គណ:កម្មាការអឺរ៉ុប ដែលជាផ្នែកប្រតិបត្តិរបស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ អំពីគម្រោងនៃការទិញវ៉ាក់សំាងចំនួន ៤០៥ ពាន់លានដូស ពីក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាល្លឺម៉ង់ ដែលមានឈ្មោះថា CureVac [ប្រសិនបើក្រុមហ៊ុននេះ ផលិតវ៉ាក់សាំងនេះបានសម្រេច]។
ការប្រកាសដូចនេះ បានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមន្ត្រីរបស់សហភាពអឺរ៉ុប បានប្រកាសអំពីកិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរជាមួយក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ និងក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក លើការទិញវ៉ាក់សំាងជំហានដំបូងចំនួន ៣០០ លានដូស ដែលកំពុងផលិតរួមគ្នាដោយក្រុមហ៊ុនទាំងពីរនេះ។ ក្រុមហ៊ុនទាំងពីរនេះបញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩០% ប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងការសាកល្បងជំហានចុងក្រោយ។
ប្រធានគណ:កម្មាការអឺរ៉ុប អ្នកស្រី Ursula von der Leyen បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CureVac គឺនឹងធ្វើឡើងក្នុងលក្ខខណ្ឌថា វ៉ាក់សាំងដែលពួកគេផ្ដល់ជូន គឺមានសុវត្ថិភាពនិងប្រសិទ្ធភាព។
អ្នកស្រី Von der Leyen បាននិយាយថា ក្រុមហ៊ុន CureVac គឺជាក្រុមហ៊ុនទី ៥ ដែលគណៈកម្មការអឺរ៉ុប បានចុះកិច្ចសន្យាជាមួយដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ អ្នកស្រីបានបន្ថែមថា គណៈកម្មការអឺរ៉ុប ក៏កំពុងធ្វើការផងដែរលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ Moderna របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនទី ៦។
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Moderna បានប្រកាសថា ការសាកល្បងបានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពលើសពី ៩០%៕