ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​របាយ​ការណ៍​របស់​ស.រ.អា.​ព្រមាន​ថា​ ពួក​ភេរវជន​បាន​សម្រប​តាម​ស្ថានភាព​ហើយ​រាលដាល​ជាង​មុន​ ទោះ​ណា​ជា​មាន​ការ​គាប​សង្កត់​ក៏​ដោយ


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​ការ​ចរចា​ជាមួយ​នឹង​ចិន និង​អ៊ីរ៉ង់ និង​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​ការ​ចរចា​ជាមួយ​នឹង​ចិន និង​អ៊ីរ៉ង់ និង​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​ស.រ.អា.​បាន​រក​ឃើញ​ថា​ មាន​ជោគជ័យ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​ប្រឆាំង​នឹង​ភេរវជន​ តែ​ជោគជ័យ​ទាំងនោះ​មិន​បាន​កាត់​បន្ថយ​សកម្មភាព​របស់​ពួក​ភេរវជន​ដូច​ជា​ ពួក​រដ្ឋ​ឥស្លាម ​និង​ពួក​អាល់ខៃដា​នោះ​ទេ។​

រហូត​មក​ដល់​ពេល​នេះ​ មាន​ជោគ​ជ័យ​ធំៗ​ប្រឆាំង​នឹង​ក្រុម​ភេរវជន​ដូច​ជា​ពួក​រដ្ឋ​ឥស្លាម ​និង​ពួក អាល់ខៃដា​ជា​ដើម​តែ​ជោគជ័យ​ទាំង​នោះ​មិន​បាន​រារាំង​ការ​រាល​ដាល​របស់​ពួក​ជន​ទាំង​នេះ​នៅ​ទូទាំង​ពិភព​លោក​ទេ។ ​ នេះ​ជា​ផ្នែក​មួយ​នៃ​និន្នាការ​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​របាយការណ៍​ថ្មី​របស់​រដ្ឋាភិបាល​ស.រ.អា.​អំពី​ភេរវកម្ម។​

ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ទី២៤​ ខែ​មិថុនា​បាន​សរសើរ​ «ជោគជ័យ​ធំៗ»​ ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដែល​កំពុង​ធ្វើ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បង្ក្រាប​ភេរវកម្ម។​ ឯកសារ​នេះ​របស់​ក្រសួង​ការ​បរទេស​អាមេរិកាំង​បាន​ចង្អុល​បង្ហាញ​បរាជ័យ​របស់​ពួក​ caliphate​ គឺ​ពួក​អ្នក​ដឹកនាំ​នយោបាយ​រដ្ឋ​ឥស្លាម ​ហៅ​កាត់​ថា​ IS ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី ​ការ​សម្លាប់​អតីត​មេ​ដឹកនាំ​ពួក​រដ្ឋ​ឥស្លាម​ ឈ្មោះ​ Abu Bakr-al Baghdadi ​និង​ការ​សម្លាប់​ឈ្មោះ ​Hamza bin Laden​ កូន​ប្រុស​របស់​ Osama bin Laden ​ស្ថាបនិក​ក្រុម​អាល់ខៃដា។

សេចក្តី​រាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថាជោគជ័យ​ទាំង​នេះ​មិន​គ្រប់​គ្រាន់​ទេ។​

របាយ​ការណ៍​នេះ​សន្មត​ថា៖​ «ទោះ​ណា​ជា​មាន​ជោគជ័យ​ទាំង​នេះ​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ការ​គំរាម​កំហែង​ប្រកប​ដោយ​គ្រោះថ្នាក់​ពី​ពួក​ភេរវ​ជន​ត​ទៅ​ទៀត»។​

ពួក​មន្ត្រី​ស.រ.អា.​ជាន់​ខ្ពស់​និយាយ​បង្ហាញ​ហេតុផល​ថាផ្នែក​មួយ​នៃ​ឧបសគ្គ​ទាំង​នេះ​គឺ​ការ​គំរាម​កំហែង​ច្រើន​ប្រភេទ​គឺ​អ្វី​ដែល​របាយ​ការណ៍​នេះ​ពណ៌នា​ថា​ជា៖​ «ការ​គំរាម​កំហែង​ផ្សេងៗ​គ្នា​និង​ប្រកប​ដោយ​កម្លាំង»​ ដែល​មាន​តាំងពី​ពួក​ជីហាដ​រហូត​ដល់​ពួក​ជន​ស្បែក​ស​មាន​ឧត្តមភាព​ ហើយ​ពិភពលោក​ពឹង​ពាក់​លើ​ការ​នាំ​មុខ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។​

រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​ លោក​ Mike Pompeo ​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​កាល​ពី​ថ្ងៃពុធ​ ទី២៤​ ខែ​មិថុនា​ថា៖ «រដ្ឋបាល​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដោយ​ភេរវ​កម្ម​ដែល​រដ្ឋបាល​ឯ​ទៀត​មិន​បាន​ផ្តល់​សារៈ​សំខាន់។​ ក៏​ប៉ុន្តែ​យើង​មិន​បានរួញ​រា​ក្នុង​ការ​យក​ពួក​ភេរវជន​ទៅ​កាត់​ទោស​ទេ»។​

ពួក​មន្ត្រី​ឯ​ទៀតៗ​ព្រមាន​ថាមាន​បញ្ហា​មួយ​ទៀត​គឺ​ពួក​ភេរវជន​បាន​សម្រប​ខ្លួន​តាម​ស្ថានភាព រក​វិធី​ធ្វើ​សកម្មភាព​ និង​ពង្រីក​សកម្មភាព​ត​ទៅ​ទៀត​ ទោះ​ណា​ជា​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កម្ចាត់​ពួក​នេះ​ក៏ដោយ​ ជាពិសេស​ករណី​នៃ​ពួក​រដ្ឋ​ឥស្លាម។​

លោក ​Nathan Sales​ ជា​អ្នក​សម្រប​សម្រួល​ខាង​ការ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ក្រសួង​ការ​បរទេស​ស.រ.អា.។​ លោក​បាន​និយាយ​ប្រាប់​ពួក​អ្នក​សារ​ព័ត៌មាន​ថា៖ ​«យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ក្រុម​ភេរវជន​ត​ទៅ​ទៀត»។​

លោក​ Sales ​បាន​ថ្លែង​អំពី​ពួក​រដ្ឋ​ឥស្លាម​ថា៖ ​«យើង​ឃើញ​ការ​វិវត្ត​របស់​ពួក​ ISIS ​ពី​អង្គភាព​មួយ​ដែល​ត្រួត​ត្រា​ដែន​ដី​ទៅ​ជា​បណ្តាញ​គឺ​បណ្តាញ​សាកល​មួយ​ដែល​រាលដាល​ទៅ​ដល់​កន្លែង​ដែល​មាន​មនុស្ស​រស់​នៅ​លើ​ទ្វីបទាំង​អស់»។​

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ កាលពី​ថ្ងៃ​ពុធ​ ទី​២៤​ ខែមិថុនា ​កម្មវិធី​រង្វាន់​សម្រាប់​យុត្តិធម៌​ភាសា​អង់គ្លេស​ហៅ​ថា​ Rewards for Justice ​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​បង្កើន​រង្វាន់​ទ្វេ​ដង​សម្រាប់​ការ​ចាប់​ខ្លួន​ឈ្មោះ​ Abu Ibrahim al-Hashimi al-Qurashi ​មេ​ដឹកនាំ​បច្ចុប្បន្ន​របស់​ពួក​រដ្ឋ​ឥស្លាម​គឺ​បង្កើនរង្វាន់​ដល់​ចំនួន​១០​លាន​ដុល្លារ។​

ពួក​អ្នក​រិះគន់​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ភេរវកម្ម​បារម្ភ​ថា​ ​ការ​ធ្វើ​កិច្ចការ​ដដែលៗ​គឺ​ការ​តាម​ចាប់​ខ្លួន​ពួក​មេ​ដឹកនាំ​ពួក​ភេរវជន​សំខាន់ៗ​ដូច​ជា​ al-Qurashi ​ជា​ដើម​នោះ​ទំនង​ជា​នឹង​មិន​មាន​លទ្ធផល​ល្អ​ជាង​មុន​ទេ។​

