មានភាពតានតឹងខ្លាំងនៅក្នុងក្រុងព្រំដែន Cucuta នៃប្រទេសកូឡុំប៊ី នៅពេលដែលឡានធុនធំដំបូងដឹកជំនួយស.រ.អា.បានទៅដល់ទីនោះកាលពីថ្ងៃព្រហស្បតិ៍ដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសវេណេស៊ុយអេឡា។
ឡានធុនធំៗពីរគ្រឿងមានដឹកម្ហូបអាហារសម្រាប់គ្រាមានអាសន្ន គ្រឿងផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រនិងជំនួយមនុស្សធម៌ឯទៀតៗកំពុងរង់ចាំការអនុញ្ញាតពីប្រធានាធិបតី Nicolas Maduro ដែលមានបញ្ហាដើម្បីបើកចូលក្នុងប្រទេសនេះ។
លោក Maduro បានច្រានចោលជំនួយនេះហើយបានបញ្ជាដល់ពួកទាហានឱ្យបញ្ឈប់ការផ្គត់ផ្គង់ជំនួយនេះមិនឱ្យឆ្លងតាមស្ពានមួយរវាងប្រទេសកូឡុំប៊ី និងប្រទេសវេណេស៊ុយអេឡ ដោយលោកបាននិយាយថា គ្មានវិបត្តិមនុស្សធម៌ក្នុងប្រទេសវេណេស៊ុយអេឡា ទេ។
កងកម្លាំងសន្តិសុខនៃប្រទេសវេណេស៊ុយអេឡា បានរាំងខ្ទប់ផ្លួវឆ្លងកាត់ព្រំដែនមានបីគន្លងពីក្រុង Cucuta ដោយប្រើកុងតឺន័រដឹកទំនិញតាមកប៉ាល់ពីរនិងឡានសាំងមួយគ្រឿង។ ពួកសកម្មជនសិទ្ធិមនុស្សនិងពួកពលរដ្ឋវេណេស៊ុយអេឡា
ប្រមូលផ្តុំគ្នានៅកន្លែងឆ្លងកាត់ព្រំដែននោះដោយទាមទារឱ្យលោក Maduro អនុញ្ញាតឱ្យជំនួយគ្រាមានអាសន្ននេះឆ្លងកាត់ស្ពានដែលភ្ជាប់ប្រទេសទាំងពីរនេះ។
លោក Juan Guaido មេដឹកនាំពួកប្រឆាំងដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន បានសុំជំនួយនេះដោយលោកបានព្រមានថា ប្រជារាស្ត្រវេណេស៊ុយអេឡាច្រើននាក់ប្រឈមនឹងការប្រថុយប្រថានធ្ងន់ធ្ងរបើគ្មានជំនួយអន្តរជាតិទេនោះ។
ក្រសួងការបរទេសស.រ.អា.ដែលផ្តល់ជំនួយទាំងនេះបានអំពាវនាវដល់កងកម្លាំងសន្តិសុខវេណេស៊ុយអេឡាឱ្យអនុញ្ញាតឱ្យការផ្គត់ផ្គង់ទាំងនេះចូលក្នុងប្រទេសបាន។
អ្នកនាំពាក្យម្នាក់របស់លោកអគ្គលេខាធិការអ.ស.ប. Antonio Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ជំនួយមនុស្សធម៌មិនគួរត្រូវប្រើជាកូនអុកខាងនយោបាយជាដាច់ខាត» ហើយការផ្តល់ជំនួយនេះត្រូវតែធ្វើទៅតាមគោលការណ៍នៃមនុស្សធម៌ អព្យាក្រឹតភាព, ភាពគ្មានលម្អៀងនិងឯករាជ្យភាព៕