នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan កាលពីថ្ងៃចន្ទបានរិះគន់យ៉ាងខ្លាំងលើលោកប្រធានាធិបតី Donald Trump ដែលបានចោទសួរទៅលើកិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារប្រឆាំងភេរវកម្មប៉ាគីស្ថាន ដោយលោកនាយករដ្ឋមន្ត្រី Imran Khan បាននិយាយថា ក្រុងវ៉ាស៊ីនតោនកំពុងធ្វើឲ្យក្រុងអ៊ីស្លាម៉ាបាដក្លាយជាជនរងគ្រោះចំពោះបរាជ័យរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
តាមរយៈបទសម្ភាសន៍នៅក្នុងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយការពារការសម្រេចចិត្តរបស់លោកក្នុងការដកថវិការាប់រយលានដុល្លារពីជំនួយយោធាសម្រាប់ប្រទេសប៉ាគីស្ថាន ដោយលោកបាននិយាយថា ប្រទេសប៉ាគីស្ថានមិនបានធ្វើអ្វីមួយសម្រាប់សហរដ្ឋអាមេរិកនោះទេ។
លោកប្រធានាធិបតីបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានផ្តល់ទីជម្រកលាក់ខ្លួនដល់មេដឹកនាំក្រុម al-Qaida Osama bin Laden នៅមុនពេលដែលមេដឹកនាំរូបនេះត្រូវបានសម្លាប់ដោយកងកម្លាំងពិសេសសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១១ នៅអំឡុងពេលនៃការវាយឆ្មក់ដោយឧទ្ធម្ភាគចក្ររបស់កងកម្លាំងពិសេសនៅក្នុងប្រទេសនេះ។
លោក Khan បានច្រានចោលការប្រចោទប្រកាន់របស់លោក Trump ដោយលោកបានបង្ហោះសារតាម twitter ជាបន្តបន្ទាប់ថា ប្រទេសប៉ាគីស្ថានបានចូលរួមនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មជាមួយសហរដ្ឋអាមេរិក បើទោះបីជាប៉ាគីស្ថានមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១នៅសហរដ្ឋអាមេរិកក៏ដោយ។ លោក Khan បានបញ្ជាក់បន្ថែមថាប្រទេសប៉ាគីស្ថានបានបាត់បង់ជីវិតមនុស្ស៧៥០០០នាក់នៅក្នុងសង្គ្រាម ហើយសេដ្ឋកិច្ចប៉ាគីស្ថានបានធ្លាក់ចុះជាង១២៣ពាន់លានដុល្លារ។ លោកបាននិយាយបន្ថែមទៀតថា ជំនួយរបស់អាមេរិកចំនួន២០ពាន់លានដុល្លារនេះគឺជាចំនួនតិចតួចបំផុត៕