ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​គ្រោង​ដាក់​ទណ្ឌកម្ម​ខ្លាំង​ថែម​ទៀត​ដល់​រុស្ស៊ីក្រោយ​សង្គ្រាម​ពីរឆ្នាំ​នៅ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតីរុស្ស៊ីលោក Vladmir Putin ជួបពិភាក្សាគ្នា​នៅទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតីរុស្ស៊ីលោក Vladmir Putin ជួបពិភាក្សាគ្នា​នៅទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែនដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី ​២ ​ហើយ​ ដោយសហរដ្ឋ​អាមេរិកកំពុង​តែ​បង្កើន​សម្ពាធ​ទ្វេដង​ទៅ​លើ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ ​ដោយ​មាន​ផែន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំង​បន្ថែម​ទៀតដល់​រុស្ស៊ី​ ដោយ​សំដៅទៅ​លើធនាគារ​និង​ឧស្សហកម្មអាវុធ​របស់​ប្រទេស​នេះ។ ​នេះ​បើ​តាម​ការ​ពណ៌នា​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយ​រូប។ ​

មួយ​ថ្ងៃ​មុន​សហរដ្ឋ​អាមេរិក​មាន​គម្រោង​ប្រកាស​ការ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ដល់​រុស្ស៊ី រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និយាយ​ថា​ ​មាន​ការចង់បាន​ជា​ខ្លាំង​ក្នុង​ចំណោម​ក្រុម​ប្រទេស​សមាជិក G-២០ ​ដើម្បី​ឱ្យ​រុស្ស៊ី​បញ្ចប់​អំពើ​ឈ្លានពាន​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន។​

ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មួយ​ចំនួន​ ​ក៏​នឹង​សំដៅ​លើ​បុគ្គល ដែល​ទទួល​ខុសត្រូវក្នុង​ការ​ស្លាប់​នៃ​មេដឹកនាំបក្ស​ប្រឆាំង​រុស្ស៊ី​ លោក Alexey Navalny ផង​ដែរ។ ​

រដ្ឋ​លេខាធិការក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​អ្នក​ស្រី​ Victoria Nuland នៅ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដោយ​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​និង​សន្តិសុខ (CSIS)​ បាននិយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​ខ្លាំង​ជាថ្មី​ ដល់បុគ្គល​ជា​ច្រើន​រយនាក់ក្នុង​ប្រទេស​រុស្ស៊ី​ក្នុង​ពេល​ពីរបី​ថ្ងៃ​ខាង​មុខ​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ​ មន្ត្រី​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ដ្រូន​រុស្ស៊ី​មួយ​គ្រឿង​បាន​វាយ​ប្រហារ​លើ​តំបន់​ពាណិជ្ជកម្មនៃ​កំពង់ផែ Odesa ក្នុង​សមុទ្រ​ខ្មៅ​កាល​ពី​យប់ថ្ងៃព្រហស្បតិ៍​ ​ដោយ​បណ្តាលឱ្យ​មាន​អគ្គិភ័យ​និង​មាន​មនុស្ស​យ៉ាង​តិចណាស់​ក៏ ​៣ ​នាក់​ដែរ​បាន​ស្លាប់។

យោធា​អ៊ុយក្រែន​និយាយថា​ រុស្ស៊ី​បាន​ប្រើ​ដ្រូន​ចំនួន​ ៣១ គ្រឿង​កាល​ពី​យប់ថ្ងៃព្រហស្បតិ៍​ ហើយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់ដ្រូនរុស្ស៊ី​ចំនួន​២៣គ្រឿង។​ កងកម្លាំង​អ៊ុយក្រែន​នៅ​ភាគ​ខាង​ត្បូងប្រទេស​និយាយ​ថា​ ​គេ​បាន​ស្ទាក់​បាញ់​ដ្រូន​រុស្ស៊ី​ចំនួន​៩គ្រឿង​ តែ​ដ្រូន​មួយ​គ្រឿង​ បាន​ធ្លាក់ចំ​តំបន់​មួយ​នៅ​ជិត​កំពង់ផែ​ ​ដែល​បង្កឱ្យ​មាន​អគ្គិភ័យ​មួយ​កើត​ឡើង។

អភិបាល​តំបន់​ Dnipropetrovsk​ លោក Sergiy Lysak ​និយាយលើ​បណ្តាញ​តេឡេក្រាម​ថា​ ដ្រូន​រុស្ស៊ីមួយ​គ្រឿង​បាន​ធ្លាក់ត្រូវ​អគារ​លំនៅដ្ឋាន​មួយ​កន្លែង​ ​ដោយ​ធ្វើ​ឱ្យ​របួស​មនុស្ស​ ៨ នាក់។​ ​លោក​បន្ត​ទៀត​ថា​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រុករក​ក្នុង​គំនរ​ថ្ម​បាក់បែក​ក្រែង​មានអ្នក​កប់​នៅ​ខាង​ក្រោម​នោះ។​

រុស្ស៊ី​បាន​ចូល​ឈ្លានពាន​ក្នុង​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​កុម្ភៈ​ឆ្នាំ​ ២០២២​ ហើយ​ខណៈ​ដែលខួប​ពីរ​ឆ្នាំ​នៃ​ការ​ចូល​ឈ្លានពាន​នេះ​ចូល​មក​ដល់​ ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ ៧ ឬ​ G-7 ​នឹង​ជួប​ប្រជុំ​គ្នា​មួយ​តាម​អនឡាញនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ដើម្បី​ពិភាក្សា​លើ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​បន្ថែម​ទៀត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG