ខណ:ពេលដែលជំងឺកូវីដ១៩ប្រភេទថ្មីដែលមានប្រភពមកពីចក្រភពអង់គ្លេស មានវត្តមានកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក អ្នកស្រាវជ្រាវនៅក្នុងរដ្ឋ California បានរកឃើញជំងឺកូវីដ១៩វិវត្តិថ្មីមួយទៀត កើតនៅក្នុងរដ្ឋឆ្នេរភាគខាងលិចសហរដ្ឋអាមេរិកនេះ ដែលនេះអាចជាមូលហេតុនៃការកើនខ្លាំងនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅទីនោះ។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា គ្មានសភ្តុតាងដែលថាជំងឺកូវីដ១៩វិវត្តថ្មីនៅរដ្ឋ California នេះដែលគេឲ្យឈ្មោះថា CAL.20C សាហាវជាងប្រភេទកូវីដ១៩ផ្សេងទៀត ដែលគេបានរកឃើញនៅជុំវិញពិភពលោកនោះទេ។ ប៉ុន្តែអ្នកស្រាវជ្រាវម្នាក់បានឲ្យដឹងថា CAL.20C អាចជាមូលហេតុចម្បងដែលធ្វើឲ្យកូវីដ១៩ឆ្លងយ៉ាងឆាប់រហ័សនៅរដ្ឋ California រហូតធ្វើឲ្យមន្ទីរពេទ្យរដ្ឋណែនណាន់តាន់តាប់ដោយអ្នកជំងឺ។
ព័ត៌មាននេះលេចឡើង ស្របពេលដែលជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ៤០០.០០០នាក់នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ គឺមួយថ្ងៃមុនពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក Joe Biden និងអ្នកស្រី Kamala Harris ដែលនឹងធ្វើឡើងនៅថ្ងៃពុធ។
សហរដ្ឋអាមេរិកបន្តនាំមុខពិភពលោកខាងចំនួនអ្នកស្លាប់និងអ្នកឆ្លងជំងឺកូវីដ១៩ ដែលពេលនេះបានកើនដល់ជាង២៤លាននាក់។ ហើយរដ្ឋ California កាលពីថ្ងៃអង្គារ បានក្លាយជារដ្ឋដំបូងបង្អស់របស់សហរដ្ឋអាមេរិកដែលមានអ្នកឆ្លងកូវីដ១៩ កើនដល់ជាង៣លាននាក់៕