ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃចន្ទបានទាមទារឲ្យក្រុមអាជ្ញាធរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោះលែងអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកពីរនាក់ជាបន្ទាន់ ដែលអ្នកទាំងពីរនាក់នោះរាយការណ៍អំពីការជាប់ពាក់ព័ន្ធរបស់ក្រុមបំពានផ្លូវភេទកុមារ នៅក្នុងករណីបំពានផ្លូវភេទទៅលើសិស្សសាលាក្មេងៗរាប់រយនាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការការពារសិទ្ធិមនុស្ស Amnesty International បានចោទប្រកាន់ភ្នាក់ងារស៊ើបការសម្ងាត់នៃអគ្គនាយកដ្ឋានសន្តិសុខជាតិរបស់អាហ្វហ្គានីស្ថានហៅកាត់ថា NDS ថាបានចាប់ខ្លួនសកម្មជនឈ្មោះ Mussa Mahmoudi និងឈ្មោះ Ehsanullah Hamidi តាមតែអំពើចិត្ត ដែលអ្នកទាំងពីរនាក់នេះត្រូវបានចាប់ខ្លួននៅខេត្ត Logar ភាគខាងកើត ជាកន្លែងដែលមានករណីរំលោភបំពាននេះកើតឡើង។
ក្រុមអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា សកម្មជនទាំងពីរនាក់នេះត្រូវបានអាជ្ញាធរនៃនាយកដ្ឋាន NDS ចាប់ខ្លួន ខណៈពួកគេកំពុងធ្វើដំណើរទៅជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងនាយកដ្ឋាន NDS មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះទេ។
ថ្លែងនៅក្នុងទីក្រុងកាប៊ុល អតីតប្រធានាធិបតីលោក Hamid Karzai បានអំពាវនាវឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សទាំងពីរនាក់នេះជាបន្ទាន់ ប្រសិនបើនាយកដ្ឋាន NDS ពិតជាបានចាប់ខ្លួនពួកគេមែន។
សកម្មជនឈ្មោះ Mahmoudi និងឈ្មោះ Hamidi នេះបានទទួលការគំរាមកំហែងជាច្រើន រួមទាំងការគំរាមកំហែងពីក្រុមមន្រ្តីថ្នាក់មូលដ្ឋានក្នុងខេត្ត Logar និងការគំរាមកំហែងនៅលើបណ្តាញសង្គម បន្ទាប់ពីពួកគេបានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយបរទេសអំពីករណីរំលោភបំពានផ្លូវភេទលើកុមារ។ នេះបើយោងតាមក្រុមគ្រួសាររបស់អ្នកទាំងពីរ៕