ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Guaido ចោទ​ប្រកាន់​លោក Maduro ពី​ការ​ព្យាយាម​បញ្ជូន​ប្រាក់​១ពាន់​២រយ​លាន​ដុល្លារ​ទៅ​ប្រទេស​អ៊ុយរូហ្គាយ


លោក Juan Guaido ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​រដ្ឋសភា នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Juan Guaido ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​រដ្ឋសភា នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Juan Guaido មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​ប្រធានាធិបតី​អន្តរកាល​ដែលប្រកាស​ដោយ​ខ្លួន​ឯង​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ប្រធានា​ធិបតី Nicolas Maduro ​កំពុង​ព្យាយាម​ផ្ទេរ​ប្រាក់​រហូត​ដល់​១ពាន់​២​រយ​លាន​ដុល្លារ​ទៅ​ធនាគារ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយរូហ្គាយ។

​ថ្លែងនៅ​តាម​ទូរទស្សន៍​ជាតិ​បន្ទាប់​ពី​ប្រទេស​ជាង​១០​នៅ​អឺរ៉ុប ​បាន​ទទួល​ស្គាល់​លោក​ជា​ផ្លូវ​ការ​ថា ជា​មេដឹកនាំ​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា ​លោក Guaido​ បាន​អះអាងដោយ​មិន​មាន​ភស្តុតាងថា ​លោក Maduro ​បានផ្ទេរ​ប្រាក់ពី​ធនាគារ ​Banders ដែល​ជា​ធនាគារ​អភិវឌ្ឍន៍​របស់​រដ្ឋ​ទៅ​អង្គភាព​ហិរញ្ញវត្ថុ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយរូហ្គាយ។

​លោក Mike Pompeo ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​និយាយថា ​សហ​រដ្ឋ​អាមេរិក​ដែល​ទទួល​ស្គាល់​លោក​ Guaido ​ជា​ប្រធានា​ធិបតីកាល​ពី​សប្តាហ៍​មុន ​បាន​ស្វាគមន៍​ការ​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទរបស់​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប ​រួមមាន​ប្រទេស​អូទ្រីស ​បារាំង អាល្លឺម៉ង់ ស៊ុយអែត ​និងចក្រភព​អង់គ្លេស។

​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ Pompeo ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា «យើងក៏បាន​ទទួល​ការ​លើក​ទឹក​ចិត្តពី​ការ​សម្រេច​នៅ​ថ្ងៃ​ទី៣១ ​ខែ​មករារបស់​សភា​អឺរ៉ុប​ដែល​ទទួល​ស្គាល់​លោក Juan Guaido ជា​ប្រធានា​ធិបតី​អន្តរកាល។ ​ពួកគេ​ចូល​រួម​ជាមួយ​សហរដ្ឋ​អាមេរិកហើយ​និង​ប្រទេស​ជាង​២៣​ទៀត​ក្នុងការ​ទទួល​ស្គាល់​លោក Juan Guaido ជា​ប្រធានា​ធិបតី​អន្តរកាល ​ស្រប​ទៅ​តាមរដ្ឋ​ធម្មនុញ្ញ​របស់​ប្រ​ទេស​វ៉េណេស៊ុយអេឡា»។

​សេចក្តី​ប្រកាស​ទាំង​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន​បាន​ផ្តល់ពេល​វេលា​ឲ្យ​លោក Maduro ធ្វើ​ការ​បោះឆ្នោត​ដោយ​សេរី​និងយុត្តិធម៌ បើពុំ​ដូច្នេះ​ទេ នឹង​ទទួល​ស្គាល់​លោក Guaido ដែល​បាន​ប្រកាស​ខ្លួន​លោក​ជា​ប្រធានា​ធិបតី​អន្តរកាល​កាល​ពី​ខែមករា ​ជា​មេដឹកនាំរបស់​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង៕

XS
SM
MD
LG