នៅក្នុងសន្និសីទកាសែតលើកដំបូងបង្អស់របស់ខ្លួននៅថ្ងៃអង្គារនេះតាំងពីពេលចូលកាន់តំណែងមក រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានពន្លះសហរដ្ឋអាមេរិកទាក់ទិននឹងទំនាក់ទំនងទ្វេភាគីដែលកាន់តែយ៉ាប់យ៉ឺនឡើងនិងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកក៏បាននិយាយបញ្ឆិតបញ្ឆៀងផងដែរថា សហរដ្ឋអាមេរិកបានធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងដើម្បីសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយទៅមុខសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។
គោលនយោបាយសហរដ្ឋអាមេរិកសម្រាប់ប្រទេសចិនបាន «ងាកចេញទាំងស្រុងពីគន្លងសមហេតុផលនិងត្រឹមត្រូវ»។ នេះបើតាមការបញ្ជាក់របស់លោក Qin ប្រាប់អ្នកកាសែតនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រទេសចិន ក្នុងសន្និសីទកាសែតផ្លូវការដែលត្រៀមឡើងរបស់លោកតែមួយគត់ក្នុងឆ្នាំនេះ។
លោកបាននិយាយថា រដ្ឋាភិបាលអាមេរិក «មានបំណងបង្អាក់និងជិះជាន់ប្រទេសចិនគ្រប់ទិដ្ឋភាពទាំងអស់ និងធ្វើឱ្យប្រទេសទាំងពីរជាប់គាំងនៅក្នុងការប្រជែងចាញ់ឈ្នះ»។
លោក Qin បានថ្លែងថា៖ «របាំងការពារដែលបង្កើតឡើងនិងការមិនចង់ឱ្យមានជម្លោះដូចដែលសហរដ្ឋអាមេរិកបានលើកឡើងនោះគឺចង់មានន័យថា ប្រទេសចិនគួរតែមិនឆ្លើយតបជាពាក្យសម្ដី ឬសកម្មភាពនៅពេលណាដែលត្រូវគេមួលបង្កាច់ ឬវាយប្រហារ។ នោះជារឿងដែលចិនមិនអាចធ្វើបានទេ»។
លោកបានបន្ថែមថា៖ «ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ឈប់ ហើយនៅតែបន្តបង្កើនល្បឿនតាមគន្លងខុសឆ្គង នោះគ្មានរបាំងការពារណាមួយអាចបង្ការមិនឱ្យធ្លាក់ខុសពីគន្លងបានទេ ហើយជម្លោះ និងការប្រឈមមុខដាក់គ្នាប្រាកដជានឹងកើតឡើង។ ការប្រឈមមុខដាក់គ្នាដូចនេះគឺជាល្បែងដែលគ្មានការគិតពិចារណាត្រឹមត្រូវ ដោយមានហានិភ័យប៉ះពាល់ដល់ផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ និងសូម្បីតែអនាគតនៃមនុស្សជាតិផងដែរ»។
ភាសាខ្លាំងក្លារបស់លោក Qin នេះហាក់ដូចជាផ្ទុយពីការរំពឹងទុកដែលថា ប្រទេសចិនបានលះបង់ចោលការទូតបែប «ចចកចម្បាំង» ដ៏គឃ្លើនរបស់ខ្លួនដើម្បីឱ្យគេមើលមកខ្លួនថាមានលក្ខណៈកណ្ដាលនិយម ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងចិននិងសហរដ្ឋអាមេរិកបានធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រទាក់ទិននឹងបញ្ហាពាណិជ្ជកម្មនិងបច្ចេកវិទ្យា បញ្ហាតៃវ៉ាន់ បញ្ហាសិទ្ធិមនុស្ស និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕
ទីក្រុងប៉េកាំង —