មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ បានបញ្ចប់ការពិភាក្សាគ្នាលើបញ្ហា«ការទូតនិងសន្តិសុខ» មួយចំនួន ដែលក្នុងនោះក៏រួមមានផងដែរនូវស្ថានភាពក្នុងច្រកសមុទ្រតៃវ៉ាន់ ភាពតានតឹងរវាងអាមេរិកនិងចិនចំពេលដែលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងតៃប៉ិ ក៏ដូចជាការទាក់ទងរបស់តៃវ៉ាន់ទៅកាន់ប្រទេសក្នុងអឺរ៉ុប ដែលកំពុងប្រឈមនឹងការគំរាមកំហែងពីរុស្ស៊ីដែរ។ នេះបើតាមប្រភពការទូតមួយដែលបានប្រាប់វីអូអេនៅថ្ងៃពុធម្សិលមិញ។
កិច្ចប្រជុំជាន់ខ្ពស់ដែលមានសារៈសំខាន់រវាងអាមេរិកនិងតៃវ៉ាន់នេះ កើតមានឡើងក្រោយវេទិកាពិគ្រោះយោបល់មួយរវាងប្រទេសទាំង២ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានអាមេរិកក្នុងកោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមករាកន្លង។
វិទ្យាស្ថានអាមេរិកក្នុងកោះតៃវ៉ាន់ (AIT) ជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តគោលនបាយសហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ នៅក្រោមច្បាប់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ឆ្នាំ១៩៧៩ ដោយសារតែសហរដ្ឋអាមេរិក ពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះនេះ។
ទីប្រឹក្សាសន្តិសុខរងរបស់សេតវិមាន លោក Jon Finer អនុរដ្ឋមន្រ្តីការបរទសអាមេរិកលោកស្រី Wendy Sherman ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកសម្រាប់កិច្ចការសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Ely Ratner និងមន្ត្រីអាមេរិកជាច្រើនរូបទៀត បានជួបពិភាក្សាជាមួយគណៈប្រតិភូកោះតៃវ៉ាន់ ដែលដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិលោក Wellington Koo និងរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់លោក Joseph Wu អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារកន្លងទៅ៕