្ចព្រមព្រៀងអាវុធនុយក្លេអែររវាងរដ្ឋាភិបាលក្រុង Teheran និងប្រទេសមហាអំណាច «មិនត្រូវធ្វើការចរចាជាថ្មីទេ»។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសអ៊ីរ៉ង់«នឹងមិនទទួលយកការកែប្រែណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះទេ នៅពេលនេះនិងក្នុងពេលអនាគត» ហើយប្រទេសអ៊ីរ៉ង់នឹង «មិនធ្វើសកម្មភាពណាមួយហួសពីការប្តេជ្ញារបស់ខ្លួនទេ»។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បាននិយាយនៅក្នុង Twitter ថាការប្រកាសរបស់ប្រធានាធិបតីស.រ.អា. Donald Trump កាលពីថ្ងៃសុក្រថាគាត់ចង់យល់ព្រមឱ្យមានការដាក់ទណ្ឌកម្មថ្មីៗលើប្រទេសអ៊ីរ៉ង់ជា «ការប៉ុនប៉ងដោយអស់សង្ឃឹមដើម្បីធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀងពហុភាគីដ៏មាំទាំមួយ»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ជាលើកទីបីហើយដែលTrump មិនបានដាក់ទណ្ឌកម្មតឹងរ៉ឹងជាថ្មីដែលមានគោលដៅជំរុញប្រទេសអ៊ីរ៉ង់ឱ្យបោះបង់ចោលការស្រាវជ្រាវខាងអាវុធអាវុធនុយក្លេអែររបស់ផងខ្លួន។
ប្រធានាធិបតី Trump បាននិយាយថាគាត់បដិសេធការដាក់ទណ្ឌកម្មទាំងនេះដើម្បីទុកពេលវេលា១២០ថ្ងៃឱ្យសភាស.រ.អា.និងពួកសម្ព័ន្ធមិត្តអឺរ៉ុបកែលម្អកិច្ចព្រមព្រៀងនេះឬមួយប្រឈមនឹងការដែលស.រ.អា.បោះបង់ចោលកិច្ចព្រមព្រៀងនេះ៕