ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​និង​ពលរដ្ឋ​កម្ពុជា​ចង់​ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​អាមេរិក ដែល​នាំ​ប្រយោជន៍​ច្រើន​ដល់​ពិភពលោក​


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) ចាប់​ដៃ​ជាមួយ​​ប្រធានាធិបតីលោក Xi Jinping នៅ​មហាសាល​ប្រជាជន​ចិន​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) ចាប់​ដៃ​ជាមួយ​​ប្រធានាធិបតីលោក Xi Jinping នៅ​មហាសាល​ប្រជាជន​ចិន​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣។

ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ស​ហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ចិន​រយៈ​ពេល​ពីរ​ថ្ងៃ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង អ្នក​តាមដាន ក៏ដូចជា​ប្រជាពលរដ្ឋ និស្សិត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​មតិ​ចម្រុះ​លើ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ចិន។ ពួកគេ​មួយ​ចំនួន​លើក​ឡើង​ថា​ពួកគេ​ចង់​ឱ្យ​ទំនាក់ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ​មាន​ស្ថានភាព​ល្អ ដើម្បី​ធានា​ផល​ប្រយោជន៍​ពិភព​លោក ក៏ដូច​ជា​សម្រាប់​កម្ពុជា​ផង​ដែរ។

​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​មេដឹកនាំ​ចិន​មួយ​ចំនួន​រួម​ទាំង​លោ​ក​ប្រធានាធិបតី Xi Jinping ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​១៨​ដល់​១៩ ខែមិថុនា​ ឆ្នាំ​២០២៣ ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ក្នុង​គោល​បំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​កើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។

ប្រជាពលរដ្ឋ​ដែល​វីអូអេ​បាន​ធ្វើ​បទសម្ភាសន៍​ភាគ​ច្រើន​បាន​លើក​ឡើង​អំពី​ផល​វិជ្ជមាន​ដែល​កើត​ចេញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​មហា​អំណាច​ទាំងពីរ គឺ​ចិន​និង​សហរដ្ឋ​អាមេរិក។

ព្រះតេជគុណ ជ្រុយ​ ឆាង អាយុ​២៦ឆ្នាំ គង់​នៅ​វត្តឧណ្ណាលោម​ មាន​សង្ឃ​ដីកា​ថា​ ​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​មហា​អំណាច​ប្រាកដ​ណាស់​នាំ​មក​ផល​វិបាក​ទាំង​ផ្នែក​សេដ្ឋ​កិច្ច​ សន្តិ​សុខ និង​នយោបាយ​ដល់​ពិភពលោក ជា​ពិសេស​ប្រទេស​តូចៗ​ដូច​ជា​កម្ពុជា។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​ជា​ត្រូវ​គ្នា​ក៏វា​ល្អ​ដែរ​ដូច​ថា​វាល្អ​ផ្នែ​កន​យោ​បាយ​អី​ទៅ​ ផ្នែក​សេដ្ឋកិច្ច​ អាច​មាន​ការ​ទំនាក់ទំនង​អ៊ីចឹង​ទៅ។ ហើយ​ប្រទេស​យើង ក៏​វា​មិន​បង្ក​ផល​វិបាក​ច្រើន​ឬ​ក៏​ប្រទេស​ដទៃ​ទៀត​ ក៏​វា​មិន​បង្ក​ផល​វិបាក​ច្រើន​ដែរ»។

នៅ​ពេល​សួរ​ថា តើ​កម្ពុជា​ប្រកាន់​ជំហរ​បែប​ណា​នៅ​ក្នុង​អន្តរ​កាល​នៃ​ការ​ប្រ​កួត​ប្រជែង​គ្នា​រវាង​ចិន និង​អាមេរិក ព្រះ​តេជគុណ​ ជ្រុយ ឆាង​ អះអាង​ថា​កម្ពុជា​ហាក់​ទោរ​ទន់​ទៅ​រក​ចិន​ខ្លាំង​ជាង​អាមេរិក។

