វិមាន Capitol ជាកន្លែងដែលសមាជិកគណបក្សសាធារណរដ្ឋ ចោទប្រកាន់គណបក្សប្រជាធិបតេយ្យ ថាបានចំណាយថវិកាច្រើន និងប្រើយុទ្ធសាស្ត្រពន្យារពេលដ៏គ្រោះថ្នាក់ ខណៈពេលដែលគណបក្សប្រជាធិបតេយ្យទទូចថា ពួកគេកំពុងធ្វើកិច្ចការរបស់ពួកគេ តាមតម្រូវការរបស់រដ្ឋធម្មនុញ្ញ។
កន្លងមក សវនាការបានផ្ដល់ការអនុម័តលើបេក្ខភាពគណៈរដ្ឋមន្ត្រីដែលរួមមានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Mattis និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក John Kelly ក៏ដូចជានាយកភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក Mike Pompeo។ ហើយបេក្ខជនគណៈរដ្ឋមន្ត្រីសំខាន់ៗ ជាង ១០ រូបផ្សេងទៀត កំពុងស្ថិតនៅក្រោមការពិចារណារបស់ព្រឹទ្ធសភា។
អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បាននិយាយថា៖ «យើងអង្គុយទីនេះ ចោទសួរពីរបៀបវារៈទៅថ្ងៃអនាគតរបស់លោកប្រធានាធិបតី នៅពេលដែលសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ កំពុងពន្យាពេលក្នុងការអនុម័តលើគណៈរដ្ឋមន្ត្រីរបស់លោក Trump ជាច្រើននាក់។ យើងត្រូវតែដោះស្រាយរឿងនេះ។ សេដ្ឋកិច្ច និងសុវត្ថិភាពរបស់ប្រទេសយើងជារឿងសំខាន់»។
ក្រុមសមាជិកព្រឹទ្ធសភាភាគតិចរបស់គណបក្សប្រជាធិបតេយ្យ មិនអាចរារាំងបេក្ខជនតាមចិត្តរបស់ពួកគេទេ។ ប៉ុន្តែពួកគេអាចពន្យារការបោះឆ្នោតអនុម័តបានប៉ុន្មានថ្ងៃដើម្បីធ្វើឲ្យសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋស្រងាកចិត្ត ដែលករណីនេះបានកើតឡើងទៅលើបេក្ខជនរដ្ឋមន្ត្រីក្រសួងការបរទេស លោក Rex Tillerson។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ លោក Bob Corker បាននិយាយថា៖ «ក្នុងពេលមួយនៃប្រវត្តិសាស្ត្រអាមេរិក នៅពេលដែលមានកិច្ចការជាច្រើន ដែលយើងត្រូវធ្វើជុំវិញពិភពលោក ការបដិសេធមនុស្សម្នាក់ ដែលគង់តែត្រូវបានទទួលការអនុម័តនោះ វាគ្រាន់តែជាការគុំកួនប៉ុណ្ណោះ»។
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក CHUCK SCHUMER បាននិយាយថា៖ «យើងមានមោទនភាពចំពោះកិច្ចការដែលយើងកំពុងធ្វើ»។
ខាងគណបក្សប្រជាធិបតេយ្យមិនផ្ដល់ការសូមអភ័យទោសឡើយ។
លោក Schumer បន្តថា៖ «តើវាមិនមែនជាកាតព្វកិច្ចរបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ទេឬ ក្នុងការធ្វើឲ្យប្រាកដថាយើងបានពិនិត្យពិច័យបេក្ខជនទាំងឡាយឲ្យបានគ្រប់ជ្រុងជ្រោយ? ពួកគេនឹងមានឥទ្ធិពលយ៉ាងធំធេងចំពោះជីវិតរបស់ពលរដ្ឋអាមេរិកគ្រប់រូប។ ហើយការចំណាយពេលបន្តិចបន្តួច ក្នុងការពនិត្យមើលលើការគិតរបស់ពួកគេ និងអ្វីដែលពួកគេនឹងធ្វើ ពិតជាមានតម្លៃ»។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានកត់សម្គាល់ថា នៅក្នុងឆ្នាំ ២០០៩ ពួកគេបានជួយពន្លឿនដំណើរការផ្ដល់ការអនុម័តបេក្ខជនដែលតែងតាំងដោយលោកប្រធានាធិបតី Obama។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ លោក Jogn Cornyn បានលើកឡើងថា៖ «នៅពេលដែលលោក Obama ចូលកាន់តំណែងបាន ៥ថ្ងៃ សមាសភាពសមាជិកគណៈរដ្ឋមន្ត្រី ១៤ រូបត្រូវបានអនុម័ត។ ក្នុងអំឡុងពេល ៥ថ្ងៃ នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Trump ទើបតែមានបីរូបប៉ុណ្ណោះ។ មិត្តរបស់យើងដែលមកពីគណបក្សប្រជាធិបតេយ្យគួរតែទទួលស្គាល់ការពិតថា ការបោះឆ្នោតបានកន្លងផុតទៅហើយ ហើយឥឡូវនេះយើងមានទំនួលខុសត្រូវក្នុងការធ្វើអភិបាលកិច្ច»។
យ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យនិយាយថា បេក្ខជនដែលលោក Trump ជ្រើសរើសមានសភាពខុសប្លែកពីគេ និងតម្រូវឲ្យមានការជ្រើសរើសដោយហ្មត់ចត់។
លោក Schumer និយាយទៀតថា៖ «យើងហៅគណៈរដ្ឋមន្ត្រីនេះថាជាគណៈរដ្ឋមន្ត្រីដែលនាំឲ្យមានការរាំងស្ទះ ដែលមានសុទ្ធតែសេដ្ឋី និងមហាសេដ្ឋី។ មិនដែលមានគណៈរដ្ឋមន្ត្រីណាដែលមានអ្នកមានទ្រព្យសម្បត្តិមហាសាលច្រើនដូច្នេះទេ។ ហើយក៏មិនដែលមានគណៈរដ្ឋមន្ត្រីណាដែលសម្បូរទៅដោយអ្នកមានសក្ដានុពលខ្លាំងលើបញ្ហាទំនាស់ផលប្រយោជន៍ដូច្នេះដែរ»។
ជាមួយសមាជិកភាគច្រើនក្នុងព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ អាចផ្ដល់ការអនុម័តលើបេក្ខភាពគណៈរដ្ឋមន្ត្រីដែលលោក Trump ជ្រើសរើសគ្រប់រូបបាន ដោយមិនចាំបាច់មានការគាំទ្រពីភាគីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែមានចំណោទមួយថា៖ តើធ្វើទៅបានលឿនប៉ុណ្ណា?
ប្រែសម្រួលដោយ៖ សឿន វឌ្ឍនា