យោធាសហរដ្ឋអាមេរិកបានប្រាប់ VOA នៅថ្ងៃចន្ទនេះថា ខ្លួនមិនទាន់បានទទួលបញ្ជាឲ្យកាត់បន្ថយចំនួនកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយទេ ហើយខ្លួននៅតែរក្សាការប្ដូរផ្ដាច់ពេញទំហឹងចំពោះដៃគូអាហ្វហ្គានីស្ថានដើម្បីសម្រេចឲ្យបាននូវគោលបំណងសន្តិសុខ។
ប៉ុន្តែ មន្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានបញ្ជាក់ប្រាប់ VOA ថា សហរដ្ឋអាមេរិកមានគម្រោងដកទាហានរាប់ពាន់នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយទទូចថា វិធានការនេះកើតចេញពីការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មានបំណងប្រកាសនៅចុងសប្ដាហ៍នេះអំពីគម្រោងនៅក្នុងការកាត់បន្ថយចំនួនទាហានអាមេរិកាំងដែលឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានប្រហែល ៤ ពាន់នាក់។
លោក Dawa Khan Meenapal អ្នកនាំពាក្យរងរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានប្រាប់ VOA កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «បញ្ហាទាក់ទិននឹងការដកទាហាន ៤ ពាន់នាក់នេះ មិនពាក់ព័ន្ធទៅនឹងការចរចាសន្តិភាពជាមួយនឹងពួកតាលីបង់នោះទេ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឯកភាពគ្នាជាគោលការណ៍រួចហើយ»។
ប្រភពព័ត៌មានពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រាប់ VOA ថា ដំណើរការដកកងទ័ពនេះត្រូវគេរំពឹងថានឹងចាប់ផ្ដើមនៅក្នុងរយៈពេល ៣ ខែខាងមុខនេះ «អាស្រ័យលើស្ថានភាពពិតជាក់ស្ដែង» ទោះបីជាគ្មានការបញ្ជាក់អះអាងផ្លូវការណាមួយពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានភ្លាមៗអំពីពេលវេលានៃការដកកងទ័ពនេះក៏ដោយ។
បច្ចុប្បន្ននេះ មានទាហានអាមេរិកាំងប្រហែល ១ ម៉ឺន ៣ ពាន់នាក់ ឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងកំពុងធ្វើបេសកកម្មប្រឆាំងអំពើភេរវកម្ម បន្ថែមទៅនឹងការផ្ដល់ប្រឹក្សា និងការបណ្ដុះបណ្ដាលដល់ទាហានអាហ្វហ្គានីស្ថានដែលកំពុងប្រយុទ្ធជាមួយនឹងពួកតាលីបង់៕