ព្រះ​អង្គ​បញ្ជាក់​ថា៖ «បើ​ខ្មែរ​យើង​ទន់​ទោរ​ទៅ​រក​ចិន​ច្រើន​ រាល់​ថ្ងៃ​ខ្ចី​លុយ​ចិន​ច្រើន​តើ​ដើម្បី​កសាង​ ប៉ុន្តែ​យើង​ពឹង​គេ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន ក្នុង​គោល​បំណង ដើម្បី​ឱ្យ​ប្រទេ​ស​យើ​ង​វិវឌ្ឍ​ទៅ​មុខ​ ពី​ព្រោះ​ប្រទេស​យើង​កំពុងតែ​អភិវឌ្ឍ»។

ព្រះ​តេជ​គុណ​បន្ថែម​ថា៖ «ការ​យល់​ឃើញ​អាមេរិក​ល្អ​ជាង។ បើ​សិន​ជាយើង​មាន​ទំនាក់​ទំនង​ជា​មួយ​អាមេរិក​ អាមេរិក​ល្អ​ជាង តាម​ហេតុផល​អាមេរិក​ជា​ប្រទេស​មួយ​ដែល​សេរី​សម្រាប់​អាត្មា​យល់ឃើញ​ តែ​ប្រទេស​ចិន គឺ​កុម្មុយ​នីស្ត កាល​ណា​យើ​ង​សេព​គប់​ជាមួយ​កុម្មុយនីស្ត​ច្រើន​ពេក វា​នាំ​ឱ្យ​ប្រទេស​យើង​ឈាន​ទៅ​ដល់​កុម្មុយនីស្ត»។

លោក ហេង វិនសុង អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សាកល​វិទ្យា​ល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ លើក​ឡើង​ថា​ការ​ឈ្លោះ​គ្នា​របស់​មហា​អំណាច​តែង​តែនាំ​ផល​ប៉ះ​ពាល់​ទៅ​ដល់​សណ្តាប់​ធ្នាប់​ពិភព​លោក។ លោក​បន្ថែម​ថា​បើ​សិន​ជា​មាន​ភា​ពល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ នោះ​វា​អាច​នាំ​ប្រយោជន៍​ច្រើន​ដល់​ពិភព​លោក។

បើ​តាម​និស្សិត​រូប​នោះ ភាព​រកាំរកូស​នៃ​មហា​អំណាច​ទាំងពីរ​បាន​បង្កើត​ផល​វិបាក​ច្រើន​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ជា​រួម កម្ពុ​ជា​ដោយ​ឡែក​ ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយ​ការ​ឡើង​ថ្លៃ​ទំនិញ។

នៅ​ពេល​និយាយ​ពី​ទំនាក់​ទំនងកម្ពុជា​ជាមួយ​មហា​អំណាច​ទាំង​ពីរ និស្សិត​រូប​នេះ​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ចិន​ជាង​អាមេរិក ដែល​លោក​មើល​ឃើញ​ថា​វា​មិន​សូវ​ល្អ​ដល់​ប្រទេស​កម្ពុជា​ឡើយ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​កម្ពុជា​ជា​ធម្មតា​គាត់​ខាង​ប្រជាធិបតេយ្យ​ ប៉ុន្តែ​រាល់​ថ្ងៃ​គឺ​យើង​លម្អៀង​ទៅ​ខាង​កុម្មុយនីស្ត​ច្រើន​ជាង​ខាង​សេរី។ ខ្ញុំគិត​ថា​អត់​សូវ​ជាល្អ​ប៉ុន្មាន​ទេ​ ដោយ​សារ​អី ប្រទេស​ចិន​គឺជា​ប្រទេស​មួយ​ដែល​កុម្មុយនីស្ត បើ​យើង​ផ្អែក​ទៅ​ខាង​សេរី​ច្រើន​ ប្រទេស​យើង​នឹង​អាច​អភិវឌ្ឍ​ខ្លាំង​ជាង​ហ្នឹង»។

