ជាការពិតណាស់ ដែលថាការប្រយុទ្ធដណ្ដើមយកឯករាជ្យរបស់អាមេរិកគឺជារឿងដ៏ល្អបំផុតមួយរបស់ប្រវត្តិប្រទេសនេះ។ ប៉ុន្តែពេលខ្លះ ការក្លាយខ្លួនជាប្រទេសមួយ មិនមែនដោយសារបដិវត្តន៍នោះទេ ប៉ុន្តែជាការចង់បានការគ្រប់គ្រងប្រទេសតាមបែបការិយាធិបតេយ្យ។ ក្រៅពីទឹកដី ប្រជាជន និងរដ្ឋាភិបាល ប្រទេសមួយត្រូវការការទទួលស្គាល់លើឆាកអន្តរជាតិ។ នៅលើផែនទីក្នុងពេលបច្ចុប្បន្ន មានទឹកដីជាច្រើនកន្លែងដែលមិនមែនជារដ្ឋ ប៉ុន្តែចង់ក្លាយខ្លួនជារដ្ឋ។ ខណៈពេលដែលយើងធ្លាប់តែលឺក្នុងព័ត៌មានពីតំបន់មួយចំនួន មានទឹកដីជាច្រើនដែលពុំសូវមានគេស្គាល់ ឬមិនត្រូវបានគេស្គាល់តែម្ដង។ មានសៀវភៅថ្មីមួយក្បាល ដែលនាំយើងទៅកាន់ទឹកដីប្រមាណ ៥០ កន្លែង ដែលកំពុងព្យាយាមតស៊ូ ឲ្យក្លាយជាប្រទេសដែលគេទទួលស្គាល់។
រឿងចុងក្រោយ ដែលអ្នកថតរូប និងអ្នកនិពន្ធជនជាតិអង់គ្លេស លោក Nick Middleton រំពឹងថា នៅពេលដែលលោកអានសៀវភៅកុមារ ឲ្យកូនស្រីលោកស្តាប់ វាអាចបើកទំព័រថ្មីនៃពិភពលោក សម្រាប់លោកដើម្បីស្វែងយល់។
លោក Middleton និយាយថា៖ «រឿងសត្វតោ ឬ The Lion និង មេធ្មប់ និងទូខោអាវ ឬ The Witch and The Wardrobeដែលគំនិតសំខាន់នៃរឿងផ្ដោតទៅលើ ទឹកដីអាថ៌កំបាំងនៅខាងក្រោយទូខោអាវ នៅក្នុងផ្ទះបុរាណរបស់ប្រជាជនអង់គ្លេសក្នុងទីជនបទមួយ។ រឿងនេះគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់ កូនស្រីខ្ញូំ ហើយក៏គួរឲ្យចាប់អារម្មណ៍ណាស់ដែរសម្រាប់ខ្ញុំ»។
វាមិនមែននៅក្នុងរឿងគំនូរជីវចល Narnia ដែលនិយាយពីមនុស្សចម្លែក និងជីវិតរបស់សត្វនោះទេ ប៉ុន្តែនៅក្នុងសៀវភៅ Isle of Man ដែលលោក Middleton រកឃើញថាមានប្រទេសជាច្រើន ដែលប្រទេសទាំងនោះ មិនត្រូវបានគេគិតថា មាននៅក្នុងពិភពលោកនេះឡើយ។
លោក Middleton ថា៖ «វាជាទឹកដីចម្លែក ពីព្រោះវាមិនមែនជាផ្នែក នៃចក្រភពអង់គ្លេស ហើយវាក៏មិនមែនជាផ្នែកមួយនៃសហភាពអឺរ៉ុបដែរ ប៉ុន្តែពួកគេប្រើប្រាក់ផោនរបស់អង់គ្លេស ពួកគេកាន់លិខិតឆ្លងដែនស្រដៀងគ្នានឹងលិខិតឆ្លងដែនរបស់ចក្រភពអង់គ្លេស ប៉ុន្តែមានកម្រិតស្វ័យភាពយ៉ាងល្អប្រសើរ។ ការពិតទៅប្រទេស Isle of Man មានសភាដ៏ចំណាស់មួយកំពុងដំណើរការ ដែលសភានេះមានតាំងពីសតវត្សទី ៨ មកម្លេះ ប្រសិនបើអ្នកជឿរឿងនេះ។ ដូច្នេះ វាជាទឹកដីដ៏ចម្លែកមួយ។ វាមានស្វ័យភាពខ្ពស់ ប៉ុន្តែវាមិនមែនជាទឹកដីដាច់ដោយឡែក»។
