ពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា.ត្រៀមថ្លែងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃសៅរ៍ជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនោះប្រធានាធិបតីថ្មីរបស់ស.រ.អា.រូបនេះមានប្រជាប្រិយភាពនៅរុស្ស៊ីច្រើនជាងនៅស.រ.អា.។
ប្រជាប្រិយភាពមិនធម្មតានេះភាគច្រើនកើតចេញពីការផ្សាយអំពីលោក ត្រាំ តាមបណ្តាញទូរទស្សន៍គ្រប់គ្រងដោយរដ្ឋរុស្ស៊ី។ ការស្ទង់មតិថ្មីៗដោយអង្គការ Gallup បង្ហាញថា ពលរដ្ឋអាមេរិកាំង៤៥ភាគរយគាំទ្រលោក ត្រាំ។ នេះជាតួលេខទាបសម្រាប់ប្រធានាធិបតីស.រ.អា.ដែលទើបចូលកាន់តំណែង។
ការស្ទង់មតិដោយទីភ្នាក់ងាររបស់រុស្ស៊ី VTsIOM បង្ហាញថា ពលរដ្ឋរុស្ស៊ី៤០ភាគរយគិតថា លោក ត្រាំ ជាប្រធានាធិបតីល្អរបស់ស.រ.អា. ក្នុងនោះសំឡេង៨ភាគរយនិយាយថា លោកជាប្រធានាធិបតីល្អបំផុត និងសំឡេង៣១ភាគរយទៀតចាត់ទុកថា លោកជាប្រធានាធិបតីល្អមធ្យម ហើយមាន៤ភាគរយគិតថា លោកជាប្រធានាធិបតីមិនល្អ៕