ចំណែក​លោក ទូច រ៉ាឌី អាយុ​៤៤ឆ្នាំ​ មាន​មុខរបរ​ជាអ្នក​រត់ ​Passapp ក្នុង​រាជធានី​ភ្នំពេញ លើក​ឡើង​ថា​បើ​សិន​ប្រទេស​មហា​អំណាច​ទាំងពីរ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា នោះ​វានឹង​ផ្ដល់​ផល​ប្រយោជន៍​ទាំង​សេដ្ឋកិច្ច និង​សន្ដិសុខ​ដល់​ប្រទេស​ជាសមាជិក​អាស៊ាន​រួម​ទាំង​កម្ពុជា​ផង​ដែរ។

ទោះ​ជាយ៉ាងណា លោក​មើល​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន ជំហរ​លម្អៀង​ទៅ​រក​មហា​អំណាច​ចិន ដែល​ជា​ដៃ​គូ​សេដ្ឋកិច្ច​ធំ​មួយ ខណៈ​ជំនួយ​សេដ្ឋកិច្ច​របស់​ចិន​ទាំង​នោះ បាន​ក្លាយ​ជា​បំណុល​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ហើយ​ឥឡូវ​ខ្មែរ​កំពុង​តែវ័ណ្ឌ​ក​រឿង​ខ្ចី​លុយ​ចិន​ហ្នឹង​ហើយ​ មាន​អ្នកណា​ចេញ​សង​ មាន​តែ​ប្រជាពលរដ្ឋ​ហ្នឹង ស្មានតែ​ ហ៊ុន សែន ចេញ​សង​ហី? លុយ​ដែល​ខ្ចី​ពី​ចិន​មក​ស្មាន​តែ​ ហ៊ុន សែន ឱ្យ​ទៅ​រាស្រ្ដ​កម្ពុជា​យើង​ អត់​មាន​ទេ»។

ស្រដៀង​គ្នានេះ កញ្ញា ហាក់ ម៉ារឌី អាយុ​២០ឆ្នាំ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ទំនាក់ទំនង​អន្តរ​ជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​កម្ពុជា ដែល​កើត​ចេញ​ពី​ទំនាក់​ទំន​ង​មិន​ល្អ​រវាង​ចិន​ និង​អាមេរិក។ ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​នៃ​ការ​ប្រកួត​ប្រជែង​របស់​មហាអំណាច​ទាំង​ពី​រនេះ និស្សិត​រូប​នេះ​ផ្តល់​យោបល់​ថា​ការ​ប្រកាន់​ជំហរ​កណ្តាល​ជា​ការសំខាន់។

កញ្ញា​ថ្លែង​ថា៖ «ហើយ​ណាមួយ​អាមេរិក​ក៏ជា​សម្ពន្ធ​មិត្ត​របស់​កម្ពុជា​ដែរ អ៊ីចឹង​យើង​ដូចជា​នៅ​កណ្ដាល​អ៊ីចឹង​។ យើង​អត់អាច​ទៅ​ខាង​នេះ​ពេក​ឬ​ទៅ​ខាង​នោះ​អ៊ីចឹង ធ្វើ​ម៉េច​យើង​ត្រូវតែ​balance(រក្សា​តុល្យភាព​)ខ្លួនឯង កុំឱ្យ​យើង​លម្អៀង​ទៅ​ខាង​ណា​ពេក»។

​អ្នក​នាំ​ពាក្យរដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន ថ្លែង​ថា​កម្ពុជា​ប្រកាន់​គោល​ជំហរអព្យាក្រឹត​ និង​ឯករាជ្យ​ ហើយ​ការ​ចោទ​ប្រកាន់​ដែល​ថា​កម្ពុជា​បម្រើ​ឥទ្ធិពល​ប្រទេស​ចិន​ជា​រឿង​មិន​សម​ហេតុ​ផល។