Isle of Man គឺជាទីកន្លែងមួយដែល លោក Middleton បញ្ចូលទៅក្នុងសៀវភៅរបស់លោក មានចំណងជើងថា៖ The Atlas of Countries that Don't Exist: A Compendium of Fifty Unrecognized and Largely Unnoticed States មានន័យជាភាសាខ្មែរថា «សៀវភៅផែនទីនៃប្រទេសដែលមិនមាន៖ សេចក្ដីសង្ខេបនៃប្រទេសប្រទេសដែលមិនត្រូវបានគេចាប់អារម្មណ៍ និងទទួលស្គាល់»។
សៀវភៅផែនទីដែលរួមបញ្ចូលទីកន្លែងដែលធ្លាប់ត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មានដូចជា Northern Cryprus ឬ ស៊ីបខាងជើង Catalonia និងទឹកដីជាច្រើនដែលមិនធ្លាប់ត្រូវបានគេចុះផ្សាយ ដូចជា Christiania ((kris-chee-AN-ee-uh)) ដែល ជារដ្ឋឯករាជ្យមួយនៅក្នុងប្រទេសដាណឺម៉ាក។ Forvik កោះ Shetlandជាកោះដែលបង្កើតឡើងដោយនាវិកជនជាតិអង់គ្លេសម្នាក់។ និង Seborga ((see-BOR-guh)) ជារដ្ឋមួយដែលប្រកាសឯករាជ្យពីប្រទេសអ៊ីតាលី បន្ទាប់ការធ្វើប្រជាមតិមួយក្នុងឆ្នាំ ១៩៩៥។
លោក Middlteton បញ្ជាក់ថា៖ «ការទទួលស្គាល់គឺជាបញ្ហាដ៏សំខាន់មួយ ដែលប្រទេស ឬក៏រដ្ឋដែលចង់ឲ្យគេទទួលស្គាល់នេះ ចង់បាន នៅក្នុងកម្រិតមួយដែលមានទឹកដីខ្លះ បានបង្កើតអង្គការដូចគ្នា ដើម្បីទទួលស្គាល់គ្នាទៅវិញទៅមកជាលក្ខណៈការទូត។ ដូច្នេះទើបមានអង្គការសហប្រជាជាតិនៃជនជាតិដើម ហៅកាត់ថា UUN ដែលមានចំនួនសមាជិកជាច្រើន។ មិនតែប៉ុណ្ណោះក៏មានអង្គការប្រជាជាតិដែលគ្មានអ្នកតំណាងក្នុងអង្គការសហប្រជាជាតិ ហៅកាត់ថា UNPOដែលមានចំនួនសមាជិកស្ទើរតែប្រហែលគ្នា»។
មានប្រទេសចំនួន ៥៤ នៅក្នុងទ្វីបអាហ្រ្វិក រួមទាំងកោះ Mayotte ((My YAHT)) នៃមហាសមុទ្រឥណ្ឌា ទាមទារដោយប្រទេសកូម័រ ដែលបានជ្រើសរើសបោះបង់ចោលឯករាជ្យពីបារាំងក្នុងឆ្នាំ ១៩៧៥។ Barotseland ((bah-ROT-see-land)) ជាព្រះរាជាណាចក្រមួយ ស្ថិតនៅចន្លោះព្រំដែនប្រទេសសំប៊ី និងអង់ហ្គោឡា។ Ogoniland (oh-GO-nee-land)) ជនជាតិដើមនៃព្រះរាជាណាចក្រ Niger Delta និងប្រទេស Somaliland។
