ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសរុស្ស៊ី​ប្រកាស​មិន​ទទួល​ស្គាល់​របាយការណ៍​ពី​ការជ្រៀតជ្រែក​របស់​ខ្លួន​ និង​ថា​នោះ​ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​


រូបភាពឯកសារ៖ អ្នកនាំពាក្យ​របស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov នៅ​វិមាន​ក្រឹមឡាំង​ក្នុង​ទីក្រុង​ Moscow ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃទី​២៧ មិនា ២០១៧។
រូបភាពឯកសារ៖ អ្នកនាំពាក្យ​របស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov នៅ​វិមាន​ក្រឹមឡាំង​ក្នុង​ទីក្រុង​ Moscow ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃទី​២៧ មិនា ២០១៧។

ប្រទេសរុស្ស៊ី​បាន​ប្រកាស​មិន​ទទួល​ស្គាល់​របាយការណ៍​ដែល​រៀបចំ​ឡើង​ដោយ​គណកម្មាធិការ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​កិច្ចការ​បរទេស​ ដែល​បាន​ចោទ​ប្រកាន់​វិមានក្រឹមឡាំង​ ថា​បាន​ជ្រៀតជ្រែក​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាធិបតេយ្យ។ រដ្ឋាភិបាលរុស្ស៊ី​បាន​ហៅ​ការ​ចោទប្រកាន់​នោះ​ថា​ ជា​ការ«ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន» និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃពុធ​បាន​ព្រមាន​ថា​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លិទ្ធិប្រជាធិបតេយ្យ​ ជាង​ការជ្រៀតជ្រែក​នៅក្នុង​ការ​បោះឆ្នោត​សហរដ្ឋអាមេរិក​ទៅ​ទៀត​ និង​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Donald Trump ថា​បរាជ័យ​ក្នុងការ​ប្រឈម​នឹង​ការ​គម្រាម​កំហែង​នេះ។

លោក Ben Cardinសមាជិក​ព្រឹទ្ធសភា​ប្រចាំរដ្ឋMarylandខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​សភាជិក​ជាន់ខ្ពស់​មួយ​រូប​នៃ​គណកម្មាធិការ​ទំនាក់ទំនង​បរទេស​ បាន​ថ្លែង​ថា ៖«មិន​ដែល​មាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​ណា​ពី​មុន​មក​ដែល​ធ្វើ​មិន​ដឹង​មិន​ឮ​ការ​គម្រាម​កំហែង​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ​ ហើយ​ការ​កើនឡើង​នៃ​ការ​គម្រាមកំហែង​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សហរដ្ឋអាមេរិក»។ លោក​បាន​ថ្លែង​បន្ថែម​ថា​ បើ​គ្មាន​វិធីសាស្ត្រ​ណា​ទប់ស្កាត់​នោះ​ទេ​ រុស្ស៊ី​នឹង​បន្ត​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ​ និង​ការ​បោះ​ឆ្នោត​ឆ្នាំ២០២០ថែម​ទៀត។

លោកCardin បាន​ផ្សព្វផ្សាយ​របាយការណ៍​ដែល​រៀបចំឡើង​ដោយ​គណកម្មាធិការ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ថា​បាន​ធ្វើ​ការវាយ​ប្រហារ​ឥតឈប់ឈរ​លើ​លិទ្ធិប្រជាធិបតេយ្យ​ ទាំងនៅ​ក្នុង​ប្រទេសរុស្ស៊ី​ និង​ទាំង​នៅ​បរទេស​ និង​បាន​ជំរុញ​ឲ្យ​មាន​យុទ្ធសាស្រ្ត​មួយចំនួន​ប្រឆាំងតបវិញ​ ដោយ​ចាប់​ផ្តើម​ជាមួយ​ការដឹកនាំ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

របាយការណ៍​បាន​បង្ហាញ​ថា៖ «របបគ្រប់គ្រង​របស់​ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាន​បង្កើត​វិធានការណ៍​មួយ​ចំនួន​ ដើម្បី​ជះឥទ្ធិពល​នៅ​បរទេស»ហើយ«ហាក់​ដូចជា​មាន​គោលបំណង​ប្រើប្រាស់​គ្រប់វិធី​ដែល​អាច​រក​បាន​ ដើម្បី​ឲ្យ​ស្ថាប័ន​ប្រជាធិបតេយ្យ​ទាំងឡាយ​ និង​បក្សម្ព័ន្ធ​ឆ្លងសមុទ្រ​អាត្លង់ទិក​មាន​ភាពទន់ខ្សោយ»។

នៅក្នុង​សន្និសីទ​សារពត៌មាន​តាមទូរសព្ទ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្ស៊ិលម៉ិញ​ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​បដិសេធ​រាល់ការ​ចោទប្រកាន់នៃ​ការ​ជ្រៀតជ្រែក​ទាំងនោះ និងបានសម្តែងនូវការភ្ញាក់ផ្អើល​ដែលនៅតែ​មានការ​ចោទ​ប្រកាន់​ទាំងនោះ៕

XS
SM
MD
LG