ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ព្រលះ​ដាក់​សហរដ្ឋ​អាមេរិក​ដែល​ចាត់​ថ្នាក់​ខ្លួន​ថា​ជា​រដ្ឋ​គាំទ្រ​អំពើ​ភេរវកម្ម


រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​តំបន់​ស​គ្មាន​យោធា ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​តំបន់​ស​គ្មាន​យោធា ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្រលះ​ដាក់​សហរដ្ឋ​អាមេរិក សម្រាប់​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គឺ​ជា​រដ្ឋ​គាំទ្រ​អំពើ​ភេរវកម្ម។ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ថា របាយការណ៍​នេះ​គឺ​ជា​ឧទាហរណ៍​នៃ «គោល​នយោបាយ​អមិត្ត‍» របស់​សហរដ្ឋ​អាមេរិក ដែល​ដាក់​កំហិត​ចំពោះ​ឱកាស​ចរចា។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ ២០១៨ អំពី​រដ្ឋ​គាំទ្រ​អំពើ​ភេរវកម្ម។ ទោះបីជា​របាយការណ៍​នេះ​បន្ថយ​ការ​រិះគន់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ពី​ឆ្នាំ​មុន​ក៏​ដោយ ក៏​របាយការណ៍​នេះ​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​ចាត់​ថ្នាក់​ឡើង​វិញ​ថា​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​គាំទ្រ​អំពើ​ភេរវកម្ម​ដូច​កាល​ពី​ឆ្នាំ ២០១៧។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​ច្រានចោល​របាយការណ៍​នេះ​ថា​ជា «ការ​ញ៉ុះញ៉ុង​ដ៏​ធ្ងន់ធ្ងរ​ដែល​មាន​លក្ខណៈ​នយោបាយ‍»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​មួយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង។

សេចក្ដី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា៖ «ករណី​នេះ​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា សហរដ្ឋ​អាមេរិក​ដែល​ដក់​ជាប់​គំនិត​ស្អប់​គុំកួន​ចាក់​ឬស​ចាក់​គល់​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ កំពុង​ចាត់​គោល​នយោបាយ​អមិត្ត​មិន​ងាយ​ប្រែប្រួល​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាង​ជើង‍»។

កាល​ពី​ខែ​មុន ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ដើរ​ចេញ​ពី​ការ​ពិភាក្សា​នុយក្លេអ៊ែរ​កម្រិត​ការងារ ដោយ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​មិន​បាន​ធ្វើ​សម្បទាន​ឲ្យ​បាន​គ្រប់គ្រាន់។ តាំង​ពី​ពេល​នោះ​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​គំរាម​សាកល្បង​នុយក្លេអ៊ែរ ឬ​ក៏​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើង​វិញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា វា​ជា «ការ​ប្រមាថ‍» មួយ ដែល​សហរដ្ឋ​អាមេរិក​ចេញ​របាយការណ៍​អំពី​អំពើ​ភេរវកម្ម​នេះ ជា​ពិសេស​នៅ​ពេល​ដែល​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង «កំពុង​ជាប់​គាំង‍»៕

XS
SM
MD
LG