កិច្ចប្រឹងប្រែងជាសាកលក្នុងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ កំពុងទទួលបានការលើកទឹកចិត្តបន្ថែម ជាមួយនឹងព័ត៌មាននៃវ៉ាក់សាំងដែលមានប្រសិទ្ធភាពមួយទៀត។
ក្រុមហ៊ុនផលិតឱសថ Moderna ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា វ៉ាក់សាំងសាងល្បងការពារជំងឺកូវីដ១៩របស់ខ្លួន មានប្រសិទ្ធភាពចំនួន៩៤,៥% ប្រឆាំងនឹងការឆ្លងនៃវីរុសកូរ៉ូណា នេះបើផ្អែកលើលទ្ធផលបឋមនៃការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងរបស់ខ្លួននោះ។ មហាក្រុមហ៊ុនផលិតឱសថដែលមានមូលដ្ឋានក្នុងរដ្ឋ Massachusetts មួយនេះ បានផលិតវ៉ាក់សាំងនេះ ដោយសហការជាមួយអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជំងឺឆ្លងនិងអាឡែកស៊ីជាតិរបស់រដ្ឋាភិបាលអាមេរិក។
ពេលនេះ ក្រុមហ៊ុន Moderna ជាក្រុមហ៊ុនទី២ ដែលបានផលិតវ៉ាក់សាំងកូវីដ១៩ ប្រកបដោយសក្តានុពល ដែលអាចទទួលបាននូវជោគជ័យក្នុងអត្រាមានប្រសិទ្ធភាពរហូតជាង៩០%។ ការប្រកាសនេះ ត្រូវបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងក្រុមហ៊ុនឱសថ អាល្លឺម៉ង់ BioNTech ជាក្រុមហ៊ុនដំបូងដែលបានប្រកាសពីប្រសិទ្ធភាពលើស៩០%នេះ។
ក្រុមហ៊ុនឱសថធំមួយទៀតរបស់អាមេរិកឈ្មោះ Johnson & Johnson កំពុងធ្វើការសាកល្បងវ៉ាក់សាំងកូវីដ១៩ដែលប្រើតែមួយដូសរបស់ខ្លួន ក្នុងដំណាក់កាលទី៣ដែរ ក្នុងប្រទេសអាហ្សង់ទីន ប្រេស៊ីល ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានផ្អាកការសាកល្បងកាលពីខែតុលា បន្ទាប់អ្នកសាកល្បងម្នាក់ធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ។
តាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថាគិតត្រឹមថ្ងៃចន្ទ អ្នកឆ្លងជំងឺកូវីដ១៩ នៅជុំវិញពិភពលោកមានចំនួនជាង៥៤,៤លាននាក់ ហើយមនុស្សជាង ១,៣លាននាក់ បានស្លាប់ដោយសារជំងឺនេះ។
ដែលឡែក នៅសហរដ្ឋអាមេរិក ករណីឆ្លងជំងឺកូវីដ១៩កើនលើស១១លាននាក់ ហើយអភិបាលរដ្ឋជាច្រើនបានដាក់ចេញនូវវិធានការរឹតបន្តឹងថ្មីៗបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។
អភិបាលរដ្ឋMichiganលោកស្រី Gretchen Whitmer បានប្រកាសពីការដាក់បម្រាមដល់ការហូបអាហារជុំគ្នាពេលល្ងាចនៅតាមភោជនីយដ្ឋាន ការសិក្សាក្នុងថ្នាក់រៀននៅតាមវិទ្យាល័យនិងមហាវិទ្យាល័យនានា ក៏ដូចហាមព្រឹត្តិការណ៍សាធារណៈមួយចំនួន នៅតាមកាស៊ីណូនិងរោងកុងផងដែរ។ ការជួបជុំគ្នានៅផ្ទះ ត្រូវបានកំណត់មិនឲ្យលើសពីចំនួន១០នាក់នោះទេ។
លោកស្រីថ្លែងប្រាប់អ្នកកាសែតថា៖ «នៅពេលនេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏អាក្រក់បំផុតនៃជំងឺរាតត្បាតនេះ»។ ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ មិនដែលមានសភាពអាក្រក់ខ្លាំងដូចពេលនេះទេ។ យើងកំពុងស្ថិតក្នុងស្ថានភាពអន្តរាយ ដូចនេះ យើងចាំបាច់ត្រូវតែចាត់វិធានការមួយចំនួន»។
នៅក្នុងរដ្ឋវ៉ាស៊ីនតោនភាគពាយ័ព្យប្រទេសអាមេរិកវិញ អភិបាលរដ្ឋលោក Jay Inslee ក៏បានដាក់បម្រាមការហូបអាហារជុំគ្នានៅក្នុងភោជនីយដ្ឋាន ហើយបានបញ្ជាឲ្យហាងទំនិញទាំងអស់ ត្រូវទទួលភ្ញៀវចូលម្តងត្រឹមចំនួន២៥% ប៉ុណ្ណោះ។ ការជួបជុំគ្នានៅខាងក្រៅ ត្រូវបានអនុញ្ញាតត្រឹមចំនួន៥នាក់ប៉ុណ្ណោះ ខណៈការជួបជុំគ្នាក្នុងផ្ទះក្រៅពីសមាជិកក្រុមគ្រួសារផ្ទាល់ ត្រូវបានហាមឃាត់។
ក្នុងពេលមួយសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាមធ្យមជិត ១៥០.០០០នាក់ ក្នុងមួយថ្ងៃ ហើយនៅបណ្តារដ្ឋជាច្រើនមានការឆ្លងហក់ឡើងយ៉ាងខ្លាំង។ នេះបើតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins ដដែល។ រហូតមកដល់ពេលនេះ មនុស្សជាង២៤៦.០០០នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងសហរដ្ឋអាមេរិក៕