ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ត្រី​សហរដ្ឋ​អាមេរិកប្រាប់តំណាង​រាស្ត្រ​ខ្លួន​ថា​ជំនួយកាត់​ពីអាហ្វហ្គានីស្ថាន​ជំរុញ​រដ្ឋាភិបាល​ឲ្យមានទំនួល​ខុសត្រូវ​


រូបភាពឯកសារ៖ គម្រោង​សាងសង់​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន។
រូបភាពឯកសារ៖ គម្រោង​សាងសង់​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អ្នក​ការទូត​សហរដ្ឋអាមេរិក​ជាន់ខ្ពស់​ម្នាក់បាននិយាយ​ប្រាប់​សមាជិក​សភា​សហរដ្ឋ​អាមេរិកថា​ការ​កាត់​បន្ថយ​ជំនួយ​ជាង​១៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​មានការ​ទទួលខុស​ត្រូវ​ច្រើន​ជាងមុន​ដល់​ពលរដ្ឋ​ខ្លួន​និង​ដល់​សហគមន៍​សាកល។​

លោកស្រី Alice Wells ជា​ឧបការីរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកស្តីទី។​ នៅ​ក្នុង​សវនាការ​មួយ​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ស្តី​ពី​គោលនយោបាយ​អាហ្វហ្គានីស្ថាន​របស់​រដ្ឋាបាល​ Trump លោកស្រី​ Wells បាននិយាយ​ថា៖

«យើង​បាន​ខិតខំ​ព្យាយាមធ្វើឱ្យ​ប្រាកដ​ប្រជាថាកម្រិត​ជំនួយ​ដែល​យើងបានផ្តល់​ឱ្យ​ប្រទេសអាហ្វហ្គានីស្ថាន​បាន​ត្រូវ​រៀប​ចំ​ឡើង​ក្នុងវិធី​មួយ​ដែល​លើក​ទឹក​ចិត្តឱ្យមាន​ការកើនឡើង​នៃវិស័យ​ឯកជននិង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ឱ្យ​បានល្អ​ប្រសើរ​ជាង​មុនដើម្បី​ឱ្យ​រដ្ឋាភិបាល​នេះ​មាន​សមត្ថភាព​ជាងមុន​ក្នុង​ការ​បំពេញ​ការងារ​ទាំងអស់​នៃរដ្ឋ​អធិបតេយ្យមួយ»។

លោកស្រី Wells បាន​ថ្លែង​ថា៖ «នៅ​ពេល​ជាមួយ​គ្នា​នេះ​ វិនិយោគ​របស់​យើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឆ្លុះបញ្ចាំង​កម្រិត​នៃការបណ្តាក់​ទុន​ដោយ​គិតគូរអំពី​ការគំរាមកំហែង​សាកល​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បានប្រកាស​អំពី​ការ​កាត់​បន្ថយ​ជំនួយ​នេះនៅ​មុន​សវនាការ​នេះ​ដោយ​លោក​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ថាពុក​រលួយនិង​គ្មានតម្លាភាព។​

លោក Pompeo បានមានប្រសាសន៍ថា៖​ «យើង​ប្រឆាំង​នឹង​ពួក​ជន​ទាំង​ឡាយ​ណាដែល​ទាញ​យក​អត្ថប្រយោជន៍ពី​តំណែង​មានអំណាច​និង​ឥទ្ធិពល​របស់​ពួក​គេដើម្បី​ដក​ហូត​ពី​ប្រជារាស្ត្រអាហ្វហ្គានីស្ថាននូវ​អត្ថប្រយោជន៍នៃ​ជំនួយ​បរទេស​និង​អនាគត​មួយ​ដែល​សម្បូរ​រុង​រឿង​ជាង​មុន»។

សហរដ្ឋ​អាមេរិកបាន​ចាត់​ប្រាក់​ចំនួន​១០០លាន​ដុល្លារ​ទុក​ដោយ​ឡែក​សម្រាប់​គម្រោងការ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាននិង​ប្រាក់៦០លាន​ដុល្លារទៀត​សម្រាប់​ជំនួយ​ដែល​បានគ្រោង​ទុក​ជា​មុន៕

XS
SM
MD
LG