លទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាសហរដ្ឋអាមេរិកដើម្បីបណ្ដេញប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ចេញពីអំណាចបង្កឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពនៃការបាត់បង់អាយុជីវិតនិងផលវិបាកដែលមិនបានគ្រោងទុកនានា ដែលអាចកើតចេញពីការប្ដេជ្ញាបញ្ជូនកងកម្លាំងអាមេរិកទៅប្រយុទ្ធនិងស្លាប់ក្នុងជម្លោះបរទេសមួយទៀត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា ការប្រើប្រាស់កម្លាំងយោធាសហរដ្ឋអាមេរិកក្នុងប្រទេសវេណេស៊ុយអេឡា គឺជា«ជម្រើសមួយ»។ ប៉ុន្តែ ក្នុងពេលថ្លែងសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធទៅកាន់សភាកាលពីថ្ងៃអង្គារ លោកប្រធានាធិបតីក៏បានសង្កត់បញ្ជាក់អំពីតម្រូវការកាត់បន្ថយការចូលពាក់ព័ន្ធខាងយោធាសហរដ្ឋអាមេរិកដែលចំណាយថវិកាអស់ច្រើននៅជុំវិញពិភពលោក។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមជាបេក្ខជនប្រធានាធិបតី ខ្ញុំបានសន្យាថានឹងប្រើប្រាស់វិធីសាស្ត្រថ្មីមួយ។ ជាតិសាសន៍ដែលអស្ចារ្យមិនដែលធ្វើសង្គ្រាមឥតឈប់ឈរនោះទេ»។
មន្ត្រីសេតវិមានបានបញ្ជាក់ថា គោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡាគឺការផ្ទេរអំណាចដោយសន្តិវិធី៕