ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​វាយប្រហារ​លើ​តំបន់​ជាច្រើន​របស់​អ៊ុយក្រែន​មុន​ខួបពីរ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​ចូល​មក​ដល់


ទិដ្ឋភាព​សំណង់អគារដែលត្រូវបានបំផ្លិចបំផ្លាញ​នៅទីក្រុង Avdiivka នៃប្រទេសអ៊ុយក្រែន ខណៈការ​ឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន​នៅតែបន្ត កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (110th Mechanised Brigade/Handout via REUTERS)
ទិដ្ឋភាព​សំណង់អគារដែលត្រូវបានបំផ្លិចបំផ្លាញ​នៅទីក្រុង Avdiivka នៃប្រទេសអ៊ុយក្រែន ខណៈការ​ឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន​នៅតែបន្ត កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (110th Mechanised Brigade/Handout via REUTERS)

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​កាលពី​យប់មិញ​ដោយ​ប្រើ​ដ្រូន ១០ គ្រឿង​និង​មីស៊ីល​មួយ​គ្រាប់។

កងទ័ព​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បំផ្លាញ​ដ្រូន ៨ គ្រឿង​ក្នុង​ចំណោម​នោះ​ដោយ​បាញ់​ទម្លាក់​នៅ​តំបន់ Poltava តំបន់ Dnipropetrovsk តំបន់ Zaporizhzhia និង​តំបន់ Kharkiv។

ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២២ ​ហើយ​នៅ​ខួប​ពីរ​ឆ្នាំ​នៃ​សង្គ្រាម​នេះ បណ្ដា​មេដឹកនាំ​មកពី​ក្រុម​ប្រទេស G-7 នឹង​រៀបចំ​កិច្ច​ប្រជុំ​តាម​អនឡាញ​មួយ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​អ៊ុយក្រែន។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ក៏​នឹង​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​នេះ​ផងដែរ និង​ថា​ក្រុម​ប្រទេស G-7 នឹង​ពិភាក្សា​អំពី «វិធានការ​ដែល​អាច​ធ្វើ​ទាំងអស់​គ្នា​ដើម្បី​បន្ត​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ»។

សហរដ្ឋ​អាមេរិក​ក៏​នឹង​ត្រៀម​បង្ហាញ​ផងដែរ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​អំពី​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី​សម្រាប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​និង​ការ​ស្លាប់​របស់​មេបក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexey Navalny ក្នុង​ពន្ធនាគារ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក «គឺ​ជា​ទណ្ឌកម្ម​ដ៏​ខ្លាំងក្លា​មួយ»។ លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​នៅ​មុន​ការ​ប្រកាស​អំពី​ទណ្ឌកម្ម​នេះ​នោះទេ។

បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ការ​សម្រេច​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​គឺ​ត្រូវ​ពេល​នឹង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​ពេញ​ទំហឹង​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​មេ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexey Navalny បាន​ស្លាប់។

ទណ្ឌកម្ម​ទាំង​នេះ​សំដៅ​លើ​បុគ្គល​និង​អាជីវកម្ម​នានា​ដែល​គេ​សង្ស័យ​ថា​បាន​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុន​ចិន​ផង​ដែរ។

ប្រទេស​បែលហ្ស៊ិក ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​ប្ដូរវេន​របស់​សហភាព​អឺរ៉ុប បាន​និយាយ​ថា កញ្ចប់​ទណ្ឌកម្ម​នេះ​គឺ​ជា​កញ្ចប់​ទណ្ឌកម្ម​ដ៏​ធំ​បង្អស់​មួយ​ដែល​អនុម័ត​ដោយ​សហភាព​អឺរ៉ុប។

មន្ត្រី​ការទូត​មួយ​ចំនួន​បាន​និយាយ​ថា ឯកអគ្គរដ្ឋទូត​នានា​នៃ​សហភាព​អឺរ៉ុប​ដែល​មកពី​ប្រទេស​ជា​សមាជិក​ទាំងអស់​បាន​យល់ព្រម​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​និង​បុគ្គល​សរុប​ប្រហែល ២០០។

សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើន​ដង​លើ​រុស្ស៊ី​តាំងពី​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ទាហាន​របស់​លោក​ឱ្យ​ចូល​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ជិត ២ ឆ្នាំ​មុន​មក៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG