ការទទួលស្គាល់លោក Juan Guaidó ជាប្រធានាធិបតីស្តីទីប្រទេសវ៉េណេស៊ុយអេឡាដោយប្រទេសជាច្រើននៅអឺរ៉ុបកាលពីសប្តាហ៍មុន ប្រហែលជានឹងធ្វើឲ្យលោក Nicolas Maduro កាន់តែឯកោ ប៉ុន្តែភាពស្ទាក់ស្ទើររបស់ពួកមេដឹកនាំប្រទេសមួយចំនួននៅអឺរ៉ុបចំពោះការគាំទ្រដល់ចំណាត់ការនេះ ប្រហែលជាទុកពេលឲ្យលោក Maduro អាចធ្វើការប្រមូលផ្តុំកម្លាំង និងធ្វើការបង្ក្រាបជាថ្មីប្រឆាំងនឹងក្រុមជំទាស់នៅក្នុងប្រទេស។ នេះបើយោងតាមអ្នកវិភាគ។
នៅពេលដែលលោក Guaidó ប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡាកាលពីថ្ងៃទី២៣ ខែមករា កន្លង ដោយភ្លាមៗនោះលោកទទួលបានការទទួលស្គាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងរដ្ឋាភិបាលប្រទេស១៤ នៅទ្វីបអាមេរិកឡាទីនដែលបានប្រកាសថ្កោលទោសទង្វើរបស់លោក Maduro ថាជាការឈានទៅរករបបផ្តាច់ការ។ នៅសប្តាហ៍នេះលោកប្រធានាធិបតី Donald Trump បានថ្លែងថាអន្តរាគមន៍ពីកងទ័ពសហរដ្ឋអាមេរិកនៅតែជាជម្រើសមួយដដែល។
បណ្តាប្រទេសអឺរ៉ុបនានាបានរង់ចាំរហូតដល់ថ្ងៃទី៤ ខែកុម្ភៈ នៅពេលដែលនាយករដ្ឋមន្រ្តីប្រទេសអេស្ប៉ាញលោក Pedro Sánchez ថ្លែងសុន្ទរកថាដោយប្រុងប្រយ័ត្នមួយទទួលស្គាល់លោក Guaidó ជាប្រធានាធិបតីស្តីទី ខណៈទទូចឲ្យមានការបោះឆ្នោតក្នុងរយៈពេលឆាប់ៗបើអាចទៅបាន ការពារសុវត្ថិភាពក្នុងប្រទេសវ៉េណេស៊ុយអេឡានិងប្រឆាំងនឹងការធ្វើអន្តរាគមន៍ពីខាងក្រៅ និងស្នើឲ្យភាគីទាំងអស់បើកការចរចាជាមួយលោក Maduro៕