កាលពីថ្ងៃព្រហស្បតិ៍ លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារស.រ.អា.បានមានប្រសាសន៍ថា ក្រុមយោធាកំពុងស៊ើបអង្កេតការស្លាប់នៃទាហានអាមេរិកាំងបួននាក់នៅក្នុងប្រទេសនីហ្សេ ក្នុងទ្វីបអាហ្វ្រិក កាលពីដើមខែនេះដោយកណ្តាប់ដៃពួកឥស្លាមជីហាដ។
លោក Mattis បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតថា៖ «ការស៊ើបអង្កេតពេញលេញកំពុងមានធ្វើ»អំពីឧប្បត្តិហេតុនេះ ដូចក្នុងករណីនៅពេលណាមានទាហានអាមេរិកាំងណាម្នាក់បានត្រូវសម្លាប់ ហើយក្រុមយោធានឹងផ្សព្វផ្សាយព័ត៌មានថ្មីដែលពួកគេបានទទួលឲ្យទាន់ពេលវេលា។
លោក Mattis បាននិយាយថា៖ «យើងនៅក្នុងក្រសួងការពារប្រទេស ចង់ដឹងអំពីអ្វីដែលយើងត្រូវនិយាយ មុនពេលយើងនិយាយវាចេញ។ យើងមិនទាន់មានព័ត៌មានត្រឹមត្រូវទាំងអស់នៅឡើយទេ។ យើងនឹងផ្សព្វផ្សាយព័ត៌មានយ៉ាងឆាប់រហ័សនៅពេលយើងទទួលព័ត៌មានទាំងនេះ»។
ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានស្ទាក់វាយប្រហារកងកម្លាំងស.រ.អា.និងនីហ្សេ នៅក្នុងការបាញ់កាំភ្លើងតគ្នាកាលពីថ្ងៃទី៤ខែតុលា ដែលបានបណ្តាលឱ្យបុគ្គលិកសន្តិសុខនៃប្រទេសនីហ្សេង បួននាក់ស្លាប់ផងដែរ។
បើតាមមន្ត្រីស.រ.អា.ម្នាក់ដែលបាននិយាយជាមួយវីអូអេដោយមាសុំមិនឱ្យញ្ចេញឈ្មោះដោយសារការស៊ើបអង្កេតកំពុងមានធ្វើ បានឲ្យដឹងថាកងកម្លាំងពិសេសនៃកងទ័ពជើងគោកស.រ.អា.ដែលគេស្គាល់ថាជាពួកមួកបេរ៉េបៃតងឬភាសាអង់គ្លេសហៅថា Green Berets បានបញ្ចប់ការប្រជុំមួយជាមួយពួកមេដឹកនាំក្នុងមូលដ្ឋាននៅពេលពួកគេបានត្រូវវាយប្រហារ៕