ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ​ជួប​ពិភាក្សា​ជាមួយ​លោក Xi Jinping ​ដើម្បី​បន្ធូរ​ភាពតានតឹង​ដែល​កើនឡើង


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping 
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping 

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​ដែល​លោក Blinken បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ក្នុង​គោល​បំណង​បន្ធូរបន្ថយ​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​ទាំង​ពីរ។

ជំនួប​រយៈពេល ៣៥ នាទី​នៅ​ឯ​វិមាន Great Hall of the People នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​កើតឡើង និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គន្លឹះ​ទៅ​រក​ភាព​ជោគជ័យ​នៃ​ទស្សនកិច្ច​នេះ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ពី​មុន​ថា​ជំនួប​នេះ​នឹង​កើតឡើង​នោះ​ទេ​រហូត​ទាល់តែ​ដល់​ពេល​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ប្រកាស​អំពី​ជំនួប​នេះ​តែ​មួយ​ម៉ោង​មុន​ពេល​ជំនួប​នេះ​ធ្វើ​ឡើង​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​វីដេអូ​នៃ​ជំនួប​នេះ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ CCTV របស់​ចិន គេ​ឮ​លោក Xi និយាយ​ថា «ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​បន្ត​ធ្វើ​តាម​ការ​យល់​ឃើញ​ជា​រួម​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក [Joe] Biden និង​ខ្ញុំ​បាន​សម្រេច​ឡើង​នៅ​កោះ Bali [ប្រទេស​ឥណ្ឌូណេស៊ី]»។

ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នេះ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​មាន​ស្ថិរភាព។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Matthew Miller បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សម្រាប់​ជំនួប​រវាង​លោក Blinken និង​មន្ត្រី​ការទូត​កំពូល​ចិន​លោក Wang Yi កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ឯ​ណោះ​វិញ លោក​ទាំង​ពីរ​បាន «លើកឡើង​អំពី​បញ្ហា​ទ្វេ​ភាគី​និង​បញ្ហា​សាកល​ជា​ច្រើន» ក៏​ដូចជា «ឱកាស​នៅ​ក្នុង​ការ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ឆ្លង​ប្រទេស​រួម»។

លោក Miller បាន​និយាយ​ថា៖ «លោក​រដ្ឋមន្ត្រី [Blinken] បាន​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​បែប​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​បើក​ចំហ​ដើម្បី​ធានា​ថា​ការ​ប្រកួត​ប្រជែង​មិន​ឈាន​ទៅ​រក​ជម្លោះ។ លោក​រដ្ឋមន្ត្រី [Blinken] បាន​បញ្ជាក់​ជា​ថ្មី​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ប្រើ​ការទូត​ដើម្បី​លើកឡើង​អំពី​ក្ដី​បារម្ភ​នានា​និង​ការពារ​ផល​ប្រយោជន៍​និង​គុណ​តម្លៃ​របស់​ប្រជាជន​អាមេរិកាំង»។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Wang បាន​ប្រាប់​លោក Blinken ថា​ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​សំខាន់​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន និង​ថា​វា​ចាំបាច់​នៅ​ក្នុង​ការ «ធ្វើ​ឱ្យ​ចរន្ត​វិល​ចុះ​ក្រោម​បញ្ច្រាស​ឡើង​លើ​វិញ»។

លោក Wang បាន​និយាយ​ថា កត្តា​សំខាន់​បំផុត​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ស្ថិរភាព​គឺ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

ទាក់ទិន​នឹង​រឿង​តៃវ៉ាន់ លោក Wang បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ប្រឆាំង​នឹង​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់ និង​ថា​ចិន​នឹង​មិន​សម្រុះសម្រួល​លើ​រឿង​នេះ​ទេ។

ការ​ពិភាក្សា​ដែល​បាន​គ្រោង​ធ្វើ​តែ ២ ម៉ោង​នេះ បែរ​ជា​មាន​រយៈពេល​រហូត​ដល់​ទៅ ៣ ម៉ោង៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ Reuters។

XS
SM
MD
LG