លោក Middleton បន្តថា៖ «សូម៉ាលីក្នុងនាមមានជាប្រទេសឯករាជ្យក្នុងឆ្នាំ ១៩៦០។ វាត្រូវបានគេដាក់បញ្ចូលគ្នា រវាងជនជាតិភាគតិចសូម៉ាលី ដែលបានរស់នៅលើទឹកដីដែលគេស្គាល់ឈ្មោះថា British Somaliland និង Italian Somaliland។ ពួកគេរស់នៅជាមួយគ្នាក្នុងនាម ជា Somalia រហូតដល់ប្រទេសមួយនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ ហើយនៅក្នុងឆ្នាំ ១៩៩១ Somaliland ខាងជើង បែកចេញពី Somaliland ខាងត្បូង។ បន្ទាប់ពីនោះមក ប្រទេសទាំងពីរនេះបានដំណើរការប្រទេសរបស់ខ្លួនបានយ៉ាងល្អ មានសន្តិភាព ស្ថិរភាព។ ពួកគេមានការបោះឆ្នោតប្រជាធិបតេយ្យ មានរូបិយប័ណ្ណផ្ទាល់ខ្លួន មានប៉ូលិសរៀងខ្លួន មានសាលារៀន ប៉ុន្តែគ្មានប្រទេសដទៃណាក្នុងពិភពលោកទទួលស្គាល់ពួកគេឡើយ»។
ប្រទេសទាំងអស់នៅក្នុងសៀវភៅរបស់លោក Middleton បន្តការតស៊ូ ដើម្បីឲ្យគេចាប់អារម្មណ៍ និងទទួលស្គាល់ ប៉ុន្តែអ្នកនិពន្ធរូបនេះបញ្ជាក់ថា មានតែប្រទេសមួយប៉ុណ្ណោះក្នុងចំណោមពួកគេ ដែលទំនងជាអាចសម្រេចគោលដៅនេះបាន។ ប្រទេសមួយនេះគឺ កោះមួយនៅក្នុងតំបន់ Greenland ជាទឹកដីស្វយ័តរបស់ព្រះរាជាណាចក្រដាណឺម៉ាក នៅឆ្នេរសមុទ្រអាត្លង់ទិចភាគខាងជើងប្រទេសកាណាដា។
លោក Middleton និយាយថា៖ «ទឹកដីដែលមិនមែនជាប្រទេសទាំង ៥០ ដែលខ្ញុំបានសរសេរនោះ ខ្ញុំសង្ស័យថា Greenland មានឱកាសទទួលបានឯករាជ្យល្អជាងគេ។ វាប្រហែលជាអាចកើតឡើងក្នុងពេលដែលយើងនៅមានជីវិត។ ពេលដែលយើងគួរផ្ដោតអារម្មណ៍នោះគឺឆ្នាំ 2021 ពីព្រោះវាជាខួប ៣០០ឆ្នាំនៃការចាប់ផ្ដើមដាក់អាណានិគមរបស់ដាណឺម៉ាកមកលើ Greenland»។
ពាក្យចាស់ពោលប្រវត្តិសាស្ត្រគឺចារដោយអ្នកឈ្នះ ប៉ុន្តែវាប្រហែលជាចារដោយអ្នកដែលបង្កើតផែនទីទៅវិញទេ។ លោក Nick Middleton និយាយថាសៀវភៅរបស់លោកសរសេរឡើង ក្នុងគោលបំណងចង់ឲ្យទឹកដីមួយចំនួនដែលពុំមានអ្នកស្គាល់ និងប្រទេសក្រៅផ្លូវការទាំងនេះ បន្តខំប្រឹងតស៊ូ ដើម្បីមានវត្តមានលើផែនទីពិភពលោកនៅថ្ងៃណាមួយ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា