ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden អំពាវនាវ​ឲ្យ​ហាមឃាត់​អាវុធ​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ នៅ​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​នៅ​រដ្ឋ Colorado


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងសុន្ទរកថាអំពីហេតុការណ៍បាញ់ប្រហារនៅទីក្រុង Boulder រដ្ឋ Colorado នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងសុន្ទរកថាអំពីហេតុការណ៍បាញ់ប្រហារនៅទីក្រុង Boulder រដ្ឋ Colorado នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ហាម​ឃាត់​នៅ​ទូទាំង​ប្រទេស​លើ​អាវុធ​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ បន្ទាប់ពី​មាន​ការ​បាញ់​ប្រហារ​សម្លាប់​មនុស្ស​ចំនួន ១០ នាក់​ នៅ​ក្នុង​ទីក្រុង Boulder រដ្ឋ Colorado កាលពី​ថ្ងៃ​ចន្ទ​មក។

លោក Biden បាន​មាន​ប្រសាសន៍​ពី​សេតវិមាន​ថា៖ «ខ្ញុំ​មិន​ត្រូវការ​រង់ចាំ​នោះ​ទេ​នៅ​ក្នុង​ការ​ចាត់​វិធានការ​ដែល​មនុស្ស​ទូទៅ​យល់​ថា​ត្រឹមត្រូវ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស»។

លោក Biden បាន​ជំរុញ​ឲ្យ​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​អនុម័ត​ច្បាប់​លើ​រឿង​នេះ។

លោក Biden បញ្ជាក់​ដូច្នេះ​ថា៖ «យើង​អាច​ហាម​ឃាត់​អាវុធ​ពាក់​កណ្ដាល​ស្វ័យ​ប្រវត្តិ និង​អាវុធ​ ដែល​អាច​ផ្ទុក​គ្រាប់​កាំភ្លើង​ច្រើន​បាន»។

លោក​បាន​បន្ថែម​ថា លោក​ធ្លាប់​បាន​ធ្វើ​កិច្ចការ​លើ​សំណើ​ច្បាប់​ប្រហាក់​ប្រហែល​គ្នា​នេះ នៅពេល​ដែល​លោក​ជា​សមាជិក​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា។ ច្បាប់​នោះ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ ១៩៩៤ ក៏​ប៉ុន្តែ​បាន​ផុត​កំណត់ ១០ ឆ្នាំ ​ក្រោយ​មក។

លោក Biden ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​លើ​វិធានការ​ដែល​បាន​អនុម័ត​រួច​ហើយ​ដោយ​រដ្ឋសភា​ដែល​នឹង​ធ្វើ​មិន​ឲ្យ​មាន​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ច្បាប់ ​ដែល​តម្រូវ​ឲ្យ​ឆែក​ប្រវត្តិរូប​អ្នក​ទិញ​កាំភ្លើង។

គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​បើក​សវនាការ​ដំបូង​មួយ​ក្នុង​ចំណោម​សវនាការ​ដែល​គ្រោង​ធ្វើ​មួយ​ចំនួន ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​កាត់​បន្ថយ​អំពើ​ហិង្សា​ដោយសារ​កាំភ្លើង៕

XS
SM
MD
LG