សហរដ្ឋអាមេរិកបានចាត់វិធានការ ការពារប្រព័ន្ធទឹកស្អាតសាធារណៈនិងប្រព័ន្ធលូបង្ហូរទឹកឱ្យកាន់តែប្រសើរជាងមុខ ពីការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា ដែលអាចកាត់ផ្តាច់បណ្តាញសេវាផ្គង់ផ្គត់ទឹកនិងធ្វើឱ្យទឹកមានភាពកខ្វក់ជាដើម។
ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក បានចេញលិខិតអនុស្សរណៈថ្មីមួយកាលពីថ្ងៃសុក្រកន្លងទៅ ដោយបញ្ជាឱ្យគ្រប់ប្រព័ន្ធទឹកសាធារណរបស់អាមេរិកទាំងអស់ ដាក់ចេញនូវតម្រូវការនៃការឆ្លើយតបផ្នែកសន្តិសុខព័ត៌មានវិទ្យាជាមូលដ្ឋានបន្តបន្ទាប់ ស្របពេលដែលធ្វើការត្រូតពិនិត្យទៅលើបញ្ហាសន្តិសុខព័ត៌មានវិទ្យា ដែលជាផ្នែកមួយនៃកម្មវិធីធ្វើអធិការកិច្ចជាប្រចាំរបស់ខ្លួន។
លោកស្រី Anne Neuberger ទីប្រឹក្សារងសន្តិសុខជាតិអាមេរិករបស់សេតវិមានបានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលផ្សព្វផ្សាយលិខិតអនុស្សរណៈនេះថា៖
«យើងដឹងថាពលរដ្ឋអាមេរិក ពឹងផ្អែកទៅលើសេវាកម្មសំខាន់ៗទាំងនេះ ហើយយើងដឹងថា ពលរដ្ឋអាមេរិករំពឹងថា គេអាចមានភាពធន់ទៅនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យា»។
លោកស្រីបន្ថែមទៀតថា៖ «ធ្លាប់មានការវាយប្រហារផ្នែកព័ត៌មានវិទ្យាទៅលើប្រព័ន្ធបណ្តាញទឹកនៅក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសមួយចំនួននៅលើពិភពលោកក្នុងពេលកន្លងទៅ។ ដូច្នេះ នេះវាជាការត្រៀមខ្លួនធ្វើសកម្មភាពឱ្យទាន់ពេលវេលា»។
ការដាក់ចេញនូវតម្រូវការការពារថ្មី ផ្នែកសន្តិសុខព័ត៌មានវិទ្យាលើប្រព័ន្ធទឹកស្អាតសាធារណៈនេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសេតវិមាន បានបង្ហាញពីអ្វីដែលខ្លួនពណ៌នាថា ជាយុទ្ធសាស្ត្រព័ត៌មានវិទ្យាជាតិដ៏សំខាន់ ដែលស្វះសែ្វងធ្វើឱ្យមានការផ្លាស់ប្តូរនៃការទទួលខុសត្រូវរបស់ខ្លួន ទៅលើបញ្ហាសន្តិសុខព័ត៌មានវិទ្យាឱ្យបានខ្លាំង ពីបុគ្គលនិងអ្នកប្រើប្រាស់ ទៅក្រុមហ៊ុនsoftware និងបច្ចេកវិទ្យា តាមរយៈការពង្រឹងបទប្បញ្ញតិ្តសហព័ន្ធឱ្យកាន់តែខ្លាំងជាងមុន។
«យើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរនូវបទប្បញ្ញត្តិដែលបានបញ្ជាក់មួយចំនួន ដើម្បីដាក់ខ្លួនយើងក្នុងទីតាំងដែលមានប្រៀប។ ខ្ញុំចង់ឃើញសន្តិសុខព័ត៌មានវិទ្យាជាការប្រយុទ្ធប្រឆាំងមួយ ដែលមិនឈរលើគោលការណ៍ធម្មតា»។
បើយោងតាមទីភ្នាក់ងារព័ត៌មានវិទ្យាសហរដ្ឋអាមេរិកនិងសន្តិសុខហេដ្ឋារចនាសម្ពន្ធ(CISA) បានឱ្យដឹងថា សហរដ្ឋអាមេរិកមានប្រព័ន្ធបណ្តាញទឹកស្អាតសាធារណៈចំនួនប្រហែល១សែន៥ម៉ឺន៣ពាន់កន្លែង ដែលផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋអាមេរិកជាង៨០ភាគរយ។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកក៏មានប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់កខ្វក់ ចំនួន១ម៉ឺន៦ពាន់កន្លែងទៀត ដែលផ្តល់សេវាដល់ពលរដ្ឋអាមេរិកកាំងប្រមាណ៧៥ភាគរយផងដែរ។
