មន្រ្តីនានារបស់ប្រទេសឆាដ (Chad) បានថ្លែងថា ជនបោកគ្រាប់បែកអត្តឃាតចំនួន៣នាក់បានធ្វើការវាយប្រហារនៅក្នុងផ្សារមួយក្នុងប្រទេសឆាដ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២៧នាក់។
ការវាយប្រហារនេះបានកើតមានឡើងនៅលើកោះមួយតាមបណ្តោយប៉ែកខាងលិចឆ្នេរនៃតំបន់បឹងឆាដ ដែលតែងតែមានផ្សារមួយដំណើរការនៅទីនោះជារៀងរាល់សប្តាហ៍។ ព្រំប្រទល់នៃប្រទេសនីហ្សេរីយ៉ា (Nigeria) ប្រទេសកាមេរូន (Cameroon) និងប្រទេសនីហ្សេ (Niger) សុទ្ធតែស្ថិតនៅជាប់នឹងឆ្នេរនៃតំបន់បឹងឆាដនេះ។
ជនដែលធ្វើការវាយប្រហារនេះមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ ក៏ប៉ុន្តែអាជ្ញាធរបានកត់ចំណាំនូវក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម (Boko Haram) ដែលបានធ្វើការបោកគ្រាប់បែកនៅក្នុងតំបន់នេះនាពេលថ្មីៗនេះ។ មានមនុស្សចំនួន៤៧នាក់បានស្លាប់នៅក្នុងការបោកគ្រាប់បែកអត្តឃាតចំនួន២គ្រាប់កាលពីពាក់កណ្តាលខែតុលាកន្លងមកនេះ ដែលបានធ្វើឲ្យមានការថ្កោលទោសពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ខណៈដែលមនុស្សជាច្រើនដែលរស់នៅតំបន់បឹងឆាដគឺជាជនភៀសខ្លួន។
មន្រ្តីនានារបស់ប្រទេសឆាដ ដែលបានប៉ាន់ស្មានថា មានជនភៀសខ្លួនប្រមាណ៦ម៉ឺននាក់រស់នៅក្បែរកោះនានានៃតំបន់បឹងឆាដនេះ បានធ្វើការព្រមានដល់ប្រជាជនទាំងអស់ឲ្យប្រយ័ត្នប្រយែង។ មន្ត្រីទាំងនោះបានបន្ថែមថា រដ្ឋាភិបាលកំពុងតែចាប់ផ្តើមដាក់កងកម្លាំងយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមបូកូហារ៉ាមនេះ។ ការបោកគ្រាប់បែករបស់ក្រុមសកម្មប្រយុទ្ធនាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ជាការវាយប្រហារតបតមកវិញរបស់ក្រុមនេះ។
អំពើហិង្សានេះបានកើតឡើងនៅក្បែរព្រំប្រទល់ជាមួយនឹងប្រទេសនីហ្សេរីយ៉ា ប្រទេសកាមេរូន និងប្រទេសនីហ្សេ នៅតាមបណ្តោយឆ្នេរនៃតំបន់បឹងឆាដ៕