បណ្ដារដ្ឋមន្ត្រីការបរទេសបស្ចិមប្រទេសនៃក្រុមប្រទេស G-20 ដែលបានជួបប្រជុំគ្នានៅក្នុងប្រទេសប្រេស៊ីលកាលពីថ្ងៃពុធ បានថ្កោលទោសប្រទេសរុស្ស៊ីចំពោះការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន នៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov អង្គុយស្ដាប់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់មន្ត្រីការទូតនានា។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបិទទ្វារនេះថា៖ «គេត្រូវតែធ្វើឱ្យរុស្ស៊ីចំណាយលើការខូចខាតដែលបណ្ដាលមកពីការឈ្លានពានរបស់ខ្លួន»។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យរបស់លោក។
មន្ត្រីការទូតកំពូលៗមកពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អាល្លឺម៉ង់ អ៊ីតាលី បារាំង និងន័រវែស បានលើកឡើងស្រដៀងគ្នានេះនៅថ្ងៃដំបូងនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ។
រដ្ឋមន្ត្រីការបរទេសន័រវែសលោក Espen Barth Eide បានប្រាប់អ្នកកាសែតថា លោក Lavrov បានឆ្លើយតបដោយសុភាពមួយៗចំពោះការលើកឡើងរបស់លោក Cameron ដោយបញ្ជាក់អំពី «ការពិតបែបផ្សេងជាច្រើន» អំពីព្រឹត្តិការណ៍នៅអ៊ុយក្រែន។
លោក Lavrov មិនបាននិយាយជាមួយនឹងអ្នកកាសែតទេ។ រុស្ស៊ីធ្លាប់បានបញ្ជាក់អះអាងកាលពីលើកដំបូងអំពី «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនដែលបានចាប់ផ្ដើមកាលពីពីរឆ្នាំមុនថាដើម្បី «កម្ចាត់ឥទ្ធិពលណាហ្ស៊ី» នៅអ៊ុយក្រែន។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរុស្ស៊ីបានសង្កត់ធ្ងន់ថា ខ្លួនចាំបាច់ត្រូវការពារប្រឆាំងនឹងការឈ្លានពានរបស់ក្រុមបស្ចិមប្រទេស។
កិច្ចប្រជុំនេះបានធ្វើឡើងដើម្បីរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-20 នៅខែវិច្ឆិកាឆ្នាំនេះ។ នៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសនេះកាលពីខែកញ្ញាឆ្នាំមុន បណ្ដាមេដឹកនាំក្រុមប្រទេស G-20 បានអនុម័តសេចក្ដីប្រកាសមួយដែលបញ្ចៀសការថ្កោលទោសរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានអំពាវនាវឱ្យប្រទេសទាំងអស់កុំប្រើកម្លាំងដើម្បីដណ្ដើមទឹកដីណាមួយ។
លោក Cameron ក៏បានលើកឡើងផងដែរអំពីការស្លាប់របស់មេបក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny នៅក្នុងពន្ធនាគាររបស់រុស្ស៊ីកាលពីសប្ដាហ៍មុន។
លោក Eide បាននិយាយថា កិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នៅក្នុងទីក្រុង Rio នៃប្រទេសប្រេស៊ីលនេះបានផ្ដោតជាចម្បងលើសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា (Gaza) និងនៅក្នុងប្រទេសអ៊ុយក្រែន៕
វេទិកាបញ្ចេញមតិ