កាលពីថ្ងៃអាទិត្យប្រធានាធិបតី លោក Joe Biden បានថ្លែងប្រឆាំងនឹងអ្វីដែលលោកថាជា «ការបំពុលដ៏អាក្រក់» នៃ«ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ និងទស្សនៈដែលថាជនជាតិស្បែកសល្អប្រសើរជាងជាតិសាសន៍ដទៃ» ដែលលោកបាននិយាយថា បានញាំញីសហរដ្ឋអាមេរិកជាយូរមកហើយ ហើយលោកប្តេជ្ញាថា នឹងផ្លាស់ប្តូរច្បាប់ដែលអាចបន្ដឲ្យមានការរើសអើង។
ប្រធានាធិបតីពីខាងគណបក្សប្រជាធិបតេយ្យរូបនេះបាននិយាយចំៗថា ប្រទេសនេះបានប្រឈមនឹងបញ្ហារើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងជាតិសាសន៍និយម។
សេចក្តីថ្លែងការណ៍របស់លោក Biden បានធ្វើឡើងបន្ទាប់ពីការបង្ហាញទស្សនៈស្រដៀងគ្នាដោយអនុប្រធានាធិបតីអ្នកស្រី Kamala Harris ដែលបានរៀបរាប់លម្អិតនៅទីក្រុង Atlanta កាលពីថ្ងៃសុក្រអំពីប្រវត្តិសាស្រ្តនៃការរើសអើងនៅអាមេរិកប្រឆាំងនឹងជនជាតិអាមេរិកាំងអាស៊ី។
អ្នកស្រី Harris ដែលជាអនុប្រធានាធិបតីជនជាតិអាស៊ី និងអាហ្វ្រិកដំបូងគេ បានមានប្រសាសន៍ថា៖ «ការប្រកាន់ជាតិសាសន៍មានពិតប្រាកដនៅអាមេរិក ហើយវាតែងតែកើតមានរហូតមក។ ការស្អប់ខ្ពើមជនបរទេសពិតជាមាននៅសហរដ្ឋអាមេរិករហូតមក។ ភេទនិយមក៏អ៊ីចឹងដែរ»។
សេចក្តីថ្លែងការណ៍របស់លោក Biden ដែលត្រូវបានចេញផ្សាយនៅយប់ថ្ងៃអាទិត្យ អបអរសាទរទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិសម្រាប់លុបបំបាត់ការរើសអើងជាតិសាសន៍ដែលត្រូវបានបង្កើតឡើងក្នុងទសវត្ស១៩៧០ គឺដើម្បីប្រារព្ធទិវានៃការសម្លាប់រង្គាលនៅឆ្នាំ១៩៦០ នៅអាហ្វ្រិកខាងត្បូង។
លោក Biden ថ្លែងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «ការស្អប់មិនអាចមានជម្រកសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិកទេ។ វាមិនគួរមាននៅកន្លែងណាទាំងអស់ក្នុងពិភពលោក។ យើងត្រូវតែរួមគ្នាដើម្បីបញ្ឈប់វា»។
លោកបាននិយាយថា រដ្ឋបាលរបស់លោកនឹងប្រឆាំងការរើសអើងជាតិសាសន៍នៅទូទាំងពិភពលោក រួមទាំងការធ្វើបាបយ៉ាងសាហាវទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជនជាតិ Uighursនៅក្នុងប្រទេសចិនផងដែរ។
លោកបានមានប្រសាសន៍ថា៖ «តម្លៃនិងជំនឿសំខាន់ដែលនាំឲ្យយើងរួមគ្នាក្នុងនាមជាពលរដ្ឋអាមេរិកគឺប្រឆាំងការស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍ ទោះបីជាយើងទទួលស្គាល់ថា ការរើសអើងជាតិសាសន៍ និងទស្សនៈដែលថាជនជាតិស្បែកសល្អប្រសើរជាងជាតិសាសន៍ដទៃ គឺជាថ្នាំបំពុលដ៏អាក្រក់ដែលបានញាំញីសហរដ្ឋអាមេរិកជាយូរមកហើយក៏ដោយ។ យើងត្រូវតែផ្លាស់ប្តូរច្បាប់ដែលអនុញ្ញាតឱ្យមានការរើសអើងនៅក្នុងប្រទេសរបស់យើង ហើយយើងត្រូវតែផ្លាស់ប្តូរចិត្តគំនិតរបស់យើង»។
សេចក្តីថ្លែងការណ៍របស់លោក Biden បានកើតឡើងចំពេលដែលមានសម្ពាធកាន់តែខ្លាំងឲ្យអាជ្ញាធរអនុវត្តច្បាប់ចាត់ទុកការបាញ់ប្រហារដ៏សាហាវកាលពីសប្តាហ៍មុននៅទីក្រុង Atlanta ដែលបានសម្លាប់មនុស្ស ៨ នាក់រួមមានស្ត្រីដើមកំណើតអាស៊ី ៦ នាក់ផងនោះ គឺជាឧក្រិដ្ឋកម្មស្អប់ខ្ពើមជាតិសាសន៍៕