ប៉ូលិសក្នុងទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្ស ១០ នាក់បានស្លាប់កាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងហេតុការណ៍បាញ់ប្រហារនៅឯផ្សារទំនើបមួយកន្លែង។
អគ្គស្នងការប៉ូលិសក្រុង Boulder អ្នកស្រី Maris Herold បាននិយាយថា អ្នកស្លាប់ទាំងនោះរួមមានទាំងមន្ត្រីប៉ូលិសលោក Eric Talley ផងដែរ ដែលជាមន្ត្រីប៉ូលិសទៅដល់កន្លែងកើតហេតុមុនគេបង្អស់ បន្ទាប់ពីមានការរាយការណ៍អំពីការបាញ់ប្រហារនេះ។ អ្នកស្រី Herold បានហៅសកម្មភាពរបស់លោក Talley ថាជា «វីរភាព»។
អ្នកស្រី Herold បានបញ្ជាក់ក្នុងសន្និសីទកាសែតថា ជនសង្ស័យម្នាក់កំពុងស្ថិតនៅក្នុងការឃុំឃាំង ហើយការស៊ើបអង្កេតនៃការបាញ់ប្រហារនេះត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងតិច ៥ ថ្ងៃ។
លោក Michael Dougherty ដែលជារដ្ឋអាជ្ញាមួយរូបនៃរដ្ឋ Colorado បាននិយាយថា ការដាក់ការសង្ស័យនៅពេលនេះលើមូលហេតុណាមួយនៃការបាញ់ប្រហារនេះគឺនៅឆាប់ពេក។
លោក Dougherty បានបញ្ជាក់ដូច្នេះថា៖ «ជនរងគ្រោះទាំងនេះដើរទិញម្ហូបអាហារធម្មតា ប៉ុន្តែជីវិតរបស់ពួកគេត្រូវបានកាត់ផ្ដាច់ភ្លាមៗនិងគួរឲ្យតក់ស្លុតដោយខ្មាន់កាំភ្លើងដែលឥឡូវនេះកំពុងស្ថិតក្រោមការឃុំឃាំង។ ខ្ញុំសន្យាជាមួយជនរងគ្រោះនិងប្រជាពលរដ្ឋនៅក្នុងរដ្ឋ Colorado ថា យើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលយើងត្រូវធ្វើដើម្បីស្វែងរកយុត្តិធម៌ឲ្យទាល់តែបាននៅក្នុងរឿងនេះ»។
អាជ្ញាធរបាននិយាយថា ពួកគេកំពុងបន្តកំណត់អត្តសញ្ញាណជនរងគ្រោះនិងជូនដំណឹងដល់ក្រុមគ្រួសាររបស់ពួកគេ៕