រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានមានប្រសាសន៍នៅថ្ងៃអង្គារនេះក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុនទៅកាន់ប្រទេសអ៊ីរ៉ាក់ថា កងទ័ពសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនោះត្រូវតែផ្តោតលើការគាំទ្រកងទ័ពអ៊ីរ៉ាក់ និងផ្តួលរំលំក្រុមរដ្ឋឥស្លាម ខណៈដែលផ្តោតលើភាពចាំបាច់ឱ្យសន្តិសុខបំពេញបេសកកម្មនោះ។
លោក Austin បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani ថា «កិច្ចសហប្រតិបត្តិការការពារប្រទេសរបស់យើងប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ឬ Daesh ជាសរសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគីរបស់យើង ហើយសហរដ្ឋអាមេរិកនៅតែតាំងចិត្តដល់ការប្រយុទ្ធនេះនៅក្នុងការគាំទ្រសន្តិសុខរបស់អ៊ីរ៉ាក់ និងសន្តិសុខនៅក្នុងតំបន់»។
លោក Austin បានថ្លែងអំណរគុណមេដឹកនាំអ៊ីរ៉ាក់ចំពោះការតាំងចិត្តធ្វើឱ្យប្រាកដថា កងទ័ពចម្រុះដែលប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ាក់នឹងត្រូវបានការពារពីពួកសត្រូវមានប្រទេសនិងសត្រូវគ្មានប្រទេស។
កងទ័ពសហរដ្ឋអាមេរិកនិងស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីបាដាដបានក្លាយជាទីដៅនៃការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតពីពួកកងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិកមានកងទ័ពប្រហែល២ពាន់៥រយនាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ដោយមានបេសកកម្មផ្តល់យោបល់និងជួយកងទ័ពអ៊ីរ៉ាក់នៅក្នុងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម។
ដំណើបំពេញទស្សនកិច្ចរបស់លោក Austin កើតមានឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រ ជាជាតិលោក Antonio Guterres បានសន្យាកាលពីសប្តាហ៍មុនបង្កើនសាមគ្គីភាពជាមួយប្រជាពលរដ្ឋអ៊ីរ៉ាក់ ហើយលោកសង្ឃឹមថា អ៊ីរ៉ាក់នឹងមានសន្តិភាពនិងវិបុលភាពនៅថ្ងៃអនាគតនិងមានស្ថាប័នប្រជាធិបតេយ្យដ៏រឹងមាំមួយ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP AFP និង Reuters។