លោក​ប្រាប់​វីអូអេ​ថា៖ «ក៏ប៉ុន្ដែ​ការ​ចោទ​ប្រកាន់​កម្ពុជា​ថា​បម្រើ​ឥទ្ធិពល​ចិន​ វាអត់​អ៊ីចឹង​ទេ​ អ្វី​ដែល​ចង់​ជម្រាប​ជូន​នៅ​ពេល​ដែល​បោះឆ្នោតនៅ​អង្គការ​សហ​ប្រជាជាតិ​ពី​រឿង​អ៊ុយ​ក្រែន​ និង​រស្ស៊ី​ យើង​និង​ចិន​មាន​ជំហរ​ខុស​គ្នា​ ដូច្នេះ​កម្ពុជា​បាន​បង្ហាញ​ពី​ឯករាជ្យ​របស់​ខ្លួន​ បង្ហាញ​ពីផល​ប្រយោជន៍​របស់​ខ្លួន​ពិត​ប្រាកដ»។

​អ្នក​តាម​ដាន​នៅ​កម្ពុជា​លើក​ឡើង​ថា​ពិភពលោក​សព្វថ្ងៃនេះ​មាន​សង្គ្រាម​ឬសន្តិ​ភាព​ គឺត្រូវ​បាន​គូស​វាសដោយ​ប្រទេសមហាអំណាច​ទាំង​នោះ។

លោក​ មាស នី អ្នក​វិភាគ​នយោបាយ អះអា​ងថា​នៅ​ពេល​ណា​ដែល​មហា​អំណាច​បែក​បាក់​ឬក៏​មាន​អរិភាព​ជាមួយ​គ្នា សណ្តាប់​ធ្នាប់​ពិភព​លោក​ក៏​រង្គោះ​រង្គើ ទៅ​តាម​ហ្នឹង​ដែរ។

លោក​ថ្លែង​ថា៖ «នៅ​ពេលណា​ដែល​ទំនាក់ទំនង​មហា​អំណាច​បែក​បាក់​គ្នា​គឺ​នៅ​ពេល​នោះ​សង្គ្រាម​ត្រជាក់​ចាប់​ផ្តើម​កើតឡើង ហើយ​កាន់តែក្តៅ​ទៅ​ៗ ហើយ​វា​នឹង​ធ្វើ​ឱ្យ​បាត់​បង់​សណ្តាប់ធ្នាប់​ពិភពលោក។ យើ​ងឃើញ​ហើយ​សូម្បី​តែ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​បច្ចុប្បន្ន ក៏​វាធ្វើ​ឱ្យ​រង្គោះ​រង្គើ​ដល់​សណ្តាប់​ធ្នាប់​ពិភពលោក​ ដែលម​ហា​អំ​ណា​ច​នីមួយៗ គឺ​គិត​តែ​ពី​ការ​បង្កើន​នូវ​ការ​ផលិត​អាវុធ ហើយ​និង​ប្រភេទ​អាវុធ​ដែល​ត្រូវ​យក​មក​ប្រើ ដើម្បី​ប្រល័យ​មនុស្ស​ឬ​សម្លាប់​មនុស្ស»។

ដោយ​សារតែ​ការ​ប្រណាំង​ប្រជែង​គ្នា​របស់​មហា​អំណាច​ ការ​កៀរ​គរ​កម្លាំង ដើម្បី​ចង​សម្ពន្ធ​មិត្ត​យោធានៅ​តាម​តំបន់​នីមួយៗ​ក៏​ចាប់ផ្តើម​កើន​ឡើង។ ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០​២១ ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ចុះ​ហត្ថលេខា​បង្កើត​សម្ពន្ធ​យោធា​ត្រីភាគី AUKUS។

