តាំងពីរដ្ឋ California រហូតដល់រដ្ឋ Pennsylvania អភិបាលរដ្ឋនិងអភិបាលក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកកំពុងបង្កើនវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចំពេលមានការផ្ទុះឆ្លងរាតត្បាតជាថ្មីនូវវីរុសនេះ ដែលកាន់តែធ្ងន់ធ្ងរ ដោយសារការធ្វើដំណើរនិងគ្រួសារជួបជុំគ្នាក្នុងអំឡុងពេលបុណ្យដឹងគុណ ឬ Thanksgiving នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
អភិបាលនានាកំពុងបិទអាជីវកម្មឬកាត់បន្ថយម៉ោងបើកហាងនិងប្រតិបត្តិការផ្សេងៗ ហើយពួកគេកំពុងដាក់កំហិតមិនឱ្យប្រជាជនចេញពីផ្ទះ និងរក្សាគម្លាតពីគ្នាដើម្បីជួយទប់ស្កាត់ការកើនឡើងនៃការឆ្លងដែលគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល។
លោក Phil Murphy អភិបាលរដ្ឋ New Jersey បាននិយាយកាលពីថ្ងៃច័ន្ទថា៖ «ខ្ញុំត្រូវតែរឹតបន្តឹងម្តងទៀត» ខណៈពេលលោកប្រកាសបន្ថយចំនួនមនុស្សជួបជុំគ្នានៅក្នុងផ្ទះពី២៥នាក់មកនៅត្រឹម១០នាក់នោះ។ លោកថ្លែងទៀតថា៖ «ខ្ញុំមិនសប្បាយចិត្តទេដែលត្រូវសម្រេចអ៊ីចឹងនោះទេ»។
អភិបាលរដ្ឋ California លោក Gavin Newsom បានប្រកាសថា លោកនឹងត្រូវទប់ស្កាត់បន្ទាន់កិច្ចប្រឹងប្រែងបើកសេដ្ឋកិច្ចឡើងវិញ ដោយនិយាយថា រដ្ឋនេះកំពុងមានការឆ្លងលឿនបំផុត ហើយបើមិនបានត្រួតពិនិត្យទេ វានឹងនាំឱ្យមាន «មហន្តរាយ»។ វិធានការនេះបិទអាជីវកម្មជាច្រើនដែលមិនចាំបាច់និងតម្រូវឱ្យពាក់ម៉ាស់នៅខាងក្រៅផ្ទះ ដោយមានករណីលើកលែងតិចតួច។
នៅពេលនេះ សហរដ្ឋអាមេរិកមានអ្នកស្លាប់ជាមធ្យមជាង១.១០០នាក់ក្នុងមួយថ្ងៃពីជំងឺកូវីដ១៩ ដែលចំនួននេះជាការកើនឡើង៥០%លើសតួលេខពីដើមខែតុលាមក ហើយជំងឺនេះបានសម្លាប់មនុស្សសរុបជាង២៤៦.០០០នាក់ និងឆ្លងដល់ប្រជាជនអាមេរិកជាង១១លាននាក់៕