ប៉ុន្តែបើទោះបីជាមានការពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធទាំងនេះក្តី ក៏មន្ត្រីអាមេរិកព្រមានថា សន្តិសុខព័ត៌មានវិទ្យានៃប្រព័ន្ធទាំងនេះ នៅមានភាពខ្សោយនៅឡើយ ដោយការស្ទង់មតិមួយចំនួនរកឃើញថា ប្រព័ន្ធទឹកសាធារណៈប្រមាណតែ២០ភាគរយប៉ុណ្ណោះ បានអនុវត្តវិធានការសន្តិសុខព័ត៌មានវិទ្យាជាមូលដ្ឋានរបស់ខ្លួន ដោយទុកឱ្យផ្នែកនេះ អាចប្រឈមនឹងហានិភ័យនៃការវាយប្រហារផ្នែកព័ត៌មានវិទ្យា។
អនុប្រធានទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក EPA លោកស្រី Radhika Fox បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «វាមិនមែនជារឿងប៉ាន់ស្មានថានឹងកើតមាននោះឡើយ។ វាកំពុងតែកើតឡើងនៅពេលនេះ។ យើងបានឃើញការវាយប្រហារប្រភេទនេះ កើតមានឡើង ចាប់ពីរដ្ឋ កាលីហ្វ័រញា (California) រហូតដល់រដ្ឋ ហ្ល័រីដា (Florida) រដ្ឋខាន់សាស់ (Kansas) រដ្ឋ ម៉េន (Maine) និងរដ្ឋ នេវ៉ាដា (Nevada)»។
ទិន្នន័យដែលបានផ្តល់ឱ្យដល់ទីភ្នាក់ងារ CISA បង្ហាញថា ក្នុងអំឡុងពេលពីឆ្នាំ២០១៩ដល់ដើមឆ្នាំ២០២១ មានការវាយប្រហារព័ត៌មានវិទ្យាយ៉ាងហោចណាស់ក៏៥លើកដែរ ទៅលើប្រព័ន្ធទឹកស្អាតសាធារណៈរបស់សហរដ្ឋអាមេរិក។
ការវាយប្រហារ៤លើក មានពាក់ព័ន្ធទៅនឹងការជម្រិតទារលុយជាថ្នូរ ហើយមួយករណីទៀតនៃហតុការណ៍វាយប្រហារទាំងនោះ គឺមណ្ឌលប្រព្រឹត្តកម្មនៃទឹកសំណល់ ត្រូវបង្ខំឱ្យផ្លាស់ប្តូរមកដំណើរការដោយមនុស្សបញ្ជាវិញ រហូតដល់ប្រព័ន្ធកុំព្យូទ័រត្រូវបានស្តារឡើងវិញ។
ក្នុងករណីការវាយប្រហារលើកទី៥ មានអតីតបុគ្គលិកម្នាក់ បានព្យាយាមមិនបានសម្រេចដើម្បីធ្វើឱ្យទឹកដែលត្រូវបង្ហូរចែកចែកចាយនោះ មានភាពកខ្វក់ ដោយប្រើបណ្ណសម្គាល់អនុញ្ញាតកន្លែងធ្វើការ ដើម្បីចូលទៅក្នុងប្រព័ន្ធចែកចាយទឹក។
នៅក្នុងហេតុការណ៍មួយផ្សេងទៀត កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្រុមអ្នកវាយប្រហារ តាមអនឡាញឬ hackers បានចូលទៅក្នុងប្រព័ន្ធចែកចាយទឹកមួយកន្លែង ដែលផ្តល់ទឹកប្រើប្រាស់ដល់មនុស្សប្រមាណ១ម៉ឺន៥ពាន់នាក់នៅជិតទីក្រុង Tampa ក្នុងរដ្ឋ Florida ដោយមានបំណងដាក់លាយ ល្បាយ មេសាប៊ូចំនួនច្រើនដែលអាចបង្កគ្រោះថ្នាក់ទៅក្នុងទឹកចែកចាយ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ការប៉ុនប៉ងនេះត្រូវបានទប់ស្កាត់និងបញ្ឈប់មុនពេលគ្រោះថ្នាក់កើតឡើង។
ក្រុមមន្ត្រីស៊ើបការណ៍និងសន្តិសុខជាតិអាមេរិក បានព្រមានជាច្រើនលើកច្រើនសារថា វិស័យសំខាន់ៗ ដែលរួមមានទឹកជាដើមផងនោះ អាចស្ថិតក្រោមការវាយប្រហារផ្នែកព័ត៌មានវិទ្យា ពីគូសត្រូវរបស់សហរដ្ឋអាមេរិក។
នៅក្នុងការវាយតម្លៃនៃការគំរាមកំហែងទូទាំងពិភពលោកក្នុងឆ្នាំ២០២២របស់ខ្លួន សហគមន៍ស៊ើបការណ៍សហរដ្ឋអាមេរិក បានព្រមានបន្ថែមថា ប្រទេសចិន អាចព្យាមយាមកេងប្រយោជន៍លើចន្លោះប្រហោងផ្នែកសន្តិសុខព័ត៌មានវិទ្យា ទៅលើហេដ្ឋារចនាសម្ពន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក៕