សម្ពន្ធ​យោ​ធា​នេះ​បង្ក​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​មក​លើ​តំប​ន់​អាស៊ាន។ នេះបើ​តាម​លោក មាស​ នី។
លោក មាស នី ថ្លែង​ថា​បើ​សិន​ជា​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន និង​អាមេរិក​នៅ​តែ​បន្ត​អូស​បន្លាយ កម្ពុជា​នៅ​តែ​ជាភូមិ​សាស្ត្រ​នយោបាយ​ដ៏​សំខាន់​សម្រាប់​ចិន។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ លោក ប៉ា ច័ន្ទរឿន ថ្លែង​ថា​បើ​ទោះ​ភាព​រកាំរកូស​បា​ន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រវាង​ម​ហា​អំណាច​ទាំង​ពីរ​នេះ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ និង​ការទូត​ក៏ដោយ ភាគី​ទាំង​ពី​រនៅ​តែ​ព្យា​យាម​បង្កើត​ឱកាស​ជជែក​គ្នា ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់គ្នា​កាន់​តែ​ខ្លាំង។

លោក​ថ្លែង​ថា៖ «យើង​មើល​ឃើញ​ដំណើរ​ទស្សន​កិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​ចិន​ថ្មីៗ​នេះ ក៏​ជា​កិច្ច​ការងារ​មួយ​ដែល​សហរដ្ឋអាមេរិក​នៅ​បន្ត​បើកទ្វារ​នៅ​ក្នុង​ការ​សន្ទនា ដើម្បី​រិះ​រក​មធ្យោបាយ​កែខៃ​បញ្ហា​ កាត់បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​អាច​បង្ក​ឱ្យ​មាន​ផល​លំបាក​ហ្នឹង»។

​បើ​តាម​អ្នក​តាម​ដាន​រូបនេះ តំបន់​អាស៊ីអាគ្នេយ៍​បាន​ក្លាយ​ចំណុច​គោល​មួយ​នៃ​ការ​ប្រកួត​ប្រជែង​របស់​ចិន​និង​អាមេរិក ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​កាន់​តំបន់ ក៏ដូច​ជា​ពិភពលោក​ទាំង​មូល។
បើ​និយាយ​ពី​កម្ពុជា​វិញ អ្នក​តាមដានបាន​វាយ​តម្លៃ​ថា​ឥទ្ធិពល​របស់​ចិន​បាន​ជ្រាប​ចូល​យ៉ាង​ជ្រៅ​មក​លើ​កម្ពុជា។

ដើម្បី​នៅ​តែ​អាច​ទាញ​ប្រយោជន៍​បាន​និង​ដើម្បី​អភិវឌ្ឍ​ប្រទេស​ទៅ​មុខ​ លោក ប៉ា ច័ន្ទរឿន ផ្តល់​យោបល់​ថា​មាន​តែ​ដើរ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​តាម​រយៈ​ការ​ប្រកាន់​គោល​នយោបាយ​អព្យាក្រឹត​ទេ ទើប​កម្ពុជា​ក្លាយ​ទៅ​ដែន​ដី​នូវ​អ្វី​ដែល​លោក​ហៅ​ថា​«ផ្ការីក​គ្រប់​រដូវ»។

គួរ​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេសអាមេរិកទៅ​កាន់​ទីក្រុង​ប៉េកាំង ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​មាន​ស្ថិរភាព។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Matthew Miller បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​បាន​លើកឡើង​អំពី​បញ្ហា​ទ្វេ​ភាគី​និង​បញ្ហា​សាកល​ជា​ច្រើន ក៏​ដូចជា​ឱកាស​នៅ​ក្នុង​ការ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ឆ្លង​ប្រទេស​រួម។ ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​សំខាន់​ក្នុង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន និង​ថា​វា​ចាំបាច់​នៅ​ក្នុង​ការ«ធ្វើ​ឱ្យ​ចរន្ត​វិល​ចុះ​ក្រោម​បញ្ច្រាស​ឡើង​លើ​វិញ»។ ភាគី​ចិន​បន្ថែម​ថា​កត្តា​សំខាន់​បំផុត​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ស្ថិរភាព គឺ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក៕

XS
SM
MD
LG