សេតវិមាន ឬទីស្ដីការគណៈរដ្ឋមន្ត្រីអាមេរិក បានឱ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោក វ្លាដឺមៀ ពូទីន (Vladimir Putin) បានទូរស័ព្ទទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បី «អរគុណលោក ត្រាំ ចំពោះព័ត៌មានដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យ ដែលបានជួយធ្វើឱ្យខូចគម្រោងការវាយប្រហារភេរវកម្មនៅចំពេលបុណ្យឈប់សម្រាកនៅរុស្ស៊ី»។
សេចក្ដីថ្លែងការណ៍របស់សេតវិមានដែលបានចេញផ្សាយមួយថ្ងៃក្រោយពីរដ្ឋាភិបាលរុស្ស៊ី បានបញ្ចេញព័ត៌មានអំពីការហៅទូរស័ព្ទនោះ បាននិយាយថា៖ «ប្រធានាធិបតីទាំងពីរ បានប្ដេជ្ញាបន្តសហប្រតិបត្តិការប្រឆាំងភេរវកម្មរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីទាំងពីររូប ក៏បានពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី និងកិច្ចប្រឹងប្រែងនាពេលអនាគត ដើម្បីគាំទ្រការគ្រប់គ្រងសព្វាវុធឱ្យមានប្រសិទ្ធភាព»។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់ប្រភពសេវាកម្មសន្តិសុខសហព័ន្ធ (Federal Security Service) ដោយនិយាយថា ពលរដ្ឋរុស្ស៊ីពីរនាក់ «ដែលចង់វាយប្រហារភេរវកម្មនៅទីក្រុងSt. Petersburg ចំថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំសកល» ត្រូវបានឃុំខ្លួនតាមតម្រុយដែលសហរដ្ឋអាមេរិកបានផ្ដល់ឱ្យ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានសភាពតានតឹងក្នុងពេលមានការដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមកដែលកំពុងតែបន្តនៅឡើយ ដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពី៥ឆ្នាំមុន។ ទណ្ឌកម្មទៅវិញទៅមកនេះ ក៏កើតឡើងដោយសារការបោះបង់ចោលឬការជិតផុតកាលបរិច្ឆេទនៃសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធរវាងប្រទេសទាំងពីរ និងហាក់ដូចជាការប៉ះទង្គិចគ្នាទៅលើក្រុមសម្ព័ន្ធមិត្តនិងអាទិភាពនៅទីកន្លែងដែលមានបញ្ហាដូចជានៅប្រទេសស៊ីរីនិងវ៉េណេស៊ុយអេឡា ព្រមទាំងបញ្ហាផ្សេងៗទៀតផងដែរ៕