អ្នក​ស្រី ​Katherine Zimmerman ​ជា​អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន ​American Enterprise។ ​អ្នក​ស្រី​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​យល់​ថា​ ការ​កម្ចាត់​ al-Qurashi ​ពី​សមរភូមិ​នឹង​បញ្ឈប់​ការ​គំរាម​កំហែង​បាន​ទេ​ ជាពិសេស​នៅ​ពេល​នេះ​ដែល​ការ​គំរាម​កំហែង​ជា​ច្រើន​មាន​នៅ​ខាង​ក្រៅ​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី»។​

អ្នក​ស្រី​ Zimmerman ​បាន​ថ្លែង​បន្ថែម​ថា៖ ​«ប្រសិន​បើ​អតីត​មេដឹក​នាំ​ពួក​រដ្ឋ​ឥស្លាម​ឈ្មោះ ​Baghdadi ​នៅ​រស់​នៅ​ថ្ងៃ​នេះ ​តើ​ពួក​រដ្ឋ​ឥស្លាម ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​និង​សាខា​របស់​ពួក​នេះ​នៅ​ក្នុង​ពិភពលោកមាន​ភាព​ខុស​ពី​មុន​ច្រើន​ទេ?​ ខ្ញុំ​មិន​យល់​ថា​ មានភាព​ខុស​គ្នា​ទេ»។​

ពួក​អ្នក​ជំនាញ​និង​ពួក​អតីត​មន្ត្រី​ខ្លះ​សុំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ចង់​ពឹង​ពាក់​ខ្លាំង​ពេក​លើ​សកម្ម​ភាព​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ឱ្យ​បាន​ឆាប់​រហ័ស​នោះ។​

លោក​ Michael Morell ​ជា​អតីត​នាយក​រង​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ស.រ.អា.​ CIA។ លោក​បាន​និយាយ​ប្រាប់​ពួក​សមាជិក​សភា​ស.រ.អា.​កាលពី​ថ្ងៃ​ពុធ​ ទី២៤ ខែ​មិថុនា​ថា៖​ «ការ​បន្ថយ​កម្លាំង​ពួក​ភេរវជន​ជា​ការ​ងាយ​ណាស់។​ នៅ​ពេល​ណា​លោក​អ្នក​មាន​ព័ត៌មាន​ពី​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ និង​នៅ​ពេល​ណា​លោក​អ្នក​មាន​កងយោធា​នៅ​នឹង​កន្លែង ​វា​ងាយ​ស្រួល​ណាស់​ក្នុង​ការ​កាត់​បន្ថយ​កម្លាំង​ពួក​វា។​ ក៏​ប៉ុន្តែ​ពួក​វា​ក៏​មាន​ការ​ងាយ​ស្រួល​ណាស់​ដែរ​ក្នុង​ការ​ប្រមូល​ផ្តុំ​កម្លាំង​ជា​ថ្មី​វិញ»។​

អ្នក​ជំនាញ​ខ្លះ​ឱ្យ​ដឹង​ថា​ ស.រ.អា.​ត្រូវ​តែ​ដោះស្រាយ​ស្ថានភាព​ដែល​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ភេរវកម្ម​គឺ​ដើមហេតុ​ដំបូង​ដូចជា​ភាព​ទីទាល់​ក្រ ​អភិបាល​កិច្ច​គ្មាន​ប្រសិទ្ធភាព​ និង​ការ​ទុក្ខ​សោកក្នុង​ស្រុក​យ៉ាង​យូរយារ​ ដែល​បណ្តាល​ឱ្យ​ប្រជារាស្ត្រ​មាន​ការ​មិន​សប្បាយ​ចិត្ត។​

លោក​ Morell ​បាន​ថ្លែង​ថា៖ ​«យើង​គួរ​គិត​ថា​តើ​ ​យើង​បំពេញ​មុខ​នាទី​បែប​ណា​ដើម្បី​ព្យាបាល​ជំងឺ​ឱ្យ​ជា​ មិនមែន​គ្រាន់​តែ​បំបាត់​រោគ​សញ្ញា​គឺ​ត្រូវ​ព្យាបាល​ជំងឺ​នេះ​ឱ្យ​ជា»។​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG