សេតវិមានមិនដកថយពីអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Joe Biden ដែលប្រៀបធៀបប្រធានាធិបតីចិន លោក Xi Jinping ថាជាមេដឹកនាំផ្តាច់ការទេ។
មន្ត្រីជាន់ខ្ពស់ម្នាក់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើមកឱ្យវីអូអេ កាលពីថ្ងៃពុធថា៖«គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលលោកប្រធានាធិបតីនិយាយត្រង់ៗអំពីចិន និងអំពីការខ្វែងគំនិតគ្នាដែលយើងមាន។ មិនមែនមានតែយើងដែលនិយាយអ៊ីចឹងទេ»។
នៅក្នុងពិធីអង្គាសប្រាក់មួយនៅរដ្ឋ California សម្រាប់យុទ្ធនាការរកសំឡេងឆ្នោតឆ្នាំ២០២៤របស់លោកកាលពីថ្ងៃអង្គារ លោក Biden បានថ្លែងថាលោក Xi មិនបានដឹងហើយមានការអាម៉ាសមុខចំពោះរឿងបាឡុងចារកម្មរបស់ចិនលើដែនដីអាមេរិក ដែលយន្តហោះយោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់កាលពីខែកុម្ភៈនោះ។
លោក Biden ថ្លែងថា៖ «នេះជារឿងអាម៉ាសមុខយ៉ាងខ្លាំងមួយសម្រាប់ពួកមេដឹកនាំផ្តាច់ការ នៅពេលដែល ពួកគេមិនដឹងថាមានរឿងអ្វីកើតឡើង។ នៅពេលដែលយើងបានបាញ់ទម្លាក់ លោកអាម៉ាសមុខយ៉ាងខ្លាំង។ លោកបានបដិសេធថាអត់មាន(បាឡុង)នៅទីនោះទេ»។
ក្រសួងការបរទេសចិនបានតបតវិញ ដោយនិយាយថាការកត់សម្គាល់របស់លោក Biden «បំពានយ៉ាងធ្ងន់ធ្ងរលើកិត្តិយសនយោបាយរបស់ប្រទេសចិន និងប្រៀបដូចជាការបង្កហេតុនយោបាយជាសាធារណៈ»។
តាមធម្មតាអ្នកកាសែតត្រូវហាមមិនឱ្យថតសំឡេងឬរូបភាពនៅក្នុងពិធីអង្គាសប្រាក់បែបនេះទេ ប៉ុន្តែសេតវិមានបានផ្តល់កំណត់ត្រាអត្ថាធិប្បាយរបស់លោក Biden។
អត្ថាធិប្បាយនេះនាំឱ្យមានការចាប់អារម្មណ៍ជាពិសេស ដោយសារបានធ្វើឡើងមួយថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេស Antony Blinken បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីកែលំអរចំណងទាក់ទងទ្វេភាគី ដែលបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។ ទស្សនកិច្ចរបស់លោក Blinken ដែលដំបូងគ្រោងធ្វើឡើងកាលពីខែកុម្ភៈនោះ ត្រូវបានពន្យារពេលដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន៕