បណ្តាប្រទេសអឺរ៉ុបខាងលិចកំពុងព្យាយាមទប់ទល់នឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ជាលើកទី២ ដោយដាក់ឱ្យមានជាថ្មីវិញនូវការរឹតត្បិតសកម្មភាព ដែលបានត្រូវលប់ចោល កាលពីប៉ុន្មានខែមុននេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលប្រទេទាំងនេះនិយាយថា ពួកគេប្តេជ្ញាថានឹងបញ្ចៀសមិនឱ្យមានការខូចខាតសេដ្ឋកិច្ច ដោយមិនដាក់ឱ្យមានការបិទទូទាំងប្រទេសជាថ្មីទេ។
សំណួរសំខាន់គឺថា តើការណ៍នេះអាចធ្វើបានឬទេ។
ចក្រភពអង់គ្លេសបានហាមប្រាមមិនឱ្យមនុស្សជួបជុំគ្នាលើសពី ៦ នាក់ ហើយគំរាមកំហែងពិន័យអ្នកបំពានបម្រាមនេះ។ នៅប្រទេសអេស្ប៉ាញ ដែលបច្ចុប្បន្នបានបិទសកម្មភាពនៅក្នុងក្រុង Madrid រួចស្រេចហើយនោះ ឥឡូវនេះអាជ្ញាធរកំពុងខិតខំទប់ទល់នឹងការរាតត្បាតលើកទីពីរនៃជំងឺកូវីដ១៩ នៅពេលបើកសាលារៀននិងបន្តលើកទឹកចិត្តប្រជារាស្ត្រឱ្យទៅធ្វើការ។
ក្រុមមន្ត្រីក្នុងរដ្ឋធានីអឺរ៉ុបទាំងឡាយ និយាយថា សាធារណជនជាអ្នកសម្រេចថា តើការបិទប្រទេសជាការចាំបាច់ ឬយ៉ាងណា។ ពួកមន្ត្រីទាំងនោះសង្ឃឹមថា ការរក្សាគម្លាតពីគ្នា និងការពាក់ម៉ាស់ឱ្យបានខ្ជាប់ខ្ជួន នឹងជួយបន្ថយការរាតត្បាតជាថ្មីនៃជំងឺនេះ ឬមួយយ៉ាងហោចណាស់ ក៏អាចបន្ថយល្បឿននៃការរាលដាលជំងឺនេះបានដែរ។
លោក Matt Hancock រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសបាននិយាយថា៖ «ប្រសិនបើយើងចង់បញ្ចៀសវិធានការនៅទូទាំងប្រទេសជាតិ និងការចាត់វិធានការថែមទៀត យើងអាចបញ្ចៀសបានតែយើងអាចធ្វើបាន បើមនុស្សគ្រប់គ្នាធ្វើតាមបទបញ្ញត្តិ»។
ការបិទប្រទេសជាតិអាចត្រូវបញ្ចៀសបាន ប្រសិនបើអ្នកមិនធ្វើតាមបទបញ្ញត្តិ ដែលជា «ក្រុមមនុស្សភាគតិច» កែប្រែអាកប្បកិរិយារបស់ខ្លួន។ លោក Matt Hancock បានសុំឱ្យប្រជារាស្ត្ររាយការណ៍ប្រាប់ប៉ូលិសអំពីអ្នកបំពានបទបញ្ជាឱ្យនៅដាច់ពីគេ ឬបំពានលើបទបញ្ញត្តិនៃការជួបជុំគ្នាមិនឲ្យលើសពី ៦ នាក់ ដោយព្រមានថា ប៉ូលិសនឹង« ពិន័យធ្ងន់ធ្ងរលើជនទាំងឡាយណាដែលមិនគោរពវិន័យ»។
ការអំពាវនាវឲ្យរាយការណ៍ប្រាប់ប៉ូលិសបែបនេះបាននាំឱ្យមានការប្រឆាំងជំទាស់ពីមជ្ឈដ្ឋានខ្លះដោយមានការរិះគន់ថា ការធ្វើដូច្នេះនឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយទៅជាប្រទេសជាតិមួយនៃក្រុមមនុស្សមានការចងគំនុំសងសឹកគ្នា។
នៅក្នុងប្រទេស Scotland លោកស្រី Nicola Sturgeon រដ្ឋមន្ត្រីទីមួយ បាននិយាយកាលពីសប្តាហ៍មុនថា៖ «គ្មាននរណាចង់ឱ្យមានការបិទប្រទេសពេញទំហឹងមួយលើកទៀតទេ។ ហើយលើសពីអ្វីទាំងអស់ យើងចង់បើកសាលារៀននិងកន្លែងថែទាំកុមារ ពីព្រោះយើងដឹងថា ការសិក្សាអប់រំសុខុមាលភាពរបស់ក្រុមកុមារ និងយុវជន មានសារៈសំខាន់បែបណា»។
ក៏ប៉ុន្តែ លោកស្រីបានមានប្រសាសន៍បន្ថែមថា៖ «សារៈសំខាន់គឺថា វីរុសនេះកំពុងកើនឡើងទៀត។ ករណីមនុស្សមានផ្ទុកវីរុសនេះ កំពុងកើនឡើងច្រើនយ៉ាងលឿន»។
លោក Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានមានប្រសាសន៍ នៅក្នុងសន្និសីទកាសែតមួយ នៅឯការិយាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញាថា ច្រភពអង់គ្លេសបានទៅដល់ចំណុចធ្ងន់ធ្ងរយ៉ាងលឿន ដោយលោកបានព្រមានថា បើគ្មានវិធានការតឹងរ៉ឹងទេ ប្រទេសនេះអាចមានករណីអ្នកជំងឺថ្មី ចំនួន ៥ ម៉ឺននាក់ ក្នុងមួយថ្